រាជធានីភ្នំពេញ ៖ រថយន្ត១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ចំណុះ១តោន ដឹកទឹកសុទ្ធដបធំជាច្រើនដប បានបើកបរក្នុងល្បឿនលឿន ហើយពុំដឹងថាអ្នកបើកបររវល់តែងាកទៅណានោះទេ ក៏បានបោះពួយជ្រុលទៅបុកពីក្រោយរថយន្តម៉ាក ហ៊ីណូធុនយក្ស ១គ្រឿងទៀត ពេញទំហឹង ខណៈពេលកំពុងឈប់រង់ចាំភ្លើងស្តុប បណ្ដាលឲ្យរថយន្តដឹកទឹកសុទ្ធនោះ រងការខូចខាតខ្ទេចកាប៊ីនខ្លួនឯងទាំងស្រុងហើយគាបជាប់ពីក្រោយរថយន្តហ៊ីណូនោះ ចំណែកអ្នកបើកបរបានរងរបួសធ្ងន់ធ្ងរ ហើយភ្លាមៗ អ្នកបើកបររថយន្តហ៊ីណូ មិនបានដឹងនោះឡើយ ។
លុះបន្តិចក្រោយមក ខណៈពេលភ្លើងស្តុប លោតពណ៍ខៀវ រថយន្តហ៊ីណូ ក៏បើកបានបើកបន្តដំណើរទៅមុខជាធម្មតា ដោយអូសរថយន្តហ៊ីយ៉ាន់ដាយនោះ ពីក្រោយទៅជាមួយ ពេលឃើញបែបនេះ ប្រជាពលរដ្ឋក៏បាននាំគ្នាជិះម៉ូតូដេញតាម រហូតបានចំងាយប្រមាណជាង៥០០ម៉ែត្រ ទើបតាមទាន់ និងឃាត់ឲ្យឈប់ រួចប្រាប់ថា មានរថយន្តកូរ៉េ បុករថយន្តគាត់គាបជាប់ពីក្រោយ ទើបអ្នកបើកបរបានដឹង ហើយឈប់ស្ងៀម និងសម្ដែងការហួសចិត្ត ។
ឧប្បត្តិហេតុនោះ បានកើតឡើង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅលើលំណាត់មហាវិថីស៊ីជីនពីង ត្រង់ចំណុចភ្លើងស្តុបវត្តអង្គត្រគៀត ស្ថិតនៅក្នុងភូមិត្រាំស្លឹក សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
រថយន្តដឹកទឹកសុទ្ធខាងលើនោះ ម៉ាកហ៊ីយ៉ាន់ដាយដឹកទឹកសុទ្ធ ១គ្រឿង ពណ៍ខៀវ ពាក់ស្លាកលេខ 3947 ភព 2 ខ្ទេចកាប៊ីនទាំងស្រុង បើកបរដោយបុរសម្នាក់រងរបួសធ្ងន់ធ្ងរ ។ ចំណែករថយន្ត ដែលឈប់រង់ចាំភ្លើងស្តុប ម៉ាកហ៊ីណូ ពណ៍ក្រហម លាយលឿង ១គ្រឿង ពាក់ស្លាកលេខត្បូងឃ្មុំ 3A-1099 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ។
អ្នកឃើញហេតុការណ៍ បាននិយាយថា នៅមុនពេលកើតហេតុរថយន្តហ៊ីណូ បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ បានឈប់រង់ចាំភ្លើងស្តុប ដែលលោតក្រហម ខណៈនោះស្រាប់តែរថយន្តដឹកទឹកសុទ្ធ បើកបរធ្វើដំណើរ ក្នុងទិសដៅស្របគ្នាទៅដល់មិនដឹងថា អ្នកបើកបររវល់ងាកទៅណា ឬងងុយដេកនោះទេ ក៏បានជ្រុលទៅបុកពីក្រោយរថយន្តហ៊ីណូពេញទំហឹង តែម្ដង ។
ប្រភពដដែល បានឲ្យដឹងបន្តទៀតថា ពេលនោះបណ្ដាលឲ្យខ្ទេចកាប៊ីនគាបជាប់ពីក្រោយរថយន្តហ៊ីណូនោះ ហើយអ្នកបើកបររងរបួសធ្ងន់ ចំណែកអ្នកបើករថយន្តហ៊ីណូអត់ដឹងឡើយ។ បន្តិចក្រោយមក ពេលភ្លើងស្តុបលោតខៀវ រថយន្តហ៊ីណូ បានបើកបន្តដំណើរទៅមុខជាធម្មតា និងបានអូសរថយន្តហ៊ីយ៉ាន់ដាយទៅជាមួយ ហើយភ្លាមៗនោះ ប្រជាពលរដ្ឋបាននាំគ្នាដេញតាមបានចម្ថាយជាង៥០០ម៉ែត្រ ពីកន្លែងកើតហេតុ ទើបឃាត់បាន ។
ប្រភពខាងលើបានប្រាប់បន្ថែមទៀតថា ពេលនោះ ប្រជាពលរដ្ឋបានប្រាប់អ្នកបើកបររថយន្តហ៊ីណូនោះថា មានរថយន្តកូរ៉េ១គ្រឿង បុករថយន្តគាត់ពីក្រោយគាបជាប់អូសមកជាមួយ ទើបអ្នកបើកបររូបនោះ បានដឹង ហើយចុះមើលទាំងការហួសចិត្ត ដោយគាត់បាននិយាយថា គាត់អត់បានដឹងថា រថយន្តនោះបុករថយន្តគាត់ពីក្រោយបែបនេះឡើយ ព្រោះរថយន្តគាត់ធំទ្រុងវែង និងធ្ងន់ ហើយបើដឹង ក៏គាត់ចុះមើល និងមិនបើកបរចេញពីកន្លែងកើតហេតុនោះដែរ ព្រោះគាត់គ្មានកំហុសឡើយ ។
ក្រោយពេលកើតហេតុ ក្រុមសង្គ្រោះអង្គភាព៧១១ បានចេញរថយន្តពេទ្យ ទៅដឹកអ្នកបើករថយន្តដឹកទឹកសុទ្ធនោះ បញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។ ចំណែកកម្លាំងនគរបាលប៉ុស្តិ៍កន្ទោក និងនគរបាលខណ្ឌកំបូល ក៏បានចុះទៅកាន់កន្លែងកើតហេតុហើយបានឲ្យតំណាងភាគីទាំង ធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿង ៕
ចែករំលែកព័តមាននេះ