ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ផឹកស៊ីស្រវឹងមកពីដាក់មងជិះម៉ូតូរេពេញផ្លូវត្រូវរថយន្តបុកពីក្រោយបណ្តាលឲ្យរងរបួសធ្ងន់ ហើយរថយន្តបង្កបានរត់គេចបាត់ស្រមោល ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៧ និង ៣០នាទី យប់ថ្ងៃទី២៦ វិច្ឆិកា ២០១៣ នៅចំណុចស្ពានក្នុងភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ។
លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានមានប្រសាសន៍ឲ្យដឹងថា ជនរងគ្រោះមិនស្គាល់ឈ្មោះទេ មានអាយុប្រមាណ ៣៥ឆ្នាំ រស់នៅភូមិរហាល ឃុំរហាល ស្រុកព្រះនេត្រព្រះ រងរបួសធ្ងន់។
លោកបានបន្តថា បើតាមអ្នកឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា នៅពេលគ្រោះថ្នាក់កើតឡើង គឺជនរងគ្រោះទំនងស្រវឹងស្រាហើយជិះម៉ូតូធុនសេ១០០ ស៊េរីចាស់ ពណ៌ក្រហម ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចបំណងទៅផ្ទះ ជិះរេពេញផ្លូវ ក៏ត្រូវរថយន្តធុនកាមរី ដែលបើកស្របទិសគ្នាបុកពីក្រោយបណ្តាលឲ្យដួលរបួសធ្ងន់ ចំណែកម៉ូតូខ្ទេចផ្នែកខាងក្រោយ ហើយរថយន្តបានបើកគេចបាត់តែម្តង។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់ស្នងការនគរបាលខេត្ត បញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកព្រះនេត្រព្រះ ចំណែករថយន្តបង្កកំពុងស្រាវជ្រាវរក ដើម្បីចាត់វិធានការតាមច្បាប់៕
ចែករំលែកព័តមាននេះ