ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

២ព្រឹត្តិការណ៍ផ្សេងគ្នា! គោព្រៃជំទង់កម្ពុជារបូត​៣​ពិន្ទុ ខណៈព្រះខ័នរាជស្វាយរៀង វាយបកយកឈ្នះម្ចាស់ផ្ទះ

1 ខែ មុន

រាធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ របូត៣ពិន្ទុពីការប្រកួត​បើក​

រាធានីភ្នំពេញ ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម១៩ឆ្នាំ របូត៣ពិន្ទុពីការប្រកួត​បើក​ឆាកវគ្គចែកពូលពានរង្វាន់ ASEAN U19 Boys Championship 2024 ដែលប្រទេសឥណ្ឌូណេស៊ីធ្វើម្ចាស់ផ្ទះ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ ក្រោយចាញ់ក្រុមទីម័រខាងកើតលទ្ធផល ៣-២ នៅក្នុងកីឡដ្ឋាន Stadion Gelora Bung Tomo។

តាមរយៈបរាជ័យនេះ ក្រុមគោព្រៃជំទងកម្ពុជា ឈរនៅលេខ ៣ ពូល A ខណៈដែលទីម័រខាងកើតឈរនៅលេខ ២។ ចំណែកម្ចាស់ផ្ទះឥណ្ឌូណេស៊ី ឡើងកាន់កាប់កំពូលតារាង ក្រោយបំបាក់ហ្វីលីពីនលទ្ធផល ៦-០ នៅក្នុងថ្ងៃប្រកួតជាមួយគ្នានោះ។

ភារកិច្ចបន្ទាប់របស់ក្រុមគោព្រៃជំទងកម្ពុជា នឹងត្រូវប៉ះម្ចាស់ផ្ទះឥណ្ឌូណេស៊ី វេលាម៉ោង ០៧:៣០នាទីយប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤ ពោលក្រោយការប្រកួតរវាងហ្វីលីពីនត្រូវប៉ះទីម័រខាងកើត វេលាម៉ោង ០៣:០០នាទីរសៀល នៅថ្ងៃជាមួយគ្នា ហើយការប្រកួតទាំងពីរសុទ្ធតែត្រូវធ្វើឡើងនៅកីឡដ្ឋាន Gelora Bung Tomo ដែលស្ថិតនៅទីក្រុងស៊ូរ៉ាបាយ៉ា។

ដោយឡែក នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ដដែលនោះ ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងមកពីលីគកំពូលកម្ពុជា ធ្វើបានយ៉ាងល្អដោយវាយបកយកឈ្នះក្រុមម្ចាស់ផ្ទះ Young Elephants FC មកពីលីគកំពូលឡាវ ដោយលទ្ធផល ៣-២ នៃការប្រកួតវគ្គជម្រុះជើងទី១ ពានរង្វាន់ Asean Club Championship Shopee Cup 2024-25 នៅកីឡដ្ឋាន New Laos National ដែលស្ថិតនៅទីក្រុងវៀងច័ន្ទ។
តាមរយៈជ័យជម្នះព្រះខ័នរាជស្វាយរៀងមានទឹកមាត់លេប មុនពេលការប្រកួតជើងទី២ ដែលនឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ (ស្តាតអូឡាំពិក) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង ០៧:០០នាទីយប់។

គួរឱ្យដឹងផងដែរថា ក្រុមឈ្នះនៅវគ្គជម្រុះ នឹងបន្តឡើងទៅបង្គ្រប់នៅក្នុងពូល A ដែលមាន២កៅអី ដ្បិតការប្រកួតពានរង្វាន់ Asean Club Championship Shopee Cup 2024-25 តម្រូវមានក្រុមសរុបចំនួន ១៤ ធ្វើការប្រកួតប្រជែង ដោយ៤ក្រុម នៅវគ្គជម្រុះ ដើម្បីចម្រាញ់យក២ក្រុមទៅបង្គ្រប់កៅអីទាំង១២ក្រុម នៅវគ្គចែកពូល។

សមាសភាពក្រុមប្រកួតវគ្គជម្រុះ ដែលធ្វើឡើង២ជើង រួមមាន ៖
-Young Elephants FC (ឡាវ) ត្រូវប៉ះ ព្រះខ័នរាជស្វាយរៀង (កម្ពុជា)

-Kasuka (ព្រុយណេ) ប៉ះ Shan United (មីយ៉ាន់ម៉ា) ជើងទី១ នៅព្រុយណេ បានត្រឹមស្មើគ្នាលទ្ធផល ១-១
សមាសភាពក្រុមនៅវគ្គចែកពូល ៖
-ពូល A ៖ BG Pathum United (ថៃ), Terengganu (ម៉ាឡេស៊ី), PSM Makassar (ឥណ្ឌូណេស៊ី), Dong A Thanh Hoa (វៀតណាម) និង២ក្រុមពីវគ្គជម្រុះ
-ពូល B ៖ Buriram United (ថៃ), Kuala Lumpur City (ម៉ាឡេស៊ី), Cong An Ha Noi (វៀតណាម), Borneo FC (ឥណ្ឌូណេស៊ី), Kaya FC (ហ្វីលីពីន) និង Lion City Sailors FC (សិង្ហបុរី)៕ (រូបភាព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង Preah Khan Reach Svay Rieng FC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ