ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​បាល់ទាត់​វិសាខា ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​លោក Jurgis Kalns នឹង​យក​គ្រូបង្ហាត់​ពី​ទ្វីបអាស៊ី មក​ជំនួស

20 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្លិប​បាល់ទាត់​វិសាខា ក្រោយ​ពី​បាន​ប្រកាស​ចែកផ្លូវ​គ្នា ជាមួយ​លោកគ្រូ Jurgis Kalns ជនជាតិ​ឡា​ត​វី មក​ពី​ទ្វីបអឺរ៉ុប បាន​ដាក់​ការ​រំពឹង​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ ក្លិប​បាល់ទាត់​វិសាខា ក្រោយ​ពី​បាន​ប្រកាស​ចែកផ្លូវ​គ្នា ជាមួយ​លោកគ្រូ Jurgis Kalns ជនជាតិ​ឡា​ត​វី មក​ពី​ទ្វីបអឺរ៉ុប បាន​ដាក់​ការ​រំពឹង​ខ្ពស់ ក្នុង​ការ​ស្វែងរក​គ្រូ ដើម្បី​ជំនួស​តំណែង​ដ៏​សំខាន់​មួយ​នេះ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​កញ្ញា អ៊ូ បញ្ញា​សុ​កិ​ត្យា នាយិការ​គ្រប់គ្រង​ក្លិប​បាល់ទាត់​វិសាខា នៅ​ក្នុង​ស​ន្និ​សិ​ទ​សារព័ត៌មាន កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកុម្ភៈ នៅ​ក្លិប​បាល់ទាត់​វិសាខា ។

កញ្ញា អ៊ូ បញ្ញា​សុ​កិ​ត្យា បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ក្លិប​វិសាខា រៀបចំ​ធ្វើ​ស​ន្និ​សិ​ទ​សារព័ត៌មាន​នេះ​ឡើង ដើម្បី​ស្រាយ​ច​ម្ង​ល់​ផ្សេង​ៗ ដែល​បណ្ដាញ​សង្គម​មួយ​ចំនួន មានការ​មិន​អស់ចិត្ត ពី​រឿង​ការ​ចែ​ក​ផ្លូវ​គ្នា​រវាង​គ្រូ​ជនជាតិ​អឺរ៉ុប​មួយ​នេះ ជាមួយ​ក្លិប​បាល់ទាត់​វិសាខា នៅ​មុន​បញ្ចប់​កិច្ចសន្យា កញ្ញា អ៊ូ បញ្ញា​សុ​កិ​ត្យា តំណាង​ឱ្យ​ក្លិប​បាល់ទាត់​វិសាខា បាន​លើក​ឡើង​ថា ជា​រឿង​ធម្មតា​នោះ​ទេ ក្នុង​នាម​ជា​ប្ដី​ប្រពន្ធ បើ​រស់នៅ​មិន​ចុះសម្រុង​នឹង​គ្នា វិធី​ម្យ៉ាង​គត់​មាន​តែ​ចែកផ្លូវ​គ្នា​ដើរ​ប៉ុណ្ណោះ កញ្ញា​មិន​បាន​បន្ទោស​ថា ខាង​ត្រូវ​ខាង​ណា​ខុស​នោះ​ឡើយ ព្រោះថា ទាំង​សងខាង ប្រកាន់​នូវ​គោលការណ៍​រៀង​ៗ​ខ្លួន​។ ម្យ៉ាងវិញទៀត រយៈពេល​កន្លង​មក ខាង​ក្លិប​មិន​ដែល​លូកដៃ​ក្នុង​ការ​ដោះ​ដូ​កីឡាករ ដែល​នាំ​ឱ្យ​មានការ​ប៉ះពាល់​ទៅ​ដល់​ការងារ​បច្ចេកទេស​របស់​គ្រូបង្វឹក​នេះ​ទេ ។

ទន្ទឹម​ជាមួយនឹង​ការ​បញ្ចប់​កិច្ចសន្យា​នេះ​ដែរ កញ្ញា​ក៏​បាន​ទទួលស្គាល់​នូវ​ការ​ខាតបង់​ផលប្រយោជន៍​ដ៏​យ៉ាង​ធំធេង ព្រោះថា បើ​យើង​យក​អ្នក​ណា​មក​ម្នាក់​ជា​គ្រូ ឬ​ជា​កីឡាករ​នោះ​ទេ សុទ្ធតែ​ជា​ការ​បណ្ដាកទុន ហើយ​សម្រាប់​ការ​បណ្ដាក់ទុន កន្លង​មកនេះ​ទៀត គឺ​ស្មើនឹង​សូន្យ ដូច្នេះ​សម្រាប់​ការ​ចាកចេញ​មួយ​នេះ​ទៀត អ្នក​ដែល​ទទួល​បន្ទុក​ធ្ងន់ គឺ​ខាង​ក្លិប យើង​មានការ​បាត់បង់​គ្រប់យ៉ាង បូក​រួម​ទាំង​ស្មារតី​ក្រុម​ឡើង​ទៅ ។

កញ្ញា អ៊ូ បញ្ញា​សុ​កិ​ត្យា ទទួលស្គាល់​ថា កន្លង​មក ក្លិប​បាល់ទាត់​វិសាខា ធ្លាប់​រង​នូវ​ការ​រិះគន់​លើ​បញ្ហា​ផ្សេង​ៗ​ច្រើន​ជាងគេ​នៅ​លើ​បណ្ដាញ​សង្គម ប៉ុន្តែ​ក្លិប​មិន​ដែល​បាន​ចេញ​មក​ធ្វើការ​បកស្រាយ​នោះ​ទេ ដោយសា​តែ​បាន​ប្រកាន់​គោល​ជំហរ​រក្សា​សុភាព​រាបសារ តាម​អត្ត​ច​រិ​ក​ថ្នាក់ដឹកនាំ​កំពូល​របស់​ក្លិប និង​មាន​ចក្ខុវិស័យ​វែង​ឆ្ងាយ ជា​ជាង​យក​បញ្ហា​មក​គិត​។ គោលដៅ​ចម្បង​របស់​ក្លិប​បាល់ទាត់​វិសាខា គឺ​បាន​ផ្ដោត​សំខាន់​ទៅ​លើ​៤ ចំណុច​ធំ​ៗ រួម​មាន ៖
ទី​១. ចង់ឱ្យ​ឈុត​ធំ​ឈ្មះ​ដើម្បី​លើក​ពាន ប៉ុន្តែ​មុន​ឈាន​ទៅ​ដល់​ការ​លើក​ពាន​យើង​ក៏​បាន​ផ្ដោត​សំខាន់​ទៅ​លើ​ការ​រួមចំណែក​វិស័យ​កីឡាបាល់ទាត់​នៅ​កម្ពុជា​ឱ្យ​ដើរទៅ​មុខ​ផង​ដែរ ។
ទី​២. ផ្តោត​ទៅ​លើ​ឈុត​យុវជន ដើម្បី​ធ្វើការ​បណ្ដុះបណ្ដាល​តាំងពី​តូច ថ្ងៃក្រោយ​ឱ្យ​ពួក​គេ​ក្លាយជា​កីឡាករ​ជម្រើសជាតិ ។
ទី​៣. ការ​អភិវឌ្ឍ​ធនធាន​គ្រូបង្វឹក ។
និង​ទី​៤. គឺ​ហេ​ដ្ឋ​រចនាសម្ព័ន្ធ ។

កញ្ញា​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​ក្លិប​វិសាខា ជួល​គ្រូ​បរទេស​មក​ង្ហា​ត់​គោល​បំ​ណា​ង​សំខាន់ គឺ​ដើម្បី​ឱ្យ​គ្រូខ្មែរ​យើង​ទទួល​បាន​បទ​ពិសោធ មក​ពី​ក្រៅប្រទេស មក​ជាមួយ​តែ​ប៉ុណ្ណោះ​។ មិនតែប៉ុណ្ណោះ ក្លិប​ក៏​មាន​បំណង​បញ្ជូន​គ្រូបង្ហាត់​ខ្មែរ​យើង​ឱ្យទៅ​ចូលរួម​វគ្គ​សិក្សា​នៅ​ក្រៅប្រទេស​គ្រប់​កម្រិត​ផង​ដែរ ។

កញ្ញា អ៊ូ បញ្ញា​សុ​កិ​ត្យា សំណូមពរ​ទៅ​ដល់​មហាជន​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់ ទាំងអស់​សូម​ចូលរួម​គាំទ្រ​វិស័យ​បាល់ទាត់​ខ្មែរ​យើង​ឱ្យ​បាន​ច្រើន ជៀសវាង​ការ​បណ្ដុះបង្អាប់ ដែល​នាំ​ឱ្យ​កីឡាករ​មានការ​បាក់ទឹកចិត្ត មិន​ថា ក្លិប ឬ​ក្រុម​ជម្រើសជាតិ​នោះ​ទេ​។ យើង​ម្នាក់​សុទ្ធតែ​ចង់ឱ្យ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា មានការ​រីក​ចម្រើន ស្មើមុខស្មើមាត់​នៅ​លើ​ឆាក​អន្តរជាតិ ទោះបី​ថ្ងៃ​ហ្នឹង​ចាញ់ ថ្ងៃស្អែក​យើង​ឈ្មះ ក៏​មិនដឹង​ព្រោះ​លទ្ធផល​យ៉ាងណា យើង​មិនដឹង​នោះ​ទេ ព្រោះ​យើង​មិនមែន​ជា​អ្នក ដែល​នៅ​លើ​ទីលាន​ប្រកួត​ជាក់ស្ដែង ប៉ុន្តែ​អ្វី​ដែល​សំខាន់​កំ​បំបាក់ទឹកចិត្ត កញ្ញា​សំណូមពរ​ទៅ​ដល់​អ្នកគាំទ្រ​ចេញពី​ចិត្ត​ពិតប្រាកដ​។ ហើយ​បើ​និយាយ​ពី​ការ​ចែកផ្លូវ​គ្នា ជាមួយ​លោក Jurgis Kalns វិញ ក្លិប​មាន​ភាគរយ​ខ្ពស់​ក្នុង​កា​សម្លឹង​មើលគ្រូ​បង្ហាត់​មក​ពី​ទ្វីបអាស៊ី​ជំនួស ព្រោះ​ជនជាតិ​អាស៊ី​ដូច​គ្នា មានការ​យល់ចិត្ត​គ្នា បូក​រួម​ទាំង​បច្ចេកទេស ហ្វឹកហាត់​ឡើង​ទៅ ។

គួរ​ម្លឹ​កថា លោក Jurgis Kalns ជនជាតិ​ឡា​ត​វី បាន​ប្រកាស​តែងតាំង​ជា​គ្រូបង្ហាត់​ក្រុមបាល់ទាត់​ឈុត​ធំ ក្លិប​វិសាខា នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៤ តែ​មិន​ត្រូវ​បាន​គេ​ឱ្យ​ដឹង​ថា កិច្ចសន្យា​នេះ មាន​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ គ្រាន់តែ​ដឹង​ថា បាន​ចែកផ្លូវ​គ្នា នៅ​ត្រឹម​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៥ ក្រោយ​ពី​បាន​ប្រកួត​ចាញ់​ក្លិប​បាល់ទាត់​អាយ​អេស​អាយ ដង្កោ​សែន​ជ័យ នៃ​ព្រឹត្តិការណ៍​លី​គ​កំពូល​កម្ពុជា ឆ្នាំ​២០២៤-២០២៥ កាលពី​ថ្ងៃ​ទី​២៥ ខែមករា ឆ្នាំ​២០២៥ ក្នុង​ស​ប្ដា​ហ៍​ទី​១៩ ជុំ​ទី​២ ឆ្នាំ​២០២៥ ក្នុង​លទ្ធផល ៤-២ ធ្វើ​ឱ្យ​ក្លិប​បាល់ទាត់​វិសាខា ស្ថិត​នៅ​លេខ​រៀង​ទី​៣ ក្នុង​តារាង ក្នុង​ចំណោម​១៨​ប្រកួត មាន​៣៨​ពិន្ទុ ដែល​មាន​១១​ក្រុម​ចូលរួម ខណៈ​ឈរ​នៅ​លេខ​រៀង​ទី​១ ក្រុមបាល់ទាត់​ភ្នំពេញ​ក្រោ​ន ប្រកួត​បាន​១៧​លើក មាន​៤៤​ពិន្ទុ លេខ​រៀង​ទី​២ ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយ​រៀង ១៧​ប្រកួត​មាន​៤៣​ពិន្ទុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ