ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចប់បញ្ហាស្ថានីយទូរទស្សន៍គំរា.មបិទ ក្រោយមេសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ស្នើសុំដំឡើងតម្លៃខ្លួន​អាជ្ញាកណ្ដាល ចៅក្រម

5 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សង្វៀនគុនខ្មែរមួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់​ឡើងក​ម្តៅ​ខ្លាំង ដោយសារ​ការផ្ទុះ

រាជធានីភ្នំពេញ ៖ សង្វៀនគុនខ្មែរមួយ​រយៈ​ចុង​ក្រោយ​នេះ ហាក់​ឡើងក​ម្តៅ​ខ្លាំង ដោយសារ​ការផ្ទុះជម្លោះ​ពាក្យ​សម្តី​វាយប្រហារ​គ្នា​នៅ​លើ​បណ្តាញ​សង្គម រវាង​មេ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរដែល​ទើបចូល​កាន់​តំណែង​ថ្មី ជាមួយកីឡាករមីយ៉ាន់ម៉ាដាវ លីឌុច ។ គួររំលឹកថា ប្រកាស​ដំឡើង​ប្រាក់​ឈ្នួល​អាជ្ញាកណ្ដាល ចៅក្រម ប្រដាល់​គុន​ខ្មែរ

រឿងនេះទើបតែស្ងប់ស្ងាត់បន្តិចទៅវិញបន្ទាប់ពីការសម្របសម្រួលគ្នារវាងភាគីទាំងពីរ ថ្មី​ៗ​នេះ ស្រាប់តែមានរឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយកើតឡើង គឺ​ស្ថានីយទូរទស្សន៍​រៀបចំ​កម្មវិធី​ប្រដាល់​គុន​ខ្មែរ​មួយ​ចំនួន បានគំរាម​បិទ​ចោល ក្រោយ​ពី​លោកឧត្តមសេនីយ៍ទោ ខូ​វ ឆាយ ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ ដាក់​ចេញ​នូវ​គោលនយោបាយ​កំណែ​ទម្រង់ថ្មី ដែល​ស្នើ​ឱ្យ​មានការ​ដំឡើង​តម្លៃ​ពលកម្មអាជ្ញាកណ្ដាល និង​ចៅក្រម​ពី១៦ដុល្លារដល់​២៥ដុល្លារស្មើនឹង១០ម៉ឺន​រៀល​ក្នុង​មួយ​កម្មវិធី​។ តើ​មេ​សហព័ន្ធ​កីឡាប្រដាល់គុន​ខ្មែរមាន​វិធីសាស្ដ្រ​បែប​ណាដើម្បី​ជំរុញ​ឱ្យ​ខាង​ស្ថានីយទូរទស្សន៍​ទទួលយក​ការ​ស្នើ​សុំ​នេះ​​ ខណៈមានការលេចលឺថា ស្ថានីយទូរទស្សន៍មួយចំនួនគំរាមបិទចោលកម្មវិធីប្រដាល់បែបនេះ?

លោកឧត្តមសេនីយ៍ទោ ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាគុន​ខ្មែរ បាន​បង្ហោះ​សារ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក ជុំវិញ​ការ​រិះគន់​លើ​គោលនយោបាយ​ដំឡើង​តម្លៃខ្លួន​អាជ្ញាកណ្ដាល និង​ចៅក្រម​ឱ្យ​ដល់​១០​ម៉ឺន​រៀល​ក្នុង​មួយ​កម្មវិធី ។ ប៉ុន្តែ​បាន​កាត់​ចំនួន​កម្មវិធី​ដែល​មន្ត្រី​សហព័ន្ធ​ទាំងនោះ ធ្លាប់​ទទួល​បាន​ក្នុង​មួយ​ថ្ងៃ​ពី​៥​មក​នៅ​ត្រឹម​៣​ស្មើ​ៗ​គ្នា​វិញ ថា​ជា​ការ​ខាតបង់​របស់​អាជ្ញាកណ្ដាល និង​ចៅក្រម​ទៅ​វិញ​ទេ​។ លោក​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មិនមែន​កាត់​កម្មវិធី​ទេ នេះ​ជា​យន្តការ​នៃ​ការ​រៀបចំ​ឱ្យ​មាន​តម្លាភាព​នៃ​បរិមាណ​ការងារ​របស់​មន្ត្រី​អាជ្ញាកណ្ដាល​ចៅក្រម​ទាំងអស់​គ្រប់​ស្ថានីយ​។
កាលពីមុន​ មាន​មន្ត្រី​នៅ​ស្ថានីយ​ខ្លះ​ទទួល​បាន​តែ​១ ឬ​២​កម្មវិធី​ក្នុង​១​ស​ប្តា​ហ៍ មន្ត្រី​ស្ថានីយ​ខ្លះ​ទទួល​បាន​៥​ទៅ​៦​កម្មវិធី​ក្នុង​១​ស​ប្តា​ហ៍ ធ្វើ​ឱ្យ​មានការ​ច្រណែនគ្នាអំពី​ការ​បែងចែក​បក្ខពួក​»​។

មេសហព័ន្ធ​កីឡាប្រដល់គុន​ខ្មែរខាងលើ គូសបញ្ជាក់​បន្ថែម​ថា​៖«​ឥឡូវ​យើង​រៀបចំ​ឱ្យ​មាន​តម្លាភាព និង​តុល្យភាព​ការងារ គឺ​មន្ត្រី​ទាំងអស់​ទទួល​បាន​ចំនួន​កម្មវិធី​ស្មើ​ៗ​គ្នាក្នុងមួ​យស​ប្តា​ហ៍​មាន​១៥​កម្មវិធី ចែក​នឹង​៥​ក្រុម មួយ​ក្រុម​ទទួល​បាន​៣​កម្មវិធី​ស្មើគ្នា​ ។

ទន្ទឹម​នឹង​នោះ​ សហព័ន្ធ​ក៏​បាន​បន្ថែម​ថវិកា​ឧបត្ថម្ភ​ដល់​មន្ត្រី​តាម​ជំនាញ​និង​វិជ្ជាជីវ​:​រៀង​ៗ​ខ្លួន ដោយ​មន្ត្រី​អាជ្ញាកណ្ដាល​ចៅក្រម​ទទួល​បាន​យ៉ាងតិច​១០ម៉ឺន​រៀលស្មើនឹង២៥ដុល្លារ​ក្នុង​មួយ​កម្មវិធី ដែលនេះ​ជា​ការ​ដំឡើង​ដំណាក់កាល​ទី​១​។ ចំណែក​ថវិកា​ឧបត្ថម្ភ​ទាំង​អស់នេះ គឺ​សហព័ន្ធ​ស្នើ​សុំ​ពី​ខាង​ស្ថានីយទូរទស្សន៍ដែលជាអ្នករៀបចំកម្មវិធី»។

មុននេះទោះបីជា​សហព័ន្ធ​បាន​ប្រកាស​សម្រេច​ដំឡើង​ថវិកា​ជូន​មន្ត្រី​របស់ខ្លួនរហូត​ដល់​១0​ម៉ឺន​រៀល​ក្នុង​មួយ​កម្មវិធី​​ក្ដី ក៏​ប៉ុន្តែ​ស្ថានីយ​ទូរទស្សន៍មួយ​ចំនួន​មិន​ទាន់​យល់ព្រម​តាម​សំណើសុំ​បន្ថែម​ថវិកា​របស់​សហព័ន្ធ​ចំពោះ​មន្ត្រី​នៅឡើយ​ទេ ព្រមទាំង​គំរាម​បិទ​កម្មវិធី​ចោល​ថែម​ទៀត​ផង ​ដោយសារស្ថានីយរបស់​គេ​នៅ​ជួប​ផលវិបាក​ខ្លះ​ៗ ។ មួយ​ចំនួន​ទៀត​លើក​ឡើង​ថា​ ទាល់តែ​សហព័ន្ធ​ដោះស្រាយ​បញ្ហា​ពុក​រលួយ​ផ្ទៃក្នុង​ជា​មុន​សិន​ ដូច​ជាបញ្ហា​បញ្ជី​ឈ្មោះ​អាជ្ញាកណ្ដាលចៅក្រមដាក់​លើស​ចំនួន​​អ្នក​មក​ធ្វើការ​ជាក់ស្ដែង​ជាដើម​។

ទាក់ទង​ទៅ​នឹង​បញ្ហា​ទាំងនេះ​ លោក​ឧត្តមសេនីយ៍ទោ​ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់គុន​ខ្មែរ​បាន​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះសន្តិភាព​តាម​ទូរ​សព្ទ កាលពី​ថ្ងៃ​ទី​២៣​ ខែមិថុនា​ ថា រឿង​ចម្រូងចម្រាសដែល​នៅ​មាន​សល់​តិចតួច​នា​ពេល​កន្លង​មក សហព័ន្ធ​បាន​ដោះស្រាយ​រួចរាល់​អស់ហើយ ​។ ​លោក​បាន​ប្រាប់​ទៀត​ថា​ ពី​មុន​មាន​មែន គឺ​មានប្រមាណ​១​ឬ​២​ស្ថានីយទូរទស្សន៍​តែ​ប៉ុណ្ណោះ ដែល​ដោះស្រាយ​គ្នា​មិន​ទាន់​ចេញ តែ​ឥឡូវ​បាន​ឯកភាព​គ្នា​១០០%​ហើយ ដោយសារ​ខាង​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជួយ​ធ្វើការ​សម្របសម្រួល ធ្វើ​យ៉ាងណា​ឱ្យ​មានការ​ឯកភាព​គ្នា​បាន​លឿន និង​ដំណើ​រការ​បាន​ល្អ​ប្រសើរ ព្រោះ​លោក​យល់​ថា​ ក្នុង​ចំណោម​កម្មវិធី​ប្រកួត​ចំនួន​១៥ ដែល​បាន​និង​កំពុង​ដំណើរការ​ប្រកួត​ជា​ប្រចាំ​មាន​ចំនួន​១២​បាន​ធ្វើ​ដំណើ​ទៅ​មុខ​រួច ប៉ុន្តែ​ពេល​នេះ​អ្វី​ដែល​នៅ​សេសសល់​ក៏​ត្រូវ​បាន​ដោះស្រាយ​រួច​ហើយ​ដែរ​។

លោក​ឧត្តមសេនីយ៍ទោ​ ខូវ ឆាយ ​បាន​មាន​ប្រសាសន៍​បន្តថា លោក​បាន​​ប្រកាស​ដំឡើងប្រាក់​​ឧបត្ថម្ភ​កាលពី​ថ្ងៃ​ទី​១២​ ខែមិថុនា និង​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១ ​ខែកក្កដា រហូត​ទៅ​អត់​មាន​បកក្រោយ​នោះ​ទេ​ ។​ លោក​​ថា​ រាល់​បញ្ហា​ដំឡើងប្រាក់​ឧបត្ថម្ភ​ទៅ​ដល់​មន្ត្រី​ចៅក្រម អាជ្ញាកណ្ដាល នា​ពេល​នេះ​ លោក​មិន​បាន​បង្ខិតបង្ខំ គំរាមកំហែង​ ឬ​ដាក់​សម្ពាធ​ទៅ​លើ​ស្ថានីយទូរទស្សន៍​ណាមួយ​នោះ​ទេ​ គឺ​ត្រូវ​រិះរក​យន្តការ​ណាមួយ​ដោះស្រាយ​គ្នា​ឱ្យ​បាន​ល្អ​តែ​ប៉ុណ្ណោះ​។​ បើ​ស្ថានីយទូរទស្សន៍​ណាមួយ​កំពុង​តែ​ជួប​ផលវិបាក សហព័ន្ធ​ត្រូវ​តែ​ព្យាយាម​រក​វិធី​ជួយ​ដោះស្រាយ ដើម្បី​ឱ្យរ​ស់បាន​ស្រួល​ទាំងអស់​គ្នា​។

ជាចុងក្រោយ លោកប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសង្កត់ធ្ងន់ថា បច្ចុប្បន្ន​ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ប្ដេជ្ញា​ធ្វើ​កំណែទម្រង់​ផ្ទៃក្នុង​ឱ្យ​បាន​ល្អ​ និង​សុីជម្រៅ​បំផុត ។ ថ្វី​ត្បិត​លោក​ទើបតែ​ចូល​កាន់​តំណែង​ជា​ប្រធាន​សហព័ន្ធ​បាន​រយៈ​ពេលជាង២​ខែ​ប៉ុណ្ណោះ ប៉ុន្តែ​លោក​សន្យាប្រើ​វិធានការឱ្យ​សម​ស្រប​ក្នុង​ការ​លុប​បំបាត់​អំពើ​ពុក​រលួយ ការ​បែងចែក​បក្សពួក​ឱ្យ​អស់​ផង​ដែរ​ ។​ ជា​ពិសេស​រាល់​គោលការណ៍​ដែល​លោក​បាន​ដាក់​ចេញ​អត់​បក​ក្រោយ​​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ