ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគាំទ្របង្ហាញក្តីបារម្ភ ក្រោយចាន់ វឌ្ឍនាកា រងរបួ.សជង្គង់​ម្តង​ទៀត

22 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ខ្សែប្រយុទ្ធក្លិបបឹងកេត ចាន់ វឌ្ឍនាកា កំពុងស្ថិត​នៅ​ក្នុង​ភាព​មន្ទិលជាថ្មីក្នុងការបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង បន្ទាប់ពីកីឡាកររូប​នេះ​ឈឺចុក​ចាប់​នៅជង្គង់ខាង​ឆ្វេង ហើយ​ត្រូវ​បាន​ប្តូរ​ចេញអំឡុង​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន…

រាជធានីភ្នំពេញ ៖ ខ្សែប្រយុទ្ធក្លិបបឹងកេត ចាន់ វឌ្ឍនាកា កំពុងស្ថិត​នៅ​ក្នុង​ភាព​មន្ទិលជាថ្មីក្នុងការបង្ហាញខ្លួនក្នុងជម្រើស១១នាក់ដំបូង បន្ទាប់ពីកីឡាកររូប​នេះ​ឈឺចុក​ចាប់​នៅជង្គង់ខាង​ឆ្វេង ហើយ​ត្រូវ​បាន​ប្តូរ​ចេញអំឡុង​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៨ ឆ្នាំ​២០២៥ កាលពី​ថ្ងៃទី១៥ មករា ឆ្នាំ២០២៥ ។

សម្រាប់ការ​ប្រកួត​នាពេល​នោះ ​អ្នកគាំទ្របង្ហាញក្ដីបារម្ភនៅពេលឃើញ​​ខ្សែ​ប្រយុទ្ធ​ពាក់ស្លាកប្រធានក្រុមបឹងកេតរូប​នេះ​​ព្យាយាម​អូស​បាល់​​គេចចេញពីកីឡាករ​ក្រុម​ខេត្ត​កំពង់ចាមក៏​ដួល​តែម្នាក់ឯងដោយ​បង្ហាញ​អាការៈ​ឈឺចាប់យ៉ាង​ខ្លាំង​​នៅផ្នែកជង្គង់ខាងឆ្វេងនោះ ។ ក្រោយការត្រួតពិនិត្យ​ គ្រូ​ពេទ្យ​ប្រចាំ​ក្លិប​បឹងកេត បានសម្រេច​ប្តូរចាន់ វឌ្ឍនាកា ចេញនៅនាទីទី៤០។ ​

មកដល់ពេលនេះក្លិបបឹងកេតក៏បានចេញសេចក្ដី​ប្រកាស​ព័ត៌មានកាលពីថ្ងៃទី១៦ មករា​ ជុំវិញលទ្ធផលពិនិត្យបញ្ហារបួសរបស់កីឡាករចាន់ វឌ្ឍនាកា ផងដែរ ។ ក្លិប​បឹង​កេ​ត​បង្ហាញការសោកស្ដាយ​បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​ស្គែ​ន MRI ជង្គង់​ខាងឆ្វេង​របស់​កីឡាករ ចាន់ វឌ្ឍនាកា នៅ​ថ្ងៃនេះ(១៦ មករា) ដែល​បង្ហាញ​ថា ACL ជង្គង់​ឆ្វេង​របស់ វឌ្ឍនាកា បាន​ដាច់ ហេ​ី​យ​ទ្រនាប់​ឆ្អឹងខ្ចី​ជង្គង់​របស់​គេ​បាន​បែក បន្ទាប់​ពី​បាន​រង​របួស​អំឡុង​ការ​ប្រកួត​ទល់​នឹងក្រុម​ខេត្តកំពង់ចាម ក្នុង​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន​សែន​២០២៤-២៥​។ ក្លិប​សូម​ជូនពរ វឌ្ឍនាកា ឆាប់​បានជា​សះ​ស្បេ​ី​យ​។

ជុំវិញក្តីបារម្ភនេះ ចាន់ វឌ្ឍនាកា បានបង្ហោះសារ​នៅលើ​ផេក​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ថា៖«អរគុណ ពុកម៉ែ បងប្អូន អ៊ំ ពូ មីង យាយតា នូវការបារម្ភ និង​ជូនពរមកកាន់រូបខ្ញុំ ក្រោយមានការដួលនៅក្នុងទីលានប្រកួតល្ងាចម៉ិញ ។

ជម្រាប ពុក​ម៉ែ អ៊ំពូ​មីង យាយ​តា បងប្អូន​ទាំងអស់​គ្នា គ្រប់យ៉ាង​គឺ​ត្រូវ​តែ​ទទួលយក​ទោះជា​លទ្ធផល​បែប​ណា​ក៏​ដោយ ខ្ញុំ​ត្រូវ​ទទួល​បាន​នូវលទ្ធផល​ដ៏អាក្រក់​មួយ​គឺ​រង​ការ​ដាច់​ស​រសៃ​ពួរ​ជង្គង់​ខាងឆ្វេង (ACL) និង ការ​ដាច់​បែក​ទ្រនាប់​ឆ្អឹងខ្ចី​ជង្គង់ (meniscus) ។ សូម​បញ្ជាក់​ផង​ដែរ​ថា​ របួស​នេះ​មិនមែន​ជា​របួស​ចាស់​ដែល​កើតឡើង​កាលពី​ឆ្នាំ​២០២២​នោះ​ទេ គឺ​វា​បាន​កើតឡើង​នៅ​ជើង​ខាងឆ្វេង​វិញ​ម្ដង អរគុណ​គ្រប់​គ្នា​នៅ​ការ​បារម្ភ និងជូនពរ​មក​កាន់​ខ្ញុំ គ្រប់យ៉ាង​គឺ​រង់ចាំ​ការ​ប្រជុំ​ដើម្បី​សម្រេច​ធ្វើ​តាម​ក្រុម​គ្រូពេទ្យ​ជំនាញ។»

គួររំលឹកផងដែរថា ខ្សែប្រយុទ្ធបឹងកេត ចាន់ វឌ្ឍនាកា ធ្លាប់រងរបួសដាច់សរសៃជង្គង់ខាង
ស្តាំ ក្នុងជំនួបជាមួយ​ក្រុម​វិសាខា ក្នុងការ​ប្រកួត​ពានរង្វាន់ Prince Beer Pre-season Cup នៅ​កីឡដ្ឋាន​ព្រីនស៍ កាល​ពី​ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ តែ​រូបគេ​វះកាត់​ទទួល​បានជោគ​ជ័យ ហើយ​បានវិល​ត្រឡប់​មក​កាន់​ទីលាន​ប្រកួត​ជា​ផ្លូវការ​វិញ ក្នុងពេល​ក្រុមបឹងកេត បាន​យក​ឈ្នះក្រុម​កងយោធពលខេមរភូមិន្ទ ៤-៣ នៃ​ការ​ប្រកួត​​ពានរង្វាន់​ខេម​បូ​ឌាន​លីគ​ខាប់ កាលពី​ថ្ងៃទី​៥ ខែមីនា ឆ្នាំ​២០២៣។

របួសដាច់សរសៃជង្គង់ខាងស្ដាំលើកមុនចាន់ វឌ្ឍនាកា បានចំណាយ​ពេលជាង១ឆ្នាំដើម្បី​ព្យាបាលឱ្យជាសះស្បើយ​១០០​ភាគ​រយវិញ ។ ពេលនេះ​ កីឡាករឆ្នើមដ៏មានប្រជាប្រិយរូបនេះ មាន​បញ្ហារបួសជង្គង់​ឆ្វេង​វិញម្តង ដែលគេមិនដឹងថាត្រូវចំណាយពេលព្យាបាលប៉ុន្មានទើបជាសះស្បើយដូចដើមវិញទេ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ