ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការសិក្សាស្រាវជ្រាវ និងចង.ក្រងអត្តសញ្ញាណឱ្យច្បាស់នូវប្រភេទយុទ្ធគុន​ដូនតាខ្មែរ នឹងសង្គ្រោះ ថែរក្សា និងអភិរក្ស ក្បាច់គុនដូនតាខ្មែរឱ្យបាន​គង់វង្ស

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម ថោ​ង ខុន…

រាជធានីភ្នំពេញ ៖ សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាត​ឱ្យ ឯកឧត្តម ថោ​ង ខុន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌​កំបាំង​យុទ្ធ​គុន​ដូនតា​ខ្មែរ ចូល​ជួប​សម្ដែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​នាព្រឹក​ថ្ងៃ​ទី​០៤ ​ខែកុម្ភៈ ឆ្នាំ​២០២៥​។

ក្នុង​ឱកាស​នៃ​ជំនួប​ឯកឧត្តម ថោ​ង ខុន ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​គណៈកម្មការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌​កំបាំង​យុទ្ធ​គុន​ដូនតា​ខ្មែរ បាន​គោរព​រាយការណ៍​ជូន​សម្ដេច​បវរ​ធិ​បតី​អំពី​វឌ្ឍនភាព​ស្តី​ពី​ការ​ស្រាវជ្រាវ​គម្ពីរ​អាថ៌​កំបាំង​យុទ្ធ​គុន​ដូនតា​ខ្មែរ ដោយ​គណៈកម្មការ​បាន​សម្រេច​ការងារ​សំខាន់​ៗ​មួយ​ចំនួន​។ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី បាន​បន្ថែម​ទៀត​ថា គណៈកម្មការ​បាន​បែងចែក​ភារកិច្ច​ដល់​ក្រុម​ជំនាញ​ស្រាវជ្រាវទៅ​តាម​ប្រភេទ​នីមួយ​ៗ​នៃ​ក្បាច់គុន​ដូនតា​ខ្មែរ ដែល​ការ​ស្រាវជ្រាវ​នោះ គឺ​ពឹងផ្អែក​លើ​ប្រភព​អរូបី ដែល​រួម​មាន​មរតក​មនុស្ស​រស់ សម្រាប់​ជា​មូលដ្ឋាន​នៃ​ការ​ស្រាវជ្រាវ និង​ប្រភព​រូបី ដែល​មាន​សាស្ត្រា​ស្លឹករឹត វត្ថុ​បុរាណ សិលាចារឹក​ដែល​មាន​ឆ្លាក់​នៅ​តាម​ប្រាសាទបុរាណ​នានា ព្រមទាំង​ប្រភព​កម្លាំង​ធម្មជាតិ ដូច​ជា​ការ​ស្រាវជ្រាវ​លើ​យ័ន្តនិងមន្តអាគម​ជាដើម​។

ក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី​ក៏​បាន​គោរព​ជម្រាប​ជូន​សម្ដេច​បវរ​ធិ​បតី​អំពី​ការ​ត្រៀម​រៀបចំ​ការ​ប្រកួត​កីឡា​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ «​ពានរង្វាន់​សម្ដេច​ធិ​បតី​» លើក​ទី​២ ដែល​គ្រោង​រៀបចំ​នៅ​ចុងឆ្នាំ​២០២៥​។

ជា​ការ​ឆ្លើយ​តប សម្ដេច​បវរ​ធិ​បតី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​សម្រេច​
បាន​របស់​គណៈកម្មការ​ស្រាវជ្រាវ ដែល​បាន​ខិតខំ​នា​ពេល​កន្លង​មក និង​បាន​គូសបញ្ជាក់​ថា យុទ្ធ​គុន​ដូនតា​ខ្មែរ​ដែល​បាន​រក្សា​ទុក​សម្រាប់​កូន​ខ្មែរ​ជំនាន់​ក្រោយ មាន​ភាព​សម្បូរ​បែប និង​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន ដូច្នេះ​យើង​ត្រូវ​ខិតខំ​ស្រាវជ្រាវ ចងក្រង ផ្សព្វផ្សាយ និង​អនុវត្ត ដើម្បី​អភិរក្ស​មរតក​យុទ្ធ​គុន​ដូនតា​ខ្មែរ ឱ្យ​មាន​និរន្តរភាព និង​បន្ត​ត​ជំនាន់​។

សម្ដេច​បវរ​ធិ​បតី​បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា ការ​សិក្សា​ស្រាវជ្រាវ​នេះ គឺ​ត្រូវធ្វើ​យ៉ាងណា​ឱ្យ​មាន​ភាព​សុក្រឹត និង​ច្បាស់លាស់​ដោយ​ផ្អែក​លើ​តឹកតាង​ប្រវត្តិសាស្ត្រ ព្រោះ​នេះ​ជា​ឯកសារ​ផ្លូវការ​ដ៏​មាន​សារៈសំខាន់​បំផុត​ដែល​ចងក្រង​អំពី​យុទ្ធ​គុន​ដូនតា​ខ្មែរ​ ។ ជាមួយ​គ្នា​នេះ គណៈកម្មការ​ត្រូវ​សិក្សា​ស្រាវជ្រាវ និង​កំណត់​អត្តសញ្ញាណ​ឱ្យ​ច្បាស់​នូវ​ប្រភេទ​យុទ្ធ​គុន​នីមួយ​ៗ ដើម្បី​សង្គ្រោះ​យុទ្ធ​គុន​ដូនតា​ខ្មែរ​ដែល​បាន​បាត់បង់​, ជិត​នឹង​បាត់បង់ ក៏​ដូច​ជា​អភិរក្ស​យុទ្ធ​គុន​ដូនតា​ខ្មែរ​ដែល​កំពុង​មានការ​រីក​ចម្រើន​នា​ពេល​បច្ចុប្បន្ន​។

សម្ដេច​បវរ​ធិ​បតី​បាន​លើកទឹកចិត្ត​ដល់​គណៈកម្មការ​បង្កើន​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​នូវ​ប្រភេទ​យុទ្ធ​គុនដូនតា​ខ្មែរ ដ៏​សម្បូណ៌​បែប​។

ចំពោះ​ការ​រៀបចំ​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​ខ្មែរ​បុរាណ «​ពានរង្វាន់​សម្ដេច​បវរ​ធិ​បតី​» លើក​ទី​២ ឆ្នាំ​២០២៥​នេះ សម្ដេច​បវរ​ធិ​បតី​បាន​លើកទឹកចិត្ត​ឱ្យ​គណៈកម្មការរៀបចំ​នីតិវិធី​នៃ​ការ​ប្រកួត​ឱ្យ​កាន់តែ​ល្អ​ប្រសើរ និងជំរុញ​ការ​ចូលរួម​ឱ្យ​បាន​ទូលំទូលាយ​ពី​គ្រប់​ប្រភេទ​យុទ្ធ​គុន​ខ្មែរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​បាន​យល់​ដឹង​កាន់តែ​ច្រើនអំពី​មរតក​យុទ្ធ​គុន​ដូនតា​ខ្មែរ​យើង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ