រដ្ឋមន្ត្រីថាមពលអ៊ុយក្រែន លោកយូរី ប្រូដាន ប្រកាសកាលពីថ្ងៃទី៩ មេសា ថា អ៊ុយក្រែន ផ្អាកនាំចូលឧស្ម័នធម្មជាតិរុស្សុី ចាប់ពីថ្ងៃទី១ មេសា មក ក្រោយការដំឡើងថ្លៃ ។ ក្នុងសន្និសីទសារព័ត៌មានមួយ លោកប្រូដាន និយាយថា យើងផ្អាកនាំចូលឧស្ម័នរុស្សុី ចាប់ពីពេលនេះទៅ ប៉ុន្តែយើងនៅមានពេលនាំចូលវិញ បើមានតម្លៃសមស្រប ។
ក្រុមហ៊ុនឧស្ម័នយក្សរុស្សុី GAZPROM បានលុបចោលការបញ្ចុះតម្លៃឧស្ម័នដល់អ៊ុយក្រែន ដោយលើកហេតុផលពីការមិនគោរពកាតព្វកិច្ចរបស់អ៊ុយក្រែន ក្នុងការសងបំណុល និងមកពីកាលៈទេសៈផ្លាស់ប្តូរនៅគ្រីមេ ។ ប្រទេសរុស្សុី កំណត់តម្លៃឧស្ម័នលក់ឱ្យអ៊ុយក្រែន៤៨៥ដុល្លារ ក្នុង១.០០០ម៉ែត្រគូប ។ លោកប្រូដាន គូសបញ្ជាក់ថា ប្រទេសរបស់លោកត្រៀមនាំចូលឧស្ម័នរបស់ GAZPROM ឡើងវិញ ប្រសិនបើក្រុងមូស្គូ យល់ព្រមលក់ក្នុងតម្លៃត្រឹម៣៨៥ដុល្លារ ក្នុង១.០០០ម៉ែត្រគូប ។
មកដល់ដើមខែមេសា បំណុលរបស់អ៊ុយក្រែន ដែលជំពាក់រុស្សុី ចំពោះការផ្តល់ឧស្ម័នឡើងដល់២ពាន់លានដុល្លារឯណោះ ។
កាលពីឆ្នាំ២០១០ រុស្សុី និងអ៊ុយក្រែន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឧស្ម័នមួយជាថ្នូរនឹងការពន្យារពេល២៥ឆ្នាំទៀត ដល់កុងត្រាជួលមូលដ្ឋានសម្រាប់កងនាវាចរណ៍សមុទ្រខ្មៅរបស់ខ្លួននៅគ្រីមេ ។ វិមានក្រឹមឡាំង ឱ្យដឹងថា កិច្ចព្រមព្រៀងនោះលែងមានសុពលភាពទៀតហើយ ព្រោះតំបន់គ្រីមេ បានភ្ជាប់ខ្លួនជាមួយរុស្សុី ក្រោយការបោះប្រជាមតិមួយកាលពីខែមុន ។ ចំណែកប្រធានាធិបតីរុស្សុី លោកវ្លាឌីមៀរ ពូទីន បានស្នើកាលពីថ្ងៃទិ៩ មេសា ដល់រដ្ឋាភិបាលលោក ឱ្យបោះបង់ចោលការតម្រូវនានាចំពោះអ៊ុយក្រែន ដើម្បីអាចឱ្យប្រទេសនេះទទួលបានឧស្ម័នធម្មជាតិ ដោយពុំចាំបាច់មានការបង់ប្រាក់មុន១ខែ ។
ក្នុងកិច្ចប្រជុំមួយរបស់រដ្ឋាភិបាលលោកពូទីន ថ្លែងថា ដោយសារការលំបាកនានា ដែលអ៊ុយក្រែន កំពុងជួបប្រទះនាពេលនេះ និងការពុំទាន់បញ្ចប់ដំណើរការចរចារបស់យើងជាមួយសហភាពអឺរ៉ុប ខ្ញុំស្នើដល់រដ្ឋាភិបាលកុំអនុវត្តនាពេលនេះនូវការជ្រើសរើសទាំងឡាយ ដែលមានចែងក្នុងកុងត្រា ។ ម្យ៉ាងវិញទៀត លោកស្នើដល់រដ្ឋាភិបាលឱ្យរៀបចំការពិគ្រោះពិភាក្សាគ្នានានាថែមទៀត ។
ដោយគូសបញ្ជាក់ថា ប្រទេសអឺរ៉ុបមួយចំនួនទទួលស្គាល់ភាពស្របច្បាប់របស់អាជ្ញាធរអ៊ុយក្រែន បច្ចុប្បន្ននៅក្រុងគៀវ តែពួកគេពុំបានធ្វើអ្វីសោះដើម្បីជួយទ្រទ្រង់អ៊ុយក្រែន ។ លោកពូទីន អះអាងជាថ្មីថា រុស្សុី ពុំទទួលស្គាល់ភាពស្របច្បាប់របស់អាជ្ញាធរក្រុងគៀវ បច្ចុប្បន្នឡើយ ប៉ុន្តែបន្តផ្តល់ការជួយទ្រទ្រង់ខាងសេដ្ឋកិច្ចដល់អតីតសាធារណរដ្ឋសហភាពសូវៀតនោះ ៕
ចែករំលែកព័តមាននេះ