លោកបណ្ឌិត យឹម សុបុត្រា ឯកទេសវិកលវិទ្យានៃមន្ទីរសម្រាកព្យាបាល គ្លីនិកសាន់រ៉ាយ បានប្រាប់ឱ្យដឹងថា វិបត្តិផ្លូវចិត្តនឹងធ្វើឱ្យអ្នកមានអារម្មណ៍ស្មុគស្មាញ គិតកិច្ចការអ្វីមិនបានប្រសើរ ។ គួររកវិធីថែទាំសុខភាពផ្លូវចិត្តឱ្យបានស្បើយល្ហែល្ហើយចាកទុក្ខទាំងពួង ពោលគឺបញ្ចៀសរាល់វិបត្តិសព្វយ៉ាង ។ ខាងក្រោមនេះជាប្រការដែលលោកអ្នកគួរ និងមិនគួរប្រតិបត្តិ៖
ប្រការមិនគួរធ្វើ ៖ គ្រប់រូបភាពនៃបញ្ហាផ្លូវចិត្តផ្តើមចេញជាអាការៈឈឺក្បាល គេងមិនលក់ដោយគិតទៅលើបញ្ហាស្មុគស្មាញទាំងឡាយ ។ ដូចនេះប្រការដែលលោកអ្នកមិនគួរប្រព្រឹត្ត គឺការប្រើប្រាស់ថ្នាំងងុយគេងដោយគ្មានវេជ្ជបញ្ជាត្រឹមត្រូវអាចធ្វើឱ្យញៀនក្នុងដំណេក ប៉ះពាល់សុខភាព ។ ទទួលទានសុរាដើម្បីឱ្យគេងលក់ ប្រើប្រាស់ថ្នាំញៀន ដើម្បីបំបាត់អារម្មតានតឹង និងការប្រព្រឹត្តល្បែងស៊ីសងទាំងអស់នេះសុទ្ធតែជាប្រការគួរចៀសវាងព្រោះជាដើមហេតុវិវឌ្ឍន៍ទៅរកវិបត្តិផ្លូវចិត្ត ប៉ះពាល់សុខភាពធ្ងន់ធ្ងរ ។
ប្រការគួរធ្វើ៖ លោកអ្នកត្រូវរកពេលវេលាឱ្យបានគ្រប់គ្រាន់ទោះជាស្ថិតក្នុងតួនាទីណាក៏ដោយ ដើម្បីផ្តល់ចំណីអារម្មណ៍បើកទូលាយទទួលបរិយាកាសដ៏ស្រស់ថ្លា ធ្វើឱ្យសុខភាពរឹងមាំ ។
ការដើរកម្សាន្តជាមួយមិត្តភក្តិឬក្រុមគ្រួសារនៅតាមរមណីយដ្ឋាន ឬបង្កើតកម្មវិធីជប់លៀងក្នុងឱកាសណាមួយជួបមិត្តភក្តិ ជជែកពិភាក្សាឬប្រាប់ពីបញ្ហាលំបាកក្នុងចិត្តបង្ហាញដល់មិត្តភក្តិដើម្បីដោះស្រាយ និងជួយលើកទឹកចិត្តគ្នាទៅវិញទៅមកក៏ជាប្រការដ៏ប្រសើរមួយ ។ បើសិនជាលោកអ្នកមិនមានពេលវេលាច្រើនអាចជ្រើសរើសវិធីហាត់ប្រាណណាមួយក៏បាន ដើម្បីសម្រួលដល់សុខភាពរាងកាយបញ្ចេញជាតិពុលពីក្នុងខ្លួន ។ លោកអ្នកអាចជួយលើកទឹកចិត្តដល់មិត្តភក្តិឬមនុស្សជាទីស្រលាញ់របស់ខ្លួន ក៏ឈ្មោះថា រួមចំណែកជួយស្រោចស្រង់អារម្មណ៍របស់មនុស្សម្នាក់ឱ្យធូរស្រាលពីភាពសៅហ្មង ។ បើសិនជាការជ្រើសរើសវិធីដូចខាងលើ ហើយនៅតែមិនមានប្រសិទ្ធភាព ដំណាក់កាលចុងក្រោយ គឹមានតែសម្រាក ព្យាបាលជាមួយវេជ្ជបណ្ឌិតជំនាញផ្នែកសុខភាពផ្លូវចិត្ត ទើបអាចជួយដោះស្រាយបញ្ហានេះបាន ៕
ចែករំលែកព័តមាននេះ