ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផលិតករគុនខ្មែរប្រចាំប៉ុស្តិ៍ទូរទស្សន៍ថា ការចាប់​គូ​កីឡាការិនីជួបការលំបាកខ្លាំង

23 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មកដល់បច្ចុប្បន្ន​នេះ ប្រដាល់គុនខ្មែរហាក់មានប្រជាប្រិយភាពខ្លាំងជាង​កីឡា​ដទៃ មាន​ស្ថានីយទូរទស្សន៍​ចំនួន​៦បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ប្រដាល់​មួយនេះជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃអាទិត្យ ដោយ​ក្នុង​នោះ សង្វៀន​បាយ័ន និង​ថោ​ន…

រាជធានីភ្នំពេញ ៖ មកដល់បច្ចុប្បន្ន​នេះ ប្រដាល់គុនខ្មែរហាក់មានប្រជាប្រិយភាពខ្លាំងជាង​កីឡា​ដទៃ មាន​ស្ថានីយទូរទស្សន៍​ចំនួន​៦បាន​រៀបចំ​ឱ្យ​មានការ​ប្រកួត​ប្រដាល់​មួយនេះជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍ ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃអាទិត្យ ដោយ​ក្នុង​នោះ សង្វៀន​បាយ័ន និង​ថោ​ន មាន​៥​កម្មវិធី​ដូច​គ្នា រីឯ​សង្វៀន​ទ​ទក មាន​២​កម្មវិធី ចំណែក​សង្វៀន​CNC ប៉ុស្តិ៍​លេខ​៥ និង​សង្វៀន​PNN មាន​១​កម្មវិធី​ដូច​គ្នា ។

នៅ​ក្នុង​កម្មវិធី​ទាំង​១៥​នេះ មាន​កីឡាករ កីឡាការិនី​ចន្លោះ​ពី​១៥០ ទៅ​១៨០​នាក់ ក្នុង​នោះ​មាន​បរទេស​ប្រមាណ​២៥​ទៅ​៣៥​នាក់ ត្រូវ​បាន​ផ្គូផ្គង​ឱ្យ​ឡើង​ប្រកួត​ជា​លក្ខណៈ​ជាតិ និង​អន្តរជាតិ​ជា​រៀង​រាល់​ស​ប្តា​ហ៍ នៅ​តាម​សង្វៀន​ធំ​ៗ​ទាំង​៦​នេះដែរ ។ បន្ថែមលើ​នេះ ក៏​នៅ​មានកម្ម​វិធី​ប្រកួត​ប្រដាល់​បែប​ថ្នាល ដែល​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​តាម​ក្លិប​មួយ​ចំនួនជា​រៀង​រាល់​ចុង​ស​ប្តា​ហ៍​ផង​ដែរ ។

ទោះបីយ៉ាងណា​ នៅ​ក្នុង​ចំនួន​អត្ត​ព​លិ​ក​ដ៏​ច្រើនដែល​ត្រូវ​បាន​ដាក់​ឱ្យ​ប្រកួតនៅ​តាម​សង្វៀន​ជា​រៀង​រាល់​ស​ប្តា​ហ៍​នេះ គឺ​ជាង​៩៥​ភាគរយជា​ការ​ប្រកួត​របស់​កីឡាករ ចំណែក​ការ​ប្រកួត​របស់​កីឡាការិនី​មាន​មិន​ដល់​៥​ភាគរយ​ផង ហើយ​ការ​ខ្សត់​ទីផ្សារ​ប្រកួត​សម្រាប់​ស្ត្រី​នេះ បាន​កើត​មាន​ឡើងជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឱ្យ​កីឡាការិនី​មួយ​ចំនួន​ធំ បាន​បង្ខំចិត្ត​បោះបង់​ចោល​អាជីព​នេះ​ទាំង​ឈឺចាប់ ព្រោះ​មិន​អាច​រកបាន​ប្រាក់​កម្រៃ​គ្រប់គ្រាន់ យក​ទៅ​ផ្គត់ផ្គង់​គ្រួសារ​តាម​រយៈ​ការ​ប្រកួត​នេះ ។

ជាដំណោះស្រាយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរក្រោមការដឹកនាំរបស់ឯកឧត្តមខូវ ឆាយ ប្រធាន​សហព័ន្ធ បានខិតខំជំរុញឱ្យគ្រប់សង្វៀនទូរទស្សន៍ផ្ដល់ឱកាសឱ្យកីឡាការិនីគុនខ្មែរ បានឡើងប្រកួតច្រើនជាងមុន ធ្វើឱ្យកីឡាការិនីដែលចាប់អាជីពឈឺសាច់មួយនេះមានទឹកចិត្តខិតខំហ្វឹកហាត់ឡើងវិញ។

ទោះបីសហព័ន្ធ និងភាគីពាក់ព័ន្ធជាពិសេសផលិតករគុនខ្មែរប្រចាំប៉ុស្តិ៍ទូរទស្សន៍ខិតខំធ្វើឱ្យទី
ផ្សារកីឡាការិនីគុនខ្មែរមានសន្ទុះឈានឡើងក៏ពិតមែន តែការខិតខំផ្ចុងផ្ដើមផ្ដល់ឱកាសឱ្យកីឡាការិនីឡើងសង្វៀនប្រកួតឱ្យបានច្រើនពិតជាមិនស្រួលសោះឡើយ ដោយសារតែ​ចំនួន​កីឡាការិនី មិន​ទាន់​សម្បូរ​ឯសមត្ថភាព​ក៏ខុស​គ្នា​ឆ្ងាយ ​។

ជាក់ស្ដែង លោក កែវ ឆ​វ័ន ដែល​ជា​ផលិតករ​គុន​ខ្មែរ​ប្រចាំ​ប៉ុ​ស្ដ៍ CNC និងសង្វៀន CBS បានប្រាប់គេហទំព័រព័ត៌មាន​ក្នុងស្រុកមួយតាម​ទូរស័ព្ទ​ថា ចំនួន​កីឡាការិនី​ប្រដាល់​គុន​ខ្មែរមានការ​កើនឡើង ប៉ុន្ដែ​ការចាប់​គូ​ឲ្យ​ប្រកួត​ជា​រៀង​រាល់​ស​ប្ដា​ហ៍នៅ​តែ​លំបាក​សម្រាប់​ផលិតករ និង​បណ្ដា​សង្វៀនមួយ​ចំនួន​។ លោកពន្យល់​ថា ការ​លំបាក​នោះ គឺ​ដោយសារ​ភាព​ខុស​គ្នារវាង​កម្រិតបច្ចេកទេស និង​គីឡូ​របស់​កីឡាការិនី​។

ជា​ឧទាហរណ៍ កីឡាការិនី​ខ្លះ មាន​គីឡូ​ប៉ុនគ្នា ប៉ុន្ដែ​កម្រិត​ខុស​គ្នា​ឆ្ងាយ ហើយ​កីឡា​រិ​នី​ខ្លះ មាន​កម្រិត​ប្រហាក់ប្រហែល​គ្នា ប៉ុន្ដែ​គីឡូ ខុស​គ្នា​។ ដោយឡែក ចំនួន​កីឡាការិនី ក៏​មិន​ច្រើន​ដូច​ជា​កីឡាករ ដែល​ជា​ហេតុ​ធ្វើ​ឲ្យពិបាក​ក្នុង​ការ​ផ្គូ​ផ្គង​។ ដូច្នេះ ដើម្បី​ឲ្យ​មានការ​ប្រកួត​ជា​រៀង​រាល់​ស​ប្ដា​ហ៍​សម្រាប់​កីឡាការិនី លោកបង្ហើបថា​ មាន​ពេល​ខ្លះ គឺ​ត្រូវការ​សម្របសម្រួល​ពី​ភាគី​ប្រកួត​ទាំង​សងខាង ទោះ​ខុសគីឡូគ្នាបន្ដិចបន្ដួច​ក៏​ដោយ​ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ