ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យល់ស្របអត់? Ronaldo អះអាងថា ខ្លួនជាកីឡា ករ​ល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់

6 ម៉ោង មុន

អន្តរជាតិ ៖ កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo បានធ្វើការអះអាងដ៏ភ្ញាក់ផ្អើលថា ខ្លួនគឺជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយមានស្ថិតិ និងកំណត់ត្រាដ៏អស្ចារ្យរបស់ខ្លួនគឺជាសម្អាង ប៉ុន្តែខ្លួនក៏នៅតែគោរពការសម្រេចចិត្តរបស់ស្នេហាបាល់ទាត់ជាច្រើនផ្សេងទៀត…

អន្តរជាតិ ៖ កីឡាករបាល់ទាត់ឆ្នើម Cristiano Ronaldo បានធ្វើការអះអាងដ៏ភ្ញាក់ផ្អើលថា ខ្លួនគឺជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយមានស្ថិតិ និងកំណត់ត្រាដ៏អស្ចារ្យរបស់ខ្លួនគឺជាសម្អាង ប៉ុន្តែខ្លួនក៏នៅតែគោរពការសម្រេចចិត្តរបស់ស្នេហាបាល់ទាត់ជាច្រើនផ្សេងទៀត ដែលបានអះអាងថា Lionel Messi, Pele ឬ Diego Maradona គឺជាកីឡាករល្អបំផុត។ នេះបើយោងតាមប្រភពពីសារព័ត៌មានធំៗជាច្រើន រួមទាំង ESPN, Eurosport, talkSPORT និង goal.com ដែលចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ។

នៅក្នុងបទសម្ភាសន៍ជាមួយនឹងទូរទស្សន៍អេស្ប៉ាញ El Chiringuito កាលពីថ្ងៃចន្ទ ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំគឺជាកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់។ ខ្ញុំមិនឃើញថាមាននរណាម្នាក់ល្អជាងខ្ញុំក្នុងប្រវត្តិសាស្ត្របាល់ទាត់នោះទេ ហើយនេះខ្ញុំនិយាយការពិតចេញពីបេះដូងខ្ញុំតែម្តង»។

ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ ដែលឈានចូលវ័យ៤០ឆ្នាំ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ រូបនេះ តែងតែប្រឈមមុខនឹងការប្រៀបធៀបឥតឈប់ឈរជាមួយប្រធានក្រុមជម្រើសជាតិអាហ្សង់ទីន Lionel Messi ពេញមួយអាជីពរបស់ខ្លួន ហើយអំឡុងពេលបទសម្ភាសន៍ Ronaldo បានឱ្យដឹងថា អ្នកគាំទ្រជាច្រើនចូលចិត្ត Messi ប៉ុន្តែគេនៅតែទទូចថា ស្ថិតិ និងកំណត់ត្រាដ៏អស្ចារ្យបានគាំទ្រការអះអាងរបស់ខ្សែប្រយុទ្ធក្រុម Al Nassr រូបនេះថា រូបគេគឺល្អបំផុត។

អតីតខ្សែប្រយុទ្ធឆ្នើមក្រុម Sporting Lisbon, Manchester United , Real Madrid និង Juventus រូបនេះបានបន្តទៀតថា «ខ្ញុំកំពុងនិយាយអំពីស្ថិត។ ខ្ញុំគិតថាខ្ញុំជាកីឡាករល្អពេញលេញគ្រប់លក្ខណៈ។ ខ្ញុំបានធ្វើអ្វីៗគ្រប់យ៉ាងបានយ៉ាងល្អក្នុងពិភពបាល់ទាត់ទាំងក្បាល ទាំងទាត់ហ្វ្រីឃីក ជើងឆ្វេង ល្បឿន និងភាពរឹងមាំ។ ប្រសិនបើអ្នកចូលចិត្ត Messi, Pele, Maradona ខ្ញុំយល់រឿងនេះ ហើយខ្ញុំគោរពការសម្រេចចិត្តនេះ ប៉ុន្តែការនិយាយថា Ronaldo មិនពេញលេញគ្រប់លក្ខណៈ គឺមិនត្រឹមត្រូវនោះទេ ខ្ញុំពេញលេញគ្រប់លក្ខណៈបំផុត។ ខ្ញុំមិនបានឃើញមាននរណាម្នាក់ល្អជាងខ្ញុំទេ ហើយខ្ញុំនិយាយចេញពីបេះដូង»។

ម្ចាស់ពានរង្វាន់ Ballon d’Or ៥សម័យកាលរូបនេះ បានបំបែកកំណត់ត្រាជាច្រើនក្នុងអាជីពរបស់ខ្លួន ហើយជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ៩២៣គ្រាប់ ដែលរកបានចុងក្រោយក្នុងការប្រកួតក្រុម Al Nassr យកឈ្នះ Al Wasl លទ្ធផល ៤-០ នៅពានរង្វាន់ AFC Champions League កាលពីថ្ងៃចន្ទ។

Ronaldo បានឈរលើកំពូលតារាងទស្សនាវដ្តី Forbes នៃបញ្ជីអត្តពលិករកចំណូលបានច្រើនបំផុតប្រចាំឆ្នាំ ២០២៤ រហូតដល់ ២៨៥លានដុល្លារអាមេរិក។ ក្រៅពីជាកីឡាករមានថ្លៃពលកម្មខ្ពស់បំផុតលើពិភពលោកនាពេលបច្ចុប្បន្ន ២០០លានអឺរ៉ូជាមួយក្លិប Al Nassr ហើយនោះ Ronaldo ក៏ជាបុគ្គលមានឥទ្ធិពលបំផុតលើបណ្តាញទំនាក់ទំនងសង្គមផងដែរ។ កាលពីខែកញ្ញាកន្លងទៅ រូបគេជាបុគ្គលដំបូងគេលើលោកមានអ្នកតាមដានលើបណ្តាញសង្គមរួមមាន Instagram Facebook X YouTube Kuaishou និង Weibo រហូតដល់១ពាន់លាននាក់ ខណៈការឈានដល់វ័យ៤០ឆ្នាំ ក៏នៅតែមិនបានជំរុញឱ្យខ្សែប្រយុទ្ធកម្ពស់១,៨៧ម៉ែត្ររូបនេះ គិតពីការចូលនិវត្តន៍ទាំងក្លិបអាជីព និងក្រុមជម្រើសជាតិព័រទុយហ្គាល់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ