រាជធានីភ្នំពេញ ៖ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ កាលពីរសៀលថ្ងៃទី២៣ មេសា បានរៀបចំបើកវគ្គបំប៉នស្តីពីផែនការ និងទ្រឹស្តីហ្វឹកហាត់ដល់គ្រូបង្វឹក-គ្រូជំនួយ និងអនុរក្សដែលជាអ្នកពាក់ព័ន្ធយ៉ាងសំខាន់ក្នុងការដឹកនាំគ្រប់គ្រង និងវាយតម្លៃចំពោះការហាត់ និងបង្ហាត់ក្រុមកីឡាករជម្រើសជាតិនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ដែលស្ថិតក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ។
ពិធីបើកវគ្គបំប៉ននេះ បានទទួលការអញ្ជើញចូលរួមជាអធិបតីពីលោក អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយមានការចូលរួមពីសិក្ខាកាមដែលជាគ្រូបង្វឹក-គ្រូជំនួយ និងអនុរក្សចំនួន៨០នាក់។ បើតាមរបាយការណ៍របស់លោក ប៉ុន សុខ ដែលជាប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា បានឱ្យដឹងថា វគ្គសិក្សានេះមានរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់២៥ មេសា មានសិក្ខាកាមចូលរួមសរុបចំនួន៨០នាក់ ក្នុងនោះជាគ្រូបង្វឹក គ្រូជំនួយចំនួន៥៨នាក់ ដែលមកពីសហព័ន្ធកីឡាជាតិចំនួន២១ និងអនុរក្សចំនួន២២នាក់ ។
សម្រាប់វាគ្មិនដែលជាគ្រូឧទ្ទេសនៅក្នុងវគ្គនេះមានចំនួន៥រូប គឺលោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, លោក អ៊ុក សិទ្ធិជាតិ, លោក វ៉ាត់ ចំរើន, លោកវេជ្ជបណ្ឌិត ស្តើង ជា ប្រធានអនុគណៈកម្មការពេទ្យអមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោក កែវ សារ៉េត ។
ចំពោះវគ្គនេះ ត្រូវសិក្សាទៅលើការរៀបចំផែនការហ្វឹកហាត់ និងបង្ហាត់ដែលមានរយៈពេល៧ខែ, ការអនុវត្តផែនការរយៈពេល៧ខែ, បទបញ្ជាផ្ទៃក្នុងនៃការគ្រប់គ្រងក្រុមជម្រើសជាតិក្នុងមណ្្ឌលប្រមូលផ្តុំ, យន្តការនៃការគ្រប់គ្រងការប្រមូលផ្តុំ, នីតិវិធីនៃការផ្លាស់ប្តូរគ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិ, ការវាយតម្លៃក្នុងសៀវភៅតាមដាន, របបចំណីអាហារ, វិធីសាស្ត្រ និងចិត្តសាស្ត្រ, ការយល់ដឹងពីរាងកាយ និងចលនា, ការយល់ដឹងពីអនាម័យកីឡា, ការសង្គ្រោះបឋម និងការយល់ដឹងពីការប្រឆាំងសារធាតុដូប៉ា(ថ្នាំលើកកម្លាំង) ក្នុងវិស័យកីឡា ។
លោក អ៊ុក សិទ្ធិជាតិ មានប្រសាសន៍ថា សម្រាប់ការចូលរួមវគ្គបំប៉នរបស់គ្រូបង្វឹក គ្រូជំនួយ និងអនុរក្ស ពេលនេះពិតជាតម្លៃណាស់សម្រាប់ក្រេបយកចំណេះដឹងថ្មីៗបន្ថែមទៀត ស្តីពីការរៀបចំផែនការ និងអនុវត្តផែនការគួបផ្សំនឹងវិធីសាស្ត្រចិត្តសាស្ត្រ គរុកោសល្យធ្វើឱ្យការហ្វឹកហាត់ ហ្វឹកហ្វឺន មានគុណភាព និងប្រសិទ្ធភាព ដើម្បីទទួលនូវលទ្ធផលល្អ សំដៅរួមចំណែកលើកស្ទួយកិត្តិយស កិត្យានុភាពរបស់ជាតិលើឆាកអន្តរជាតិ ។ លោកបញ្ជាក់បន្ថែមថា វគ្គនេះត្រូវបានបែងចែកជាពីរផ្នែកធំៗគឺ ការៀបចំផែនការហ្វឹកហាត់ដែលជាវិធីសាស្ត្រ ជាសិល្បៈនៃការប្រើប្រាស់វិទ្យាសាស្ត្រក្នុងការរៀបចំរចនាសម្ព័ន្ធហ្វឹកហាត់ ដើម្បីសម្រេចបានលទ្ធផលល្អ និងប្រសិទ្ធផលកម្រិតខ្ពស់ ។ ការអនុវត្តផែនការហ្វឹកហាត់ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ អនុវត្តឱ្យបានត្រឹមត្រូវទៅតាមផែនការដែលបានរៀបចំឱ្យមានប្រសិទ្ធភាព ។
សូមបញ្ជាក់ផងដែរថា អត្តពលិកជម្រើសជាតិកម្ពុជា នឹងធ្វើការប្រមូលផ្តុំហ្វឹកហាត់រយៈពេល៧ខែ គឺចាប់ពីថ្ងៃទី១ ឧសភា ដល់ថ្ងៃទី៣០ វិច្ឆិកា ២០១៤ ខាងមុខ ដើម្បីត្រៀមលក្ខណៈចូលរួមប្រកួតកីឡាអូឡាំពិកយុវជនលើកទី២ នៅទីក្រុងណានជីង ប្រទេសចិន ប្រកួតកីឡាអាស៊ីហ្គេមលើកទី១៧ នៅទីក្រុង In Cheon ប្រទេសកូរ៉េ ព្រមទាំងប្រកួតកីឡាសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍លើកទី១៧ នៅប្រទេសឥណ្ឌូណេស៊ី និងត្រៀមខ្លួនចូលរួមប្រកួតព្រឹត្តិការណ៍អន្តរជាតិ ផ្សេងៗគ្នាជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ