ខេត្តកំពត ៖ ជនជាតិចិនម្នាក់តូចចិត្តនិងប្រពន្ធខ្មែរបានសុំលែងក៏បើករថយន្តទម្លាក់ចូលទឹកប្រូង សំណាងល្អណាស់ អាចរួចផុតពីគ្រោះថ្នាក់អាយុដល់ជីវិត ។ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៩ កញ្ញា ២០២៤ ស្ថិតនៅផ្លូវខាងលិចស្ពានប៉ូរីស៊ូយ ចំណុចភូមិត្រពាំងពោន ឃុំបន្ទាយមាសខាងកើត ស្រុកបន្ទាយមាស ខេត្តកំពត ។
លោកវរសេនីយ៍ត្រី មិន ញ៉េប អធិការរងនគរបាលផ្នែកចរាចរណ៍ស្រុកបន្ទាយមាសបានឱ្យដឹងថា ជនជាតិចិនរងគ្រោះម្នាក់បានបើករថយន្តមកពីខេត្តតាកែវតាមប៉ូរស៊ុយ ឆ្លងកាត់ស្រុកបន្ទាយមាស ឆ្ពោះទៅកាន់ខេត្តព្រះសីហនុវិញ តែទៅមិនទាន់ដល់ផង មកដល់ចំណុចផ្លូវភូមិត្រពាំងពោននេះ ស្រាប់តែឃើញរថយន្តម៉ាកហាយប្រ៊ីតនោះហោះធ្លាក់ចូលទឹកតែម្ដងទាំងរថយន្តទាំងមនុស្សលិចបាត់ក្នុងទឹក ។
បន្ទាប់ពីកើតហេតុខាងលើ អ្នកភូមិបានរត់មកមើល ស្រាប់តែឃើញជនជាតិចិនរូបនោះបានលូនចេញពីក្នុងរថយន្ត ស្របនិងពលរដ្ឋជួយសង្គ្រោះឱ្យរួចផុតពីគ្រោះថ្នាក់ ។ ជនជាតិចិននោះ ក៏បាននិយាយប្រាប់ក្មេងស្រីម្នាក់ដែលចេះជាភាសាចិនថា ខ្លួនធ្វើការនៅខេត្តព្រះសីហនុ តែមកតាមប្រពន្ធខ្មែរនៅស្រុកគីរីវង្សខេត្តតាកែវ ។
ជនជាតិរូបនោះបន្តថា តែប្រពន្ធរបស់ខ្លួនបានសុំលែងលះគ្នាត្រឹមណឹង ទើបខ្លួនបើករថយន្តត្រឡប់មកវិញ ហើយគោលបំណងធ្វើអត្តឃាត តែមិនបានសម្រេច គ្រាន់តែខូចរថយន្តតែប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ