រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៤ ចាប់ពីថ្ងៃទី១៦ ដល់១៩ ខែមករា ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។ អត្តពលិកកីឡាអុកចត្រង្គចំនួន៦៦រូប ក្នុងនោះកីឡាការិនី១រូបដែលភាគច្រើនមកពីក្លិបទាំង១៨ចំណុះឱ្យសហព័ន្ធបានចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ។
បើតាមលោក ហូយ សូណា គ្រូបង្វឹកជម្រើសជាតិកីឡាអុកចត្រង្គកម្ពុជាបានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិនេះ ធ្វើឡើងដើម្បីវាស់ស្ទង់កម្រិតគុណភាពកីឡាករ ជាពិសេសប្រមូលកីឡាករដែលមានទេពកោសល្យចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិ ។ លោក បានវាយតម្លៃថា អត្ដពលិកអុកចត្រង្គ មានគុណភាព និងសមត្ថភាពកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ។
អតីតស្ដេចអុកចត្រង្គឆ្នាំ២០១៦រូបនេះ បានឱ្យដឹងថា ជារៀងរាល់ឆ្នាំមានកីឡាករកីឡាការិនីចុះឈ្មោះចូលរួមការប្រកួតច្រើន។
ដោយឡែកឆ្នាំនេះ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ទើបចេញសេចក្តីជូនដំណឹងជូនកីឡាករទួទាំងប្រទេសមកទទួល និងដាក់ពាក្យប្រកួត រហូតដល់ថ្ងៃ១៥ ខែមករា ឆ្នាំ២០២៥។ នៅថ្ងៃបិទបញ្ចប់ការទទួលពាក្យ មានអ្នកដាក់ពាក្យចូលរួមប្រកួតចំនួន៦៦នាក់ដែលភាគច្រើនជាកីឡាករល្បីៗ និងមានទេពកោសល្យថ្មីច្រើនរូបក្នុងនោះមានកីឡាការិនី១រូបផងដែរ។
លោក ហូយ សូណា បន្តថា ព្រឹត្តិការណ៍នេះសហព័ន្ធបានដាក់តែ១វិញ្ញាសាប៉ុណ្ណោះ គឺការប្រកួត១ទល់១រយៈពេល៦០នាទី នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាន់ទី១ ។ ការប្រកួតផ្លូវការធ្វើឡើងនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៨ និង៣០នាទីព្រឹក ខណៈពិធីបើក និងការរៀបចំប្រជុំគណៈកម្មការបច្ចេកទេសនៅថ្ងៃទី១៦ ខែមករា ។
សម្រាប់ព្រឹត្តិការណ៍ប្រកួតជើងឯកថ្នាក់ជាតិនេះធ្វើឡើង ក្រោមគម្រោងថវិការបស់ក្រសួងអប់រំយុវជននិងកីឡា ។ ចំណែកប្រាក់រង្វាន់ដែលត្រូវប្រគល់ជូនដល់ជ័យលាភីពីលេខ១ដល់លេខ៣ស្ទួនគេមិនទាន់ដឹងនៅឡើយ ៕
ចែករំលែកព័តមាននេះ