ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តាក្រុមកីឡាអាជីពក្នុងតំបន់ LA ប្រកាស​បរិច្ចាគ​ប្រាក់រួមគ្នា តែបែររងការរិះគន់ពីមហា​ជន​ទៅវិញ

4 ម៉ោង មុន

សហរដ្ឋអាមេរិក ៖ ក្រុមកីឡាអាជីពទាំង ១២ នៅក្នុងតំបន់នៃទីក្រុងឡូសអាន់ជ័រលេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក…

សហរដ្ឋអាមេរិក ៖ ក្រុមកីឡាអាជីពទាំង ១២ នៅក្នុងតំបន់នៃទីក្រុងឡូសអាន់ជ័រលេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) សហរដ្ឋអាមេរិក ដែលរួមមាន បាល់ទាត់ (Soccer) បាល់ទាត់អាមេរិក (Football) បាល់បោះ កីឡាបេស្ប៊ល (Baseball) កីឡាវាយកូនឃ្លីលើទឹកកក (Ice Hockey) ទាំងផ្នែកបុរស និងនារី បានពួតដៃគ្នាបរិច្ចាគថវិកាជាង៨លានដុល្លារអាមេរិក សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្គ្រោះមហន្តរាយភ្លើងឆេះព្រៃដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលបានបំផ្លិចបំផ្លាញទំហំច្រើនសន្ធឹកសន្ធាប់នៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។

ក្រុមទាំង១២ រួមមាន Angel City FC, The Anaheim Angels, The Chargers, The Clippers, The Dodgers, The Ducks, LA Galaxy, The Kings, LAFC, The Lakers, The Rams និង The LA Sparks កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ តាមរយៈក្រុមការងារបានចេញសេចក្តីថ្លែងការណ៍ជារួមមួយ ដោយសន្យាបរិច្ចាគថវិការួមគ្នាជាង៨លានដុល្លារដល់មូលនិធិសង្គ្រោះភ្លើងឆេះព្រៃ ហើយបានផ្ញើសេចក្តីប្រកាសព័ត៌មានដោយកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមសង្គ្រោះទាំងអស់។

ក្រុមការងារបានកត់សម្គាល់ថា ក្រុមទាំង១២ក៏បានចូលរួមជាមួយអង្គការសម្លៀកបំពាក់ មូលនិធិ Fanatics Foundation ដើម្បីចែកចាយរបស់របរជាច្រើនផ្សេងទៀត ដែលមានតម្លៃជាង៣លានដុល្លារដល់គ្រួសារត្រូវការជំនួយ ដែលត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ។ បណ្តាក្រុមកីឡានៅក្នុងតំបន់នៃទីក្រុងឡូសអាន់ជ័រលេស ក៏កំពុងរៀបចំកម្មវិធីចែកជំនួយនៅកីឡដ្ឋានមួយចំនួនរបស់ពួកគេ ដើម្បីផ្តល់សម្ភារៈអនាម័យ សម្ភារៈសិក្សា ស្បែកជើង និងរបស់របរប្រើប្រាស់ជាច្រើនទៀតដល់អ្នករងផលប៉ះពាល់។ ហើយក្រុមអាចបង្ហាញកម្មវិធី និងការគាំទ្ររបស់ពួកគេផ្ទាល់ដល់ជនរងគ្រោះ និងក្រុមសង្គ្រោះជួរមុខផងដែរ។

យ៉ាងណាមិញ តួលេខនៃការបរិច្ចាគថវិកាជាង៨លានដុល្លារ ត្រូវបានបណ្តាអ្នកនិយមលេងបណ្តាញទំនាក់ទំនងសង្គមពិពណ៌នាថា ផលបូកទាបគួរឱ្យខ្មាស់អៀន និង គួរឱ្យអស់សំណើច ខណៈអ្នកគ្រប់គ្នាបានចង្អុលបង្ហាញអំពីទ្រព្យសម្បត្តិ និងតម្លៃដ៏ច្រើនមហាសាលនៃក្រុមទាំងនោះ រួមទាំងម្ចាស់ក្លិបរបស់ពួកគេ ដែលត្រូវបានគេជឿថាមានតម្លៃរួមបញ្ចូលគ្នាប្រហែល ៣៦ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយពីកាសែត The Independent ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

យោងតាមការប៉ាន់ប្រមាណជាបឋមពី AccuWeather ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយឯកជនរបស់សហរដ្ឋអាមេរិក ដែលផ្តល់សេវាកម្មព្យាករណ៍អាកាសធាតុ គិតត្រឹមថ្ងៃអង្គារ បានបង្ហាញថា ការចំណាយសរុបនៃការបំផ្លិចបំផ្លាញ និងការបាត់បង់សេដ្ឋកិច្ចពីមហន្តរាយងឆេះព្រៃ នៅទីក្រុងឡូសអាន់ជ័រលេស ស្ថិតក្នុងចំណោមហេតុការណ៍ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិកនោះ ចន្លោះពី ២៥០ពាន់លានដុល្លារ ទៅ ២៧៥ពាន់លានដុល្លារ។

ពាក់ព័ន្ធជុំវិញការរិះគន់ពីមហាជនយ៉ាងខ្លាំងបែបនេះ កាសែត The Independent បានធ្វើការទាក់ទងទៅកាន់ស្ថាប័នកីឡាទាំង១២ដែលពាក់ព័ន្ធ ដើម្បីសុំការអត្ថាធិប្បាយលើការបរិច្ចាគ ដែលត្រូវបានប្រកាសកាលពីពេលថ្មីៗនេះ។ ប៉ុន្តែគ្មាននរណាម្នាក់ឆ្លើយតបនៅឡើយទេ។

ប្រភពពីទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា មនុស្សប្រហែល ៦.៥លាននាក់នៅតែស្ថិតក្រោមការគំរាមកំហែងដោយសារភ្លើងឆេះយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឱ្យមានអ្នកស្លាប់យ៉ាងតិច ២៥នាក់៕ ដកស្រង់ ៖ The Independent និង Reuters

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ