ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ត្រូវចាយម្តងចន្លោះ៦០០ទៅ១ពាន់ដុល្លារ ជិះឧទ្ធម្ភាគចក្រទៅហ្វឹកហាត់បាល់ទាត់រាល់ថ្ងៃ

10 ម៉ោង មុន

ប្រទេសប្រេស៊ីល ៖ ប្រភពពី Daily Mail និង beIN SPORTS កាលពីថ្ងៃទី៥ ខែកុម្ភៈ…

ប្រទេសប្រេស៊ីល ៖ ប្រភពពី Daily Mail និង beIN SPORTS កាលពីថ្ងៃទី៥ ខែកុម្ភៈ បានចេញផ្សាយថា កីឡាករ Neymar Jr. ត្រូវបានរាយការណ៍មកថាបានធ្វើដំណើរដោយឧទ្ធម្ភាគចក្រដ៏ប្រណីតផ្ទាល់ខ្លួនទៅហ្វឹកហាត់ថ្ងៃដំបូងជាមួយក្រុម Santos បន្ទាប់ពីសម្រេចការផ្ទេរវិលត្រឡប់មកចូលរួមជាមួយក្លិបអាជីពដំបូងបំផុតរបស់ខ្លួនវិញ កាលពីសប្តាហ៍មុន។

ប្រភពដដែលបន្តថា ព័ត៌មាននេះលេចចេញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីខ្សែប្រយុទ្ធឆ្នើមប្រេស៊ីលវ័យ៣៣ឆ្នាំរូបនេះ បានត្រលប់មកចូលរួមជាមួយ Santos វិញ កាលពីថ្ងៃទី១ ខែកុម្ភៈ ដោយរូបគេបានចុះហត្ថលេខាលើកុងត្រារយៈពេល៦ខែ ជាមួយជម្រើសបន្ថែមរហូតដល់មូយឆ្នាំ នៅក្នុងគោលបំណងស្តារទម្រង់លេងកំពូលរបសខ្លួនឡើងវិញ ត្រៀមសម្រាប់ការប្រកួត World Cup ឆ្នាំ ២០២៦។ កីឡាករញាំញីដោយរបួសរូបនេះ បានព្រមព្រៀងជាមួយក្លិប Al-Hilal បញ្ចប់កុងត្រាមុនពេលកំណត់ បន្ទាប់ពីចំណាយពេល១៨ខែ លេងបានត្រឹមតែ៧ប្រកួត ស៊ុតបញ្ចូលទីបានតែ១គ្រាប់ប៉ុណ្ណោះ និងរកចំណូលបាន២៥០លានដល្លារនៅទឹកដីអារ៉ាប៊ីសាអូឌីត។

យោងតាមប្រភពពីសារព័ត៌មានប្រេស៊ីល Globo ថ្មីៗនេះ បានរាយការណ៍ថា Neymar បានធ្វើដំណើរដោយឧទ្ធម្ភាគចក្រដ៏ប្រណីតរបស់ខ្លួន ដើម្បីទៅហ្វឹកហាត់ថ្ងៃដំបូងជាមួយក្រុម Santos ស្របពេលខ្សែប្រយុទ្ធឆ្នើមក្រុមសាំបាប្រេស៊ីលរូបនេះ មិនទាន់ទិញបានផ្ទះនៅក្នុងក្រុងសាន់តូសនៅឡើយទេ។

Neymar កំពុងតែស្វែងរកទិញផ្ទះថ្មីនៅ Morro de Santa Terezinha ដែលជាតំបន់ដ៏មានកិត្យានុភាពនៃក្រុងសាន់តូស។ Neymar ត្រូវធ្វើដំណើរប្រហែល ៥០០គីឡូម៉ែត្រពីផ្ទះរបស់គេនៅតំបន់ Mangaratiba នៃទីក្រុងរីយ៉ូដឺចេណេរ៉ូ (Rio de Janeiro) ដែលកំពុងរស់នៅជាមួយប្រពន្ធ នាង Bruna Biancardi និងកូនស្រីរបស់ពួកគេ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការធ្វើដំណើរតាមឧទ្ធម្ភាគចក្ររយៈពេលមួយម៉ោងទៅកាន់កន្លែងហ្វឹកហ្វឺន Neymar ត្រូវចំណាយប្រាក់ចន្លោះពី ៦០០ទៅ១ពាន់ដុល្លារ ដោយមិនរាប់បញ្ចូលប្រាក់ឈ្នួលរបស់អ្នកបើកឧទ្ធម្ភាគចក្រ និងក្រុមការងារ រួមទាំងការចំណាយលើការថែទាំ។ ឧទ្ធម្ភាគចក្រឯកជន The Airbus H-145 របស់អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Barcelon និង PSG រូបនេះ ត្រូវបានផលិតក្នុងឆ្នាំ ២០១៩ តម្លៃ ១៣លានអឺរ៉ូ មកជាមួយសមត្ថភាពផ្ទុកអ្នកបើកបរពីរនាក់ និងអ្នកដំណើរ៨នាក់។ ក្រៅអំពីប្រណីតភាព ឧទ្ធម្ភាគចក្រ នេះមានសមត្ថភាពខ្ពស់ហោះហើរក្នុងស្ថានភាពអាកាសធាតុអាក្រក់ខ្លាំងផងដែរ។ ដូច្នេះតាមរយៈការចុះផ្សាយខាងលើ Neymar ត្រូវចំណាយប្រាក់ចន្លោះពី ៦០០ទៅ១ពាន់ដុល្លារ សម្រាប់ការហោះហើរមួយលើក ដើម្បីធ្វើដំណើរទៅកន្លែងហ្វឹកហាត់។
Neymar បានយល់ព្រមកាត់បន្ថយប្រាក់ឈ្នួលដ៏ច្រើនរបស់ខ្លួន ដើម្បីត្រលប់មកប្រកបអាជីពនៅប្រទេសកំណើតវិញ ខណៈកុងត្រាបច្ចុប្បន្នរួមមានប្រាក់ខែគោលប្រហែល ១៧ម៉ឺនដុល្លារក្នុងមួយខែ និងចំណែក ៩០% នៃសិទ្ធិរូបភាពផងដែរ។

គួររំលឹកជូនថា Neymar ចូលហ្វឹកហាត់បាល់ទាត់ជាមួយសាលាថ្នាលក្លិប Portuguesa Santista និង Santos មុនក្លាយជាកីឡាករអាជីពជាមួយក្រុមឈុតធំក្លិប Santos នៅឆ្នាំ ២០០៩ ដោយបង្ហាញខ្លួនសរុប ២២៥ប្រកួត ស៊ុតបញ្ចូលទី១៣៦គ្រាប់ មុនផ្លាស់ទៅក្លិប Barcelona នៅឆ្នាំ ២០១៣ ដោយស៊ុតបញ្ចូលទីបាន១០៥គ្រាប់ពីការបង្ហាញខ្លួនសរុប ១៨៦ប្រកួត។

Neymar បានផ្លាស់ពី Barcelona ទៅចូលរួមជាមួយ PSG នៅក្នុងតម្លៃកំណត់ត្រាពិភពលោក ២២២លានអឺរូ កាលពីឆ្នាំ ២០១៧ ហើយតម្លៃនេះ នៅតែមិនទាន់មានកីឡាកររូបណាបំបែកបាននៅឡើយទេ។ ខ្សែប្រយុទ្ធកម្ពស់ ១.៧៥ម៉ែត្ររូបនេះ ស៊ុតបញ្ចូលទីបាន ១១៨គ្រាប់ពីការបង្ហាញខ្លួន ១៧៣ប្រកួត មុនក្លាយជាសមាជិកក្រុម Al-Hilal នៅឆ្នាំ ២០២៣។

គួរបញ្ជាក់ថា Santos បានគ្រងជើងឯកក្របខណ្ឌលីគលំដាប់ទី២ប្រេស៊ីល Serie B និងឡើងមកប្រកួតប្រជែងនៅលីគកំពូល Serie A នៅរដូវកាលថ្មីនេះ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៩ ខែមីនា រហូតដល់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ ២០២៥៕ ប្រភព ៖ Daily Mail

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ