រាជធានីភ្នំពេញ ៖ ការប្រកួតប្រដាល់ដណ្តើមខ្សែក្រវាត់ស្រាបៀរលីអូក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នៅលើសង្វៀនស្ថានីយទូរទស្សន៍CTN ថ្ងៃសៅរ៍ទី១៥ កុម្ភៈ ខាងមុខនេះបានឈានចូលដល់សប្តាហ៍ទី២ហើយ ។
កីឡាករដែលជាបេក្ខភាពត្រូវឡើងប្រកួតក្នុងវេទិកានេះមាន សុខ សុវណ្ណ មកពីក្លិបកងពលតូចលេខ៣១ ត្រូវជួបជាមួយ ឆាយ មាស មកពីក្លិបសំរោងកោងខេត្តបាត់ដំបង និងជ័យ ប៊ុនសង់ មកពីក្លិបខេមរិន្ទមានឫទ្ធិ ជួបជាមួយយស់ សំអាល់ មកពីក្លិបឃ្លាំងមឿងកីឡាខេត្តពោធិ៍សាត់ ។ កាលពីសប្តាហ៍ទី១ គេបានរកឃើញកីឡាករចំនួន២រូប ដែលមានសំណាងរកបាន៣ពិន្ទុមុនគេគឺកីឡាករផាន់ គ្រាន់ មកពីក្លិបព្រះខ័នរាជនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកីឡាករឡៅ ចន្ទ្រា មកពីក្លិបកងពលតូចឆត្រយោង៩១១ ។ ដោយឡែកនៅសប្តាហ៍នេះគេមិនទាន់ដឹងថា អ្នកណាមានសំណាងរកបាន៣ពិន្ទុទៀតនោះទេ ។ សុខ សុវណ្ណ និងឆាយ មាស សុទ្ធតែមានល្បិចប្រយុទ្ធនៅលើសង្វៀនក្រាស់ឃ្មឹកពេញខ្លួនដូចគ្នា ប៉ុន្តែពួកគេទាំង២មិនធ្លាប់ជួបគ្នាពីមុនមកទេ ទើបទាំងសងខាងមានការកោតញញើតគ្នាទៅវិញទៅមក ។
តាមការសង្កេតការប្រកួតកន្លងមកសុខ សុវណ្ណ មានស្នៀតកែងនិងជង្គង់ប្រើការបានគ្រាន់តែមិនសូវស្ទាត់ជំនាញប៉ុណ្ណោះ ។ សម្រាប់ការមកប៉ះឆាយ មាស លើកនេះគេមិនហា៊នអួតទុកមុនពីលទ្ធផលចាញ់-ឈ្នះ ឡើយ តែបើសួរគេថាសង្ឃឹមអត់គេឆ្លើយថាសង្ឃឹម គ្រាន់តែមិនហា៊នបញ្ចេញវាចាប៉ុណ្ណោះ ។ ចំណែកឯឆាយ មាស ទោះបីគេមានមហិច្ឆតា ចង់បាន៣ពិន្ទុពីការប្រកួតលើកនេះ ក៏ដោយក៏អ្នកធ្លាប់តាមដានការប្រកួតភាគច្រើនមិនសូវទុកចិត្តលើគេឡើយ ដោយសារឆាយ មាស ល្អបានតែស្នៀតកណ្តាប់ដៃប៉ុណ្ណោះ ឯស្នៀតកែងនិងជង្គង់គេអន់ខ្លាំងណាស់សូម្បីតែចិត្តក៏មិនសូវសឿងទៀត ។ ជ័យ ប៊ុនសង់ និងយស់ សំអាល់ ជួបគ្នាលើកនេះក៏ពិបាកប៉ាន់ស្មានទុកមុនដែរ ដោយសារពួកគេមានសមត្ថភាពប្រហែលគ្នា ។ ជ័យ ប៊ុនសង់ ចិត្តតូចកម្លាំងខ្សោយ អត់ចេះស្នៀតកែងនិងជង្គង់ទេ បានតែស្នៀតជើងនិងស្នៀតកណ្តាប់ដៃបន្តិចប៉ុណ្ណោះ ។ ចំណែកយស់ សំអាល់ ក៏អត់ចេះប្រើស្នៀតកែងនិងជង្គង់ដូចគ្នា តែកុំប្រហែសឱ្យសោះជាមួយស្នៀតកណ្តាប់ដៃនិងស្នៀតជើងរបស់គេ ព្រោះពេលវាយនិងទាត់ចេញម្តងៗគឺរហ័សខ្លាំងណាស់ ថែមទាំងមានទម្ងន់ធ្ងន់ទៀតផង ឯចិត្តរបស់គេក៏សឿងណាស់ដែរ ។
ទោះបីយ៉ាងណាគេក៏មិនហា៊នមើលស្រាលលើជ័យ ប៊ុនសង់ នោះដែរ ដោយសារនៅក្នុងព្រឹត្តិការណ៍នេះម្នាក់ៗសុទ្ធតែមានមហិច្ឆតាចង់បាន៣ពិន្ទុក្នុងការប្រកួតជាលើកដំបូងដូចគ្នា ដូច្នេះទាំងសងខាងច្បាស់ជាប្រឹងប្រកួតដោយគ្មានបន្ធូរដៃឱ្យគ្នាឡើយ ឬអាចនិយាយបានថា គូនេះមុននឹងឈានដល់លទ្ធផលចាញ់-ឈ្នះ ប្រាកដជាមានការតតាំងគ្នាយ៉ាងស្វិតស្វាញមិនខាន ៕
ចែករំលែកព័តមាននេះ