ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមគោព្រៃកម្ពុជាអាចជាអ្នកជំនួសនៅវគ្គជម្រុះ Asian Cup ក្រោយប៉ាគីស្ថានដកខ្លួនជាផ្លូវការ

16 ម៉ោង មុន

ប្រទេសប៉ាគីស្ថាន ៖ យោងតាមប្រភពពីកាសែតប៉ាគីស្ថាន Geo New កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញផ្សាយថា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ាគីស្ថានបានសម្រេចដកខ្លួនចេញពីការប្រកួតវគ្គជម្រុះពានរង្វាន់…

ប្រទេសប៉ាគីស្ថាន ៖ យោងតាមប្រភពពីកាសែតប៉ាគីស្ថាន Geo New កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញផ្សាយថា ក្រុមកីឡាបាល់ទាត់ជម្រើសជាតិប៉ាគីស្ថានបានសម្រេចដកខ្លួនចេញពីការប្រកួតវគ្គជម្រុះពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៧ ជាផ្លូវការ ដែលការដកខ្លួននេះទំនងជាហុចផលវិជ្ជមាន សម្រាប់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដើម្បីជំនួសកៅអីប៉ាគីស្ថាន។

ការប្រកាសដកខ្លួននេះកើតឡើង បន្ទាប់ពីសហព័ន្ធបាល់ទាត់ពិភពលោក FIFA បានព្យួរសហព័ន្ធបាល់ទាត់ប៉ាគីស្ថានហៅកាត់ថា PFF កាលពីថ្ងៃទី៦ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ ចេញពីសិទ្ធិជាសមាជិកទាំងអស់ និងរារាំងក្រុមជម្រើសជាតិ និងបណ្តាក្លិបអាជីពរបស់ប៉ាគីស្ថានពីការចូលរួមប្រកួតអន្តរជាតិ។ FIFA រកឃើញថា PFF បានបរាជ័យនៅក្នុងការអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញសហព័ន្ធរបស់ខ្លួន ដើម្បីធានាឱ្យមានការបោះឆ្នោតប្រកបដោយយុត្តិធម៌ និងប្រជាធិបតេយ្យ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ PFF បានបញ្ជាក់ពីការដកខ្លួនចេញពីការប្រកួតដោយបញ្ជាក់ថា «សហព័ន្ធបាល់ទាត់ប៉ាគីស្ថាន សោកស្តាយក្នុងការជូនដំណឹងថាក្រុមជម្រើសជាតិប៉ាគីស្ថាន នឹងមិនអាចចូលរួមការប្រកួតវគ្គជម្រុះជុំទី៣ ពានរង្វាន់ AFC Asian Cup ឆ្នាំ ២០២៧»។

ពាក់ព័ន្ធជុំវិញបញ្ហានេះ សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី AFC ធ្លាប់បានព្រមានថា ប្រសិនបើការព្យួរ PFF មិនត្រូវបានលុបចោលត្រឹមថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥នោះទេ ក្រុមជម្រើសជាតិប៉ាគីស្ថាននឹងត្រូវបានចាត់ទុកថាដកខ្លួនចេញពីការប្រកួត។ ប៉ាគីស្ថានស្ថិតក្នុងពូល E ជាមួយស៊ីរី មីយ៉ាន់ម៉ា និងអាហ្វហ្គានីស្ថាន ដោយការប្រកួតបើកឆាកគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៥ ខែមីនា។

តាមរយៈការដកខ្លួននេះ គឺជាផលវិជ្ជមានសម្រាប់ក្រុមជម្រើសជាតិកម្ពុជាអាចនឹងជំនួសប៉ាគីស្ថាននៅក្នុងពូល E ពានរង្វាន់ AFC Asian Cup ឆ្នាំ២០២៧ ដែលប្រទេសអារ៉ាប់ប៊ីអាអូឌីតធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រកួតជុំចុងក្រោយ ដោយហេតុថា ប៉ាគីស្ថានអាចឈានមកដល់វគ្គនេះ ដោយសារយកឈ្នះក្រុមគោព្រៃកម្ពុជាកាលពីវគ្គជម្រុះបឋម សរុបទាំងពីរជើងលទ្ធផល ១-០ កាលពីខែតុលា ឆ្នាំ២០២៣។

ទោះយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះ នៅមិនទាន់មានការប្រកាសជាផ្លូវការណាមួយអំពីការសម្រេចរបស់ FIFA និង AFC នៅឡើយទេ៕ (រូបភាព ៖ PFF និង FFC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ