អន្តរជាតិ ៖ ក្រុមគ្រួសារមហាសេដ្ឋីជំនួយដ៏ល្បីរបស់ថៃ ត្រកូល Srivaddhanaprabha បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃសុក្រថា ខ្លួនបានទាមទារសំណងផ្លូវច្បាប់ចំនួន ២.៦៥ពាន់លានដុល្លារអាមេរិក ប្រឆាំងនឹងក្រុមហ៊ុន Leonardo S.p.A. ដែលជាក្រុមហ៊ុនមឯកទេសខាងអាកាសចរណ៍ ការពារជាតិ និងសន្តិសុខ ទៅ តុលាការទីក្រុងឡុង បន្ទាប់ពីឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រឆក់យកជីវិតលោក Vichai Srivaddhanaprabha អតីតម្ចាស់ក្លិបបាល់ទាត់ Leicester City កាលពីឆ្នាំ ២០១៨។
ក្រុមគ្រួសាររបស់លោក Vichai អតីតម្ចាស់ក្លិប Leicester City នៃលីគកំពូលអង់គ្លេស Premier League បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា សកម្មភាពដែលទាមទារការបាត់បង់ប្រាក់ចំណូល និងការខូចខាតផ្សេងទៀត។ ក្រុមហ៊ុនច្បាប់ Stewarts ដែលតំណាងឱ្យក្រុមគ្រួសារលោក Vichai បានបញ្ជាក់ថា ទាមទារសំណងផ្លូវច្បាប់ពីគ្រួសារមហាសេដ្ឋីជំនួយដ៏ល្បីរបស់ប្រទេសថៃរូបនេះ ជាការទាមទារសំណងគ្រោះថ្នាក់តម្លៃខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រអង់គ្លេស។
ពាក់ព័ន្ធបណ្តឹងទាមទារសំណងផ្លូវច្បាប់នេះ ក្រុមហ៊ុន Leonardo បានអះអាងថា ខ្លួននឹងការពារខ្លួនប្រឆាំងនឹងការទាមទាររបស់តុលាការជាន់ខ្ពស់ ដែលខ្លួនកំពុងពិចារណាជាមួយទីប្រឹក្សាច្បាប់ និងបណ្តាក្រុមហ៊ុនធានារបស់ខ្លួន។ ក្រុមហ៊ុនក៏បានបង្ហាញពីការសោកស្តាយបំផុត សម្រាប់ជនរងគ្រោះនៃឧបទ្ទវហេតុកាលពីឆ្នាំ ២០១៨ ដោយបញ្ជាក់ថា ការស្លាប់របស់ជនរងគ្រោះទាំងអស់ គឺជាសោកនាដកម្មដែលមិនអាចប្រកែកបាន។ នៅក្នុងសេចក្តីថ្លែងការណ៍ ក្រុមហ៊ុន Leonardo ក៏បានគូសបញ្ជាក់បន្ថែមផងដែរថា ខ្លួនបានបំពេញតាមស្តង់ដារ និងសុវត្ថិភាពដ៏ទំនើបបំផុត តឹងរ៉ឹងបំផុតក្នុងវិស័យនេះ។
គួររំលឹកជូនថា នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០១៨ ឧទ្ធម្ភាគចក្រ AgustaWestland AW169 របស់មហាសេដ្ឋីថៃ លោក Vichai Srivaddhanaprabha បានធ្លាក់នៅខាងក្រៅកីឡដ្ឋាន King Power របស់ក្លិប Leicester City ភ្លាមៗ បន្ទាប់ពីហោះចេញពីទីលានបានតែបន្តិច។ ឧបទ្ទវហេតុដ៏រន្ធត់ ក៏បានឆក់យកជីវីតអ្នកនៅក្នុងផ្សេងទៀតទាំងអស់ផងដែរ រួមមានអ្នកបើកឧទ្ធម្ភាគចក្រ២នាក់ លោក Eric Swaffer និងលោកស្រី Izabela Roza Lechowicz រួមទាំងក្រុមការងារផ្ទាល់២នាក់ផ្សេងទៀតរបស់លោក Vichai គឺអ្នកនាង Nusara Suknamai និងលោក Kaveporn Punpare។
លោក Vichai Srivaddhanaprabha គឺជាអ្នកជំនួញជនជាតិថៃដ៏ល្បី និងជាស្ថាបនិក ម្ចាស់ ក៏ដូចជាប្រធានក្រុមហ៊ុន King Power។ លោកបានទិញយកក្លិប Leicester City ក្នុងឆ្នាំ ២០១០។ ក្រោមការគ្រប់គ្រងរបស់លោក ក្រុមរហស្សនាម «កញ្ជ្រោង» មួយនេះ បានឈ្នះជើងឯក English Premier League នៅក្នុងឆ្នាំ ២០១៦ និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ប៉ុន្តែជាអសកុសលលោកបានស្លាប់ក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ នៅខាងក្រៅកីឡដ្ឋាន King Power កាលពីឆ្នាំ ២០១៨ ត្រឹមវ័យ៦០ឆ្នាំ៕ ដកស្រង់ ៖ BBC, Reuters និង Sky Sports
ចែករំលែកព័តមាននេះ