ខេត្តកំពង់ឆ្នាំង ៖ យុវជនសង្ស័យជាអ្នកប្រើប្រាស់ថ្នាំញៀន២នាក់ រួមជាមួយស្ត្រីជាម្ចាស់ផ្ទះត្រូវបានមន្ត្រីនគរបាលប៉ុស្តិ៍មូលដ្ឋានធ្វើការចាប់ឃាត់ខ្លួននៅវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣ មករា ២០១៤ នៅផ្ទះស្ត្រីខាងលើ ស្ថិតក្នុងភូមិច្រកល្មៀត ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខណៈដែលយុវជនទាំង២នាក់ខាងលើកំពុងប្រើថ្នាំញៀន ។
មន្ត្រីការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគររបាលខេត្តបាននិយាយថា ជនសង្ស័យខាងលើមាន ១-ឈ្មោះស៊ីត រ៉ូសាត អាយុ២២ឆ្នាំ ២-ឈ្មោះអីុត វណ្ណៈ អាយុ២២ឆ្នាំ ទាំង២នាក់នេះ មានទីលំនៅភូមិព្រៃពីស ឃុំជ្រេស ស្រុកកំពង់ត្រឡាច។ ចំណែកស្ត្រីជាម្ចាស់ផ្ទះមានឈ្មោះមីត អៃយ៉ាស អាយុ៤៥ឆ្នាំ ។ ប្រភពដដែលបានបន្តថា ខណៈពេលដែលមន្ត្រីនគរបាលប៉ុស្តិ៍មូលដ្ឋានបានចេញល្បាតតាមមូលដ្ឋានរបស់ខ្លួន ក៏ប្រទះឃើញយុវជនសង្ស័យទាំង២នាក់កំពុងប្រើប្រាស់គ្រឿងញៀនប្រភេទម៉ាទឹកកក នៅក្នុងផ្ទះស្ត្រីលក់ចាប់ហួយខាងលើ ក៏ធ្វើការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដោយដកហូតថ្នាំញៀនប្រភេទម៉ាទឹកកកមួយកញ្ចប់តូច ដែលយុវជនទាំង២នាក់ខាងលើប្រើប្រាស់មិនទាន់អស់ ។ ក្រោយការចាប់ឃាត់ខ្លួនយុវជនទាំង២នាក់ខាងលើ មន្ត្រីនគរបាលក៏បានធ្វើការចាប់ឃាត់ខ្លួនស្ត្រីជាម្ចាស់ផ្ទះផងដែរ ដែលសង្ស័យថា បានផ្តល់ទីតាំងឱ្យជនញៀនថ្នាំទាំង២នាក់ ប្រើប្រាស់ ។ វត្ថុតាងខាងលើ រួមមានថ្នាំញៀនម៉ាទឹកកក១កញ្ចប់តូច និងម៉ូតូធំម៉ាកហុងដា C.B.R មួយគ្រឿង ។
នៅចំពោះមុខសមត្ថកិច្ចយុវជនសង្ស័យទាំង២នាក់ បានសារភាពថា ខ្លួនបានទិញថ្នាំម៉ាទឹកកកនេះពីបុរសម្នាក់នៅភូមិតាអក ឃុំពានី ស្រុកកំពង់ត្រឡាច ក្នុងតម្លៃ៦ម៉ឺនរៀល ។ ក្រោយទិញបានក៏យកមកប្រើប្រាស់នៅផ្ទះស្ត្រីខាងលើ ដោយម្ចាស់ផ្ទះមិនបាននៅទេ តែពួកគេធ្លាប់ចេញចូលទិញនំចំណីនៅទីនេះ ។ ចំណែកស្ត្រីជាម្ចាស់ផ្ទះក៏បានប្រាប់ថា គាត់មិនបាននៅផ្ទះទេ គឺបានទៅថ្នាំពេទ្យនៅឯផ្សារ មិនបានដឹងថា ពួកគេយកថ្នាំមកប្រើប្រាស់ក្នុងផ្ទះខ្លួនឡើយ ។ ទោះយ៉ាងណាក្តី ជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានមន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត កសាងសំណុំរឿងបញ្ជូនជាមួយវត្ថុតាងទៅតុលាការតាមនីតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ