រាជធានីភ្នំពេញ ៖ ក្រោយទទួលរងការរិះគន់ពេញបន្ទុកលើករណីប្រកួតមិនអស់ដៃជាច្រើនលើកច្រើនសារហូតឈានដល់ការដាក់ពិន័យឱ្យបាត់មុខមួយរយៈ ពេលនេះកីឡាករវង្ស ណយ ជើងខ្លាំងក្នុងពិភពប្រដាល់ខ្មែរត្រូវគេឃើញចាប់ផ្តើមមានសន្ទុះទីផ្សារត្រឡប់មកវិញហើយ ។ អ្វីដែលសំខាន់គឺលោកកំពុងស្ថិតក្នុងផែនការតម្រូវឱ្យឡើងប្រកួតក្នុងព្រឹត្តិការណ៍ធំៗជាបន្តបន្ទាប់ទៀតផង ។
លោកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់កម្ពុជា បានទទួលស្គាល់ថា កីឡាករវង្ស ណយ ពិតជាធ្លាប់ជាប់ពាក់ព័ន្ធលើការចោទប្រកាន់ជុំវិញការប្រកួតមិនអស់ដៃនាពេលកន្លងមក បុ៉ន្តែសហព័ន្ធមិនអាចគ្រាន់តែភាពខុសឆ្គងមួយពេលរបស់គេ ហើយបិទគេមិនឱ្យមានមុខនៅលើសង្វៀនប្រដាល់វិញទេ ។ បន្ថែមពីលើនោះ ខាងសហព័ន្ធរបស់លោកបានទាំងកំពុងលើកទឹកចិត្ត និងបង្កើនឱកាសឱ្យកីឡាករខ្លាំងៗដែលប្រឈមនឹងបញ្ហាឡើងប្រកួតមិនអស់ដៃដូច វង្ស ណយ ជាដើម ឱ្យក្លាយជាកីឡាករដែលមានទីផ្សារ និងរុញឱ្យគេស្រឡាញ់មុខមាត់ ស្រឡាញ់កិត្តិយស ដោយបញ្ចេៀសនូវការប្រកួតចាញ់ ជាថ្នូរនឹងប្រាក់កាសដូចដែលធ្លាប់ចោទប្រកាន់នោះទៀតផង ។
អុីចឹងហើយទើបគ្រាន់តែវាយឈ្នះកីឡាករកែវ រំចង់ ក្នុងវគ្គដណ្តើមខ្សែក្រវាត់កាលពីថ្ងៃសុក្រ ទី៤ មេសា កាន់តែធ្វើឱ្យសហព័ន្ធរបស់លោកមានទឹកចិត្តផ្គូផ្គងឱ្យគេប៉ះជាមួយកីឡាករខ្លាំងៗ និងលេចមុខក្នុងព្រឹត្តិការណ៍ប្រដាល់ធំៗ ។ លោកតែម ម៉ឺន បន្តថា មិនមែនចំពោះតែកីឡាករវង្ស ណយ ម្នាក់នោះទេ កីឡាករផ្សេងទៀត ក៏ខាងសហព័ន្ធធ្វើការផ្លាស់ប្តូរទម្លាប់របស់ពួកគេដូចគ្នា ដោយប្រើមធ្យោបាយពង្រីកទីផ្សារ និងមុខមាត់ឱ្យពួកគេបែបនេះ ។ គោលការណ៍អធ្យាស្រ័យ និងលើកលែងនូវកំហុសឆ្គងចំពោះកីឡាករ បន្ទាប់ពីបានដាក់វិន័យ គឺដោយសារតែលោកដឹងថា ស្ថានភាពរបស់កីឡាករកម្ពុជាមិនមែនអ្នកណាម្នាក់ចង់ប្រកួតមិនអស់ដៃទាំងអស់នោះទេ បុ៉ន្តែវាអាចមកពីកត្តាជីវភាពដែលពួកគេតម្រូវ ។ ជាក់ស្តែង ចំពោះករណីរបស់កីឡាករវង្ស ណយ ខាងសហព័ន្ធក៏ធ្លាប់ព្រមានចំពោះគេផងដែរ គ្រប់ពេលដែលមានការសង្ស័យថា ការបរាជ័យរបស់គេស្ថិតក្នុងភាពមិនសមទំនង ។
លោកតែម ម៉ឺន ឱ្យដឹងថា ចាប់ពីពេលនេះតទៅ កីឡាករវង្ស ណយ នឹងក្លាយជាកីឡាករដែលមានទីផ្សារឡើងវិញ បន្ទាប់ពីមើលឃើញថា គេបានសន្យាហើយធានាប្រឹងប្រកួតដណ្តើមយកមុខមាត់ និងកេរ្តិ៍ឈ្មោះត្រឡប់មកវិញ ។
លោកបានទាំងសរសើរថា បើ វង្ស ណយ មិនជាប់សម្ពាធហើយប្រកួតអស់ដៃ គឺមិនងាយទេសម្រាប់អ្នកដែលចង់ឈ្នះគេ ។ ខាងសហព័ន្ធមិនអាចខុសដៃយកដៃ ខុសជើងយកជើងនោះទេ ។ អ្វីដែលសំខាន់គឺសហព័ន្ធមានបំណងថែរក្សា និងលើកស្ទួយកីឡាករល្អៗ និងខ្លាំងៗឱ្យមានមុខមាត់នៅលើរេញប្រដាល់គ្រប់ៗគ្នា ។ ក្រោយការរួចពិន័យ គេឃើញកីឡាករវង្ស ណយ ពិតជាមានទីផ្សារ ហើយមានមុខឡើងរេញនៅក្នុងព្រឹត្តិការណ៍ធំៗដូចការបញ្ជាក់ខាងលើនោះមែន ។ ជាក់ស្តែង នៅថ្ងៃទី២០ មេសាខាងមុខ គេនឹងលេចមុខក្នុងព្រឹត្តិការណ៍បើកសម្ពោធការប្រដាល់ជ្រើសរើសជើងឯកគូប៊ូតារបស់ស្ថានីយទូរទស្សន៍បាយ័នថ្មី ដោយឡើងប្រកួតជាមួយកីឡាករថៃ ខណៈដែលនៅលើសង្វៀនអន្តរជាតិរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ ក៏អះអាងថា នឹងផ្គូផ្គូគេឱ្យប៉ះជាមួយកីឡាករបរទេសដូចគ្នានៅបន្ទាប់ពីចូលឆ្នាំខ្មែរ ។
មន្ត្រីសហព័ន្ធ និងអ្នកផ្គូផ្គងប្រចាំបុ៉ស្តិ៍ទូរទស្សន៍បញ្ជាក់ថា បើ វង្ស ណយ គេចផុតពីការរិះគន់នោះ គេមិនត្រឹមតែមានទីផ្សារប្រកួតក្នុងព្រឹត្តិការណ៍ក្នុងស្រុកបុ៉ណ្ណោះទេ ក្នុងនោះទីផ្សារក្រៅប្រទេសរួមមានចេញទៅបារាំង និងការប្រកួតផ្សេងៗជាដើម ក៏នឹងមានមុខទាំងអស់ដោយសារតែ វង្ស ណយ នៅតែស្ថិតក្នុងបញ្ជីជាអ្នកខ្លាំងដដែល ។ នេះគឺជាអ្វីដែលត្រូវគេមើលឃើញថា បានកើតឡើងចំពោះកីឡាករវង្ស ណយ បន្ទាប់ពីមួយរយៈមុនកីឡាកររូបនេះត្រូវបានវាយសំពងដោយព័ត៌មានអាស្រូវពាក់ព័ន្ធនឹងករណីប្រកួតមិនអស់ដៃនៅលើរេញប្រដាល់ ។
យ៉ាងណាក៏ដោយ កីឡាករវង្ស ណយ បានច្រានចោលច្រើនលើកហើយថា ការចោទប្រកាន់នោះគ្រាន់តែជាការយល់ឃើញដោយគ្មានការវិភាគពីស្ថានភាពសុខភាពរបស់លោក និងការភ្លាត់ស្នៀតរបស់លោកនៅលើរេញនោះតែបុ៉ណ្ណោះ ៕
ចែករំលែកព័តមាននេះ