រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍បញ្ជាក់ថា សន្តិសុខស្បៀងនៅតែជាបញ្ហារសើប ដែលតំរូវឱ្យគ្រប់ប្រទេសទាំងអស់ខិតខំដោះស្រាយ។ ក្តីបារម្ភនេះ គឺជាកាលានុវត្តភាពថ្មីសំរាប់ប្រទេសមួយចំនួននៅក្នុងតំបន់ដែលមានសក្តានុពលខ្ពស់ផ្នែកកសិកម្ម។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បញ្ជាក់បែបនេះកាលពីព្រឹកថ្ងៃទី២៣ តុលា ឆ្នាំ២០១០ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៣២ នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋមន្ត្រី ដែលជាព្រឹត្តិការណ៍ថ្មីមួយទៀតសំរាប់ព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្ហាញថា កម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ ប្រកបដោយភាពជឿជាក់ និងភាពប្រាកដប្រជា រួមទាំងការអភិវឌ្ឍស្ថាប័ន និងការពង្រឹងបាននូវភាពម្ចាស់ការរបស់ខ្លួន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងឡាយនៅក្នុងក្របខណ្ឌ តំបន់ សំដៅលើកស្ទួយកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ជាពិសេសការវិនិយោគលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ការផ្ទេរបច្ចេកវិទ្យា និងការផ្តល់ជំនួយបច្ចេកទេសដើម្បីបង្កើតផលិតភាពកសិកម្ម។ កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៣២ ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូក៣ លើកទី១០ នៅពេលនេះ នឹងផ្តល់បន្ថែមទៀតនូវកិច្ចខិតខំប្រឹងប្រែងដើម្បីឈានទៅរកបាននូវដំណោះស្រាយលើបញ្ហាដែលកំពុងប្រឈមមុខក្នុងពេលបច្ចុប្បន្ននេះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បំផុតដើម្បីអនាគតរុងរឿងនៃប្រជាជនក្នុងបណ្តាប្រទេសអាស៊ានយើងនេះ។ ពាក់ព័ន្ធនឹងបញ្ហាខាងលើ សម្តេចតេជោនាយករដ្ឋមន្ត្រីស្នើដល់កិច្ចប្រជុំទាំងមូលសូមបន្តផ្តោតការយកចិត្តទុកដាក់ពិភាក្សាឱ្យបានគ្រប់ជ្រុងជ្រោយលើបញ្ហាមួយចំនួនបន្ថែមទៀតរួមមាន ៖ ការបន្តពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍបច្ចេកទេស និងការវិនិយោគលើវិស័យកសិកម្មរវាងរដ្ឋអាស៊ាន អាស៊ានបូក៣ ដើម្បីធានាផ្គត់ផ្គង់ស្បៀងអាហារ សន្តិសុខស្បៀងអាហារ ដោយក្នុងនោះក៏ត្រូវគិតគូរផងដែរអំពីការបង្កើត និងពង្រឹងប្រព័ន្ធព័ត៌មានស្តីពីសន្តិសុខស្បៀងនៅអាស៊ានបូក៣ នាពេលអនាគត។ គោលនយោបាយជំរុញការវិនិយោគ ពិសេសវិស័យផ្គត់ផ្គង់ចំណីអាហារ ភូតគាម អនាម័យ (SPS) ប្រព័ន្ធធានាគុណភាពផលិតផល ទំរង់បែបបទច្បាប់ និងការសំរួលពាណិជ្ជកម្មឆ្លងដែន ក៏ដូចជាការជំរុញការនាំចេញផលិតផលកសិកម្ម និងការបង្កើនតំលៃបន្ថែមលើផលិតផលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ កិច្ចសហការជំរុញការអភិវឌ្ឍសមត្ថភាពស្ថាប័ន ធនធានមនុស្ស ការផ្លាស់ប្តូរបទពិសោធន៍ ព្រមទាំងការកំណត់នូវវិធានការជាយុទ្ធសាស្ត្រក្នុងការអនុវត្តផលិតផលកសិកម្មក្រោមឥទ្ធិពលនៃសំរបសំរួលអាកាសធាតុ និងគ្រោះធម្មជាតិ ក៏ដូចជាវិធានការទប់ទល់នឹងបញ្ហាជំងឺឆ្លងផ្តាសាយបក្សី ផ្តាសាយថ្មី AH1N1ជាដើម។ បញ្ហាសន្តិសុខស្បៀង និងជីវៈ ដោយនៅក្នុងនោះត្រូវរក្សាឱ្យបាននូវតុល្យភាពរវាងផលិតកម្មដំណាំ សំរាប់ផលិតជាថាមពល និងដំណាំស្បៀងអាហារ។
សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា ក្នុងកាលៈទេសៈនេះ សន្តិសុខស្បៀងបាននិងកំពុងក្លាយជាបញ្ហាសំខាន់របស់រដ្ឋាភិបាលនៃបណ្តាប្រទេសនានានៅលើពិភពលោក។ ការកើនឡើងនៃតំលៃស្បៀងអាហារ ការកើនឡើងតំលៃប្រេឥន្ធនៈ កំណើនប្រជាជន ការប្រែប្រួលអាកាសធាតុ ការថយចុះផ្ទៃដីបង្កបង្កើនផលដោយមូលហេតុនៃការប្រើប្រាស់ផ្ទៃដីដើម្បីបង្កើនផលិតកម្មកសិកម្មដំណាំសំរាប់ជីវឥន្ធនៈ និងការធ្លាក់ចុះនៃរូបិយវត្ថុសកល និងការស្តុកទុកគ្រឿងឧបភោគ បរិភោគក្នុងបំណងដំឡើងថ្លៃ។ បញ្ហាចំពោះមុខនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា អាស៊ានត្រូវមានតួនាទីឱ្យកាន់តែសកម្មបន្ថែមទៀតក្នុងការធានាសុវត្ថិភាពស្បៀងដល់ប្រជាជននៃបណ្តាប្រទេសជាសមាជិក ក៏ដូចជាក្នុងតំបន់ និងពិភពលោកទាំងមូលដែលកំពុងដង្ហោយហៅរកស្បៀងអាហារសំរាប់បំពេញដល់ការរស់នៅប្រចាំថ្ងៃ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្កត់ធ្ងន់ថា អាស៊ានគួរផ្តោតលើការស្រាវជ្រាវរួមគ្នាឱ្យកាន់តែស៊ីជំរៅ និងគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើនផលិតភាពកសិកម្ម ជាពិសេសការផ្ទេរបច្ចេកវិទ្យាឱ្យបានទាន់ពេលវេលាដល់កសិករនៅមូលដ្ឋាន។ ដោយឡែកអាស៊ានគួរកំណត់ឱ្យបានច្បាស់លាស់នូវបញ្ហាប្រឈមចំពោះមុខ និងត្រូវបន្តរៀបចំជាផែនការសកម្មភាពក្នុងវិស័យកសិកម្មតាមលំដាប់អាទិភាព ដោយរួមគ្នាដោះស្រាយក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន អាស៊ានបូក៣ ដើម្បីឈានទៅសំរេចបាននូវភាពជោគជ័យដ៏ត្រចះត្រចង់មួយ។ សម្តេចតេជោនាយករដ្ឋមន្ត្រីមានប្រសាសន៍បន្តថា កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៣២ កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូក៣ លើកទី១០ និងកិច្ចប្រជុំអមផ្សេងៗទៀតដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៦ តុលា ឆ្នាំ២០១០នេះ នឹងបង្កើនថែមទៀតនូវកិច្ចសហប្រតិបត្តិការមួយចំនួនផ្សេងទៀតផងដែរ ដែលជាសក្ខីភាពនៃការខិតខំប្រឹងប្រែង និងវឌ្ឍនភាពប្រកបដោយផ្លែផ្កាមួយថ្មីទៀត។
សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន សង្ឃឹមថា ការបន្តជំរុញការអនុវត្តសកម្មភាព ពិពិធភាវូបនីយកម្មកសិកកម្ម និងព្រៃឈើ នឹងរួមចំណែកធ្វើឱ្យអាស៊ានក្លាយទៅជាសហគមន៍មួយមានការរីកចំរើនរុងរឿងយ៉ាងពិតប្រាកដ។ ក្នុងក្របខណ្ឌនេះ រាជរដ្ឋាភិបាលកម្ពុជា ជានិច្ចកាលតែងបានត្រៀមលក្ខណៈចូលរួមចំណែកក្នុងន័យជួយពន្លឿនការអភិវឌ្ឍកសិកម្មឱ្យមានការអភិវឌ្ឍប្រកបដោយចីរភាពសំរាប់ជាប្រយោជន៍ដល់ប្រជាជននៃរដ្ឋអាស៊ាន និងក្នុងតំបន់ទាំងមូល។ ក្នុងឱកាសនោះដែរ លោកបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានលើកទី៣២ កិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ានបូក៣ លើកទី១០ និងកិច្ចប្រជុំអមផ្សេងៗទៀត គឺជាព្រឹត្តិការណ៍មួយដ៏កំរដែលឧត្តមមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន និងឧត្តមមន្ត្រីនៃប្រទេសបូក៣ គឺចិន, ជប៉ុន និងកូរ៉េ បានធ្វើការប្រជុំពិភាក្សាគ្នាយ៉ាងផុលផុស និងបញ្ចប់ការងាររបស់ខ្លួនប្រកបដោយជោគជ័យ ព្រមទាំងបានលើកឡើងនូវកិច្ចការ និងវិធានការសំរាប់អនុវត្តបន្ត និងត្រូវដាក់ជូនរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន និងប្រទេសបូក៣ ធ្វើការពិនិត្យ និងសំរេច។
លោកបណ្ឌិតរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទមានប្រសាសន៍បន្តថា កិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសដែលជាសមាជិកអាស៊ាន និងប្រទេសបូក៣ ដែលជាដៃគូអភិវឌ្ឍន៍លើវិស័យកសិកម្ម និងព្រៃឈើ គឺជាចលករមួយដ៏មានសក្តានុពលបំផុតក្នុងការធានាបាននូវសុវត្ថិភាពស្បៀងក្នុងតំបន់ ដែលកន្លងមកត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព និងជោគជ័យខ្ពស់បំផុតជាអាទិ៍ ៖ កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌនៃអាហារូបត្ថម្ភ សុវត្ថិភាពស្បៀង ការត្រៀមបំរុងស្រូវ អង្ករ ជួយសង្គ្រោះក្នុងករណីគ្រាអាសន្ន ការរៀបចំប្រព័ន្ធព័ត៌មានកសិកម្មជាដើម។ កិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ផលិតកម្ម បសុព្យាបាល ជលផល សហគមន៍ កសិកម្ម ការស្រាវជ្រាវបណ្តុះបណ្តាល ការផ្ទេរបច្ចេកវិទ្យាដល់កសិករ ដើម្បីតំរង់ទិសឆ្ពោះទៅរកការធ្វើកសិ-ពាណិជ្ជកម្ម។ កិច្ចសហប្រតិបត្តិការក្នុងវិស័យព្រៃឈើ និងសត្វព្រៃ។ កិច្ចសហប្រតិបត្តិការក្នុងការធ្វើពាណិជ្ជកម្មកសិកម្ម និងផល-អនុផលព្រៃឈើជាដើម។
ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការនេះ លោកបណ្ឌិត ច័ន្ទ សារុន សង្កត់ធ្ងន់ថា ប្រធានបទសំខាន់ៗមួយចំនួនដែលគ្រោងនឹងដាក់ក្នុងកិច្ចពិភាក្សា និងអនុម័តរួមមានវិធានការណែនាំអំពីភូតគាមអនាម័យក្នុងក្របខណ្ឌអាស៊ាន កំរិត អតិបរមានៃសំណល់ជាតិពលលើកសិផល ស្តង់ដាកសិផល។ ដោយឡែកឯកសារកិច្ចព្រមព្រៀងស្តីអំពីការត្រៀមបំរុងអង្ករសំរាប់គ្រោះអាសន្នដែលទទួលបាននូវការសំរេចជាគោលការណ៍ឱ្យរៀបចំដោយកិច្ចប្រជុំកំពូលអាស៊ានបូក៣ នឹងក្លាយជាឯកសារដែលត្រូវចុះហត្ថលេខាដោយរដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើអាស៊ាន និងប្រទេសបូក៣៕
ចែករំលែកព័តមាននេះ