ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងអប់រំ យុវជន និងកីឡា ព្រមា.នសហព័ន្ធកីឡាប្រដាល់គុនខ្មែរត្រូវតែមានការឯកភាពផ្ទៃក្នុងមុនធ្វើមហាសន្និបាត

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រសួង​អប់រំ​ យុវជន​និង​កីឡា​តាម​រយៈ​ឯកឧត្តម​វ៉ា​ត់ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ប​ណ្ឌិ​តសភាចា​រ្យ​ហង់​ជួន…

រាជធានីភ្នំពេញ ៖ ក្រសួង​អប់រំ​ យុវជន​និង​កីឡា​តាម​រយៈ​ឯកឧត្តម​វ៉ា​ត់ ចំរើន​ រដ្ឋលេខាធិការ​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​ប​ណ្ឌិ​តសភាចា​រ្យ​ហង់​ជួន ណា​រ៉ុ​ន​ ថ្មីៗនេះបាន​កោះហៅ​ថ្នាក់ដឹកនាំ​សហព័ន្ធកីឡាប្រដាល់​គុន​ខ្មែរ​ ដើម្បី​​ណែនាំ​ពិ​និត្យ​យន្តការ​មិន​ប្រក​តី​មួយ​ចំនួន​ដែល​បាន​កើតឡើង​នា​ពេល​កន្លង​មក ដើម្បី​ធ្វើ​របាយការណ៍​ជាក់លាក់ដាក់​ជូន​ឯកឧ​ត្តម​បណ្ឌិត​សភាចារ្យ​ហង់ ជួន ណា​រ៉ុ​ន ​រដ្ឋមន្ត្រីក្រសួង​អប់រំ​ យុវជន​ និង​កីឡា​និង​ស​ម្ដេ​ក​តេ​ជោ​ ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​ពិនិត្យ​។

ឯកឧត្តម ​វ៉ា​ត់ ចំរើន​ បាន​មាន​ប្រសាសន៍​ថា ការ​កោះហៅ​ថ្នាក់​នាំ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មក​ជួប​ប្រជុំ​នា​ពេល​នេះ​ដើម្បី​ពិនិត្យ​ទៅ​លើ​យន្តការ​សំខាន់​ចំនួន​២​គឺទី​១-​ពិនិត្យ​ទៅ​លើ​យន្តការ​រៀបចំ​នីតិ​វិធី​គ្រប់គ្រង​មូលនិធិ​អភិវឌ្ឍ​គុន​ខ្មែរ ​និង​ទី​២-​ពិនិត្យ​យន្តការ​នៃ​ការ​រៀបចំ​មហាសន្និ
បាត​បញ្ចប់​អាណត្តិ​ទី​៧(២០២១-២០២៥)​ដើម្បី​ធានា​បាន​សមាជិកភាព​ច្បាស់លាស់​ដោយ​មានការ​ទទួលស្គាល់​ពី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​។​

កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ដឹកនាំ​ដោយ​ឯកឧត្តម​វ៉ា​ត់ ចំរើន​លោក​ប៉ុន សុខ​ អគ្គនាយក​កីឡា​នៃ​ក្រសួង​អប់រំ​ យុវជន និង​កីឡា លោក​ខូ​វ ឆាយ​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ប​ច្ចុប្ប​ន្ន​ និង​លោក​ហេង សុខ​ឃ​ន​ អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​។
កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បានការ​អនុញ្ញាតពី​ឯក​ឧត្ត​មបណ្ឌិតសភាចារ្យ​ឧប
នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឱ្យ​ឯកឧត្តម​វ៉ា​ត់ ចំរើន​ ជា​រដ្ឋលេខា
ធិការ​ទទួល​បន្ទុក​ជាមួយ​លោក​ប៉ុន សុខ​អគ្គនាយក​កីឡា ដើម្បី​បាន​ពិនិត្យ​មើល​ថា​តើ​សហ
ព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បាន​គោរព​ល​ក្ខន្តិ​កៈ​និង​គោលការណ៍​បទបញ្ជាផ្ទៃក្នុង​បាន​ឬ​អត់​។​ពីព្រោះប្រដាល់​គុន​ខ្មែរ​ជា​កីឡា​អត្តសញ្ញាណ​ជាតិ ព្រលឹ​ង​ជាតិ​ ដូច្នេះ​ត្រូវការ​តម្លាភាព​ ការ​ដឹកនាំ​មួយ​មាន​ភាព​ច្បាស់លាស់តាម​លិខិត​បទដ្ឋាន​គតិ​យុត្តិរបស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ថា​តើ​បាន​ល្អ​ត្រឹមត្រូវ​ឬ​អត់​ ។ ​

កាលពីមុន​ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​គ្រោង​រៀបចំ​បោះ​ឆ្នោត​បញ្ចប់​អាណត្តិ​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​២៥​ខែមករា ឆ្នាំ​២០២៥ ប៉ុន្តែ​ខាង​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា បាន​ណែនាំ​ឱ្យមក​ធ្វើ​នៅ​ត្រឹម​ថ្ងៃ​ទី​២២ ​ខែមករា​ វិញ​។

ឯកឧត្តម​វ៉ា​ត់ ចំរើន​ បាន​មាន​ប្រសាសន៍​ថា​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​អប់រំ ​យុវជន​និង​កីឡា ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​អាណត្តិ​ចាស់​ ត្រូវ​ផុត​សុពលភាព​នៅ​ត្រឹម​ថ្ងៃ​ទី​១​ ខែ​កុ​ម្ភះ​ ឆ្នាំ​២០២៥ ​ខាង​មុខ​នេះ ដូច្នេះ​មិន​អាច​ពន្យារ​ពេល​បាន​ទៀត​ទេ ។ បើកាលណា​ផុត​សុពលភាព​បាន​ន័យ​ថា​សមាជិកភាព​ក៏​ផុត​ដែរ ហើយ​ខាង​ក្រសួង​នឹង​មាន​វិធានការ ។ យើង​ដឹង​ហើយ​បើសិនជា​ខាង​សហព័ន្ធ​មិន​គោរព​តាម​គោល​ការណ៍​ក្រសួង​អប់រំ​ ធ្វើ​ឱ្យ​បាត់បង់​សុពលភាព នឹង​ជះ​ឥទ្ធិពល​អាក្រក់​ទៅ​ដល់​សហព័ន្ធ​ខ្លួនឯង​ដូច​ជា​ការ​បាត់បង់​ការ​ជួយ​ឧ​ប​ត្ថ​ម​្ភគាំទ្រ​ពី​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​ផង​ដែរ​ ។​

សហព័ន្ធ​មាន​សិទ្ធិ​ធ្វើ​សកម្មភាព​ខ្លួនឯងដោយឯករាជ​ ប៉ុន្តែ​សហព័ន្ធ​មិន​មាន​អំណាច​ក្នុង​ការ​សម្រេច​គោល​ការណ៍​នយោបាយ​ ឬ​ការ​ដឹកនាំ​ផ្សេង​ៗ​ទៀត​ដោយ​ខ្លួនឯង​នោះ​ទេ ត្រូវ​តែ​អនុវត្ត​តាម​ការ​ណែនាំ​របស់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ និង​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​កម្ពុជា ដែល​ជា​ម៉ែឪ​ដឹកនាំ​កីឡា​ជាតិ​របស់​យើង ​។​ នេះ​មិន​និយាយ​តែ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នោះ​ទេ​ គឺ​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់​ត្រូវ​គោរព​ដូច​គ្នា​ ព្រោះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ មាន​បុព្វ​សិទ្ធិពី​រាជរដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​និង​អភិវឌ្ឍ​កីឡា​ជាតិ បើ​សហព័ន្ធ​ណាមួយ​ស្ដាប់​ ឬ​មិន​ស្ដាប់​ ត្រូវ​ធ្វើការ​ពិចារណា​ដោយ​ខ្លួនឯង​។

ឯកឧត្តម​ វ៉ាត់ ចំរើន បាន​ទទួលស្គាល់​ថា​ យោង​តាម​របាយការណ៍​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដែល​គ្រោង​ធ្វើការ​បោះ​ឆ្នោត​បញ្ចប់​អាណត្តិ​នា​ពេល​ខាង​មុខ​ឃើញ​ថា​នៅ​មិន​ទាន់​មានការ​ឯកភាព​ផ្ទៃក្នុង​នៅឡើយ មាន​មតិ​មិន​ស្របគ្នា​មែនក្នុង​ជួរ​គណៈកម្មការ​ប្រតិបត្តិ​របស់​ខ្លួន ។

បើ​យោង​តាម​ល​ក្ខន្តិ​កៈ​ ទាល់តែ​មានការ​ឯកភាព​គ្នា​សិន​ទើប​អាច​ដំណើរការ​បោះ​ឆ្នោត​ទៅ​បាន​ដោយ​រលូន​ និង​ទៅ​តាម​អ្វី​ដែល​សហព័ន្ធ​សាមី​ចង់បាន ។ ដូច្នេះ​ខាង​ក្រសួង​អប់​រំ​ យុវជន ​និង​កីឡា ​សូមណែនាំ​ឱ្យ​សហព័ន្ធ​ធ្វើ​ការងារ​នេះ​ឡើង​វិញ​ បាន​ន័យ​ថា បើ​ចង់​បោះ​ឆ្នោត​ជា​កញ្ជប់​ឱ្យ​ស្រុះស្រួល​គ្នា បើ​មិន​មានការ​ឯកភាព​ផ្ទៃក្នុង​ទេ​ត្រូវ​រៀបចំ​ការ​បោះ​ឆ្នោត​ដោយ​សេរី យុត្តិធម៌ តម្លាភាព ​និង​បោះ​ឆ្នោត​ដោយ​សម្ងាត់ជា​ឯក​ត្ត​បុគ្គល​ ដើម្បី​ជ្រើសរើស​ថ្នាក់ដឹកនាំ​មួយ​ដែល​ទទួល​បាន​នូវ​សេចក្ដី​ទុកចិត្ត​ពី​សមាគម និង​ក្លិប​ទាំងអស់​ ។​ ឯកឧត្តម​បាន​លើក​ឡើង​ថា​ មហាសន្និបាត​ជា​អំណាច​ខ្ពស់​បំផុត​ដូច្នេះ​មិន​អាច​ត្រឹម​គណៈ​ក​ម្មការប្រ​តិ​បត្តិ​ធ្វើ​អ្វី​ស្រេច​តែ​ចិត្ត​ខ្លួនឯង​នោះ​ទេ​ ត្រូវ​តែ​មានការ​ចូលរួម​យ៉ាង​សកម្ម​ និង​ទូលំទូលាយ​បំផុត​ពី​គ្រប់​បណ្ដា​សមាគម​និង​ក្លិប​ទាំងអស់​របស់​សហព័ន្ធ​ មិន​ត្រូវធ្វើ​អ្វី​ដោយ​ស្រេច​តែ​ចិត្ត​ឯង​នោះ​ទេ។

គួររំលឹកផងដែរថា មុននេះមន្ត្រីជាន់ខ្ពស់ក្នុងសហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​បានបន្លុយ
ពាក្យពី​គម្រោងបោះ​ឆ្នោត​ជ្រើសរើសសមាជិក​គណៈកម្មការប្រតិបត្តិ​សហព័ន្ធ​ថា ត្រូវធ្វើ​ឡើង
ជា​កញ្ចប់ដើម្បី​រក្សា​តួនាទី​មន្ត្រី​សំខាន់​ៗ​នៅ​ក្នុង​ជួរ​គណៈ​កម្ម​ប្រតិបត្តិ​មួយ​ចំនួន​ធំ​ ។ គម្រោង
នេះ​ធ្វើ​ឱ្យ​មន្ត្រី​ដែល​មានរឿង​ល្អក់កករ​ឬ​ជំទាស់​ជាមួយ​លោក​អគ្គ​លេខាធិ​ការ​សហព័ន្ធ ហេង សុខ​ឃ​ន បានសម្ដែងនូវ​ការ​ខកចិត្ត​យ៉ាង​ខ្លាំង​។

លោក​ឧត្តមសេនីយ៍ទោ​ខូ​វ ឆាយ ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បាន​ប្រាប់​ឱ្យ​ដឹង​ថា មហាសន្និបាត​បញ្ចប់​អាណត្តិ និង​បន្ត​អាណត្តិ​ថ្មី​ឆ្នាំ​២០២៥​ខាង​មុខ អាច​នឹង​ធ្វើការ​បោះ​ឆ្នោត​ជា​កញ្ចប់ ។ លោក​ថា ការ​ធ្វើ​បែប​នេះ​ដោយសារ​សហព័ន្ធ​ចង់​រក្សា​មន្ត្រី​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​ជួរ​គណៈកម្មការ​ប្រតិបត្តិ​ឱ្យ​នៅ​ដដែល ប៉ុន្តែ​បែរជា​ធ្វើ​ឱ្យ​មន្ត្រី​ចាស់​ៗ​មួយ​ចំនួន​ដែល​មិន​ពេញចិត្ត​ចំពោះ​លោក​ហេង សុខ​ឃ​នជួប​នូវ​រឿង​ខកចិត្ត​យ៉ាង​ខ្លាំង ។ ជា​ពិសេស​មុខ​តំណែង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នា​ពេប​ច្ចុ​ប្បន្ន ខណៈ​រូប​លោក​ហេង សុខ​ឃ​ន មាន​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​ប៊ុ​ក​ស៊ី​ង​រួច​ទៅ​ហើយ​។

តាម​ប្រភព​ព័ត៌មាន លោក​ហេង សុខ​ឃ​ន បាន​ឡើង​កាន់​តំណែង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​តាំងពី​អាណត្តិ​លោក​ឧត្តមសេនីយ៍​តែម ម៉ឺន ជាប្រធានសហព័ន្ធ ប៉ុន្តែ​ចាប់តាំងពី​រូប​លោក​មាន​តួនាទី​នៅ​ក្នុង​សហព័ន្ធ​ពេល​ណា​មក​ បាន​ធ្វើ​ឱ្យ​មន្ត្រី​ចាស់​ៗ​នៅ​ក្នុង​សហព័ន្ធ​មានការ​មិន​ពេញចិត្ត​យ៉ាង​ខ្លាំង ។ ពួក​គាត់​បាន​ចោទប្រកាន់​ថា លោក​ហេង សុខ​ឃ​ន ច្រើន​តែ​ជ្រៀតជ្រែក​ការងារ​ផ្ទៃក្នុង​របស់​សហព័ន្ធ​ក៏​ដូច​ជា​គិត​ពី​ប្រយោជន៍​ផ្ទាន់​ខ្លួន​ច្រើន​ជាង​ប្រយោជន៍​រួម ។ ពួក​គាត់​ម្នាក់​ៗ​ចង់ឱ្យ​ប្រធាន​សហព័ន្ធ​អាណត្តិ​ចាស់ ធ្វើការ​ផ្លាស់​ប្ដូរ​រូប​លោក​ចេញដើម្បី​ដាក់​អ្នក​ថ្មី​ជំនួស​វិញ ។ ពួក​គាត់​ថា តាំងពី​លោក​ហេង សុខ​ឃ​ន ឡើង​កាន់​តំណែង​ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ លោក​គ្រប់គ្រង​តាំងពី​លុយកាក់​នៅ​ក្នុង​សហព័ន្ធ​ឡើង​ទៅ និង​មានការ​និយម​បក្សពួក​ទៀត​ផង​។

ទោះបី​យ៉ាងណា ពាក់ព័ន្ធ​ទៅ​នឹង​ការ​រិះគន់​របស់​មន្ត្រី​មួយ​ចំនួន​ទៅ​លើ​លោក​ហេង សុខ​ឃ​ន
លោក​ឧត្តមសេនីយ៍ទោ​ខូ​វ ឆាយ បាន​បង្វែរ​ទៅ​ជា​រឿង​អា​ចាម​អា​រ៉ា​ម​ទៅ​វិញ ដោយ​លោក​ថាមិន​ទាន់​ស៊ើប​ដឹង​ការ​ពិត​នៅឡើយ​។ លោក​ថា រឿង​ផ្ទៃក្នុង​សហព័ន្ធ​គ្មាន​អ្នក​ណា​ដឹង​ជាង​មន្ត្រី​នៅ​ក្នុង​សហព័ន្ធ​នោះ​ទេ ចង្កៀង​ផ្ទះ​អ្នក​ណា​ភ្លឺ​ផ្ទះ​អ្នក​នោះ ។ លោក​ថា ការ​តែងតាំង​លោក​ហេង សុខ​ឃ​ន ជា​អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ជា​បន្ត​ទៀត​នោះ នៅ​មិន​ទាន់​ច្បាស់​១០០​ភាគរយ​នោះ​ទេ គឺ​សម្រេច​ទៅ​លើ​ការ​ប្រជុំ​ផ្ទៃក្នុង​សិន ប៉ុន្តែ​វា​មាន​តម្រុយ​ពី​៦០​ទៅ​៧០​ភាគរយ​ទៅ​ហើយ​សម្រាប់​តំណែង​មួយ​នេះ​។

លោក​ឧត្តមសេនីយ៍ទោ​ខូ​វ ឆាយ បានឱ្យ​ដឹង​ទៀត​ថា តាម​ពិត​លោក​ហេង សុខ​ឃ​ន មាន​តួនាទី​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​ប៊ុ​ក​ស៊ី​ង រួច​ហើយ ប៉ុន្តែ​សហព័ន្ធ​មួយ​នេះ​ក៏​ជា​បុត្រ​សម្ព័ន្ធ​របស់​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ដែរ​។ កីឡាករ​ទាំងអស់​អាច​ផ្លាស់​ប្ដូរ​គ្នា​ប្រកួត​ទៅ​វិញ​ទៅ​មក​បាន ម្យ៉ាងវិញទៀត សហព័ន្ធ​មួយ​នេះ​នៅ​ថ្មីថ្មោង​មិន​ទាន់​ឈរជើង​រឹង​មាំ​នៅឡើយ ។ ដូច្នេះ​ការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​មិន​មាន​អ្វី​ខុសឆ្គង​នោះ​ឡើយ ។

អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ យើង​គួរតែ​រួម​គ្នា​ធ្វើ​ការងារ​បណ្ដុះបណ្ដាល​ធនធាន​កីឡា​ឱ្យ​បាន​ច្រើន តម្រូវ​ទីផ្សារ​កីឡា​ឱ្យ​បាន​គ្រប់គ្រាន់ ដោយសារ​បច្ចុប្បន្ន​យើង​ខ្វះខាត​កីឡាករ​ច្រើន​ណាស់ ព្រោះថា​ក្រៅពី​ការ​ប្រកួត​នៅ​លើ​សង្វៀន​តាម​កញ្ចក់​ទូរទស្សន៍ នៅ​មាន​សង្វៀន​តាម​ខេត្ត​ជា​ច្រើន​ទៀត​ដែល​កំពុង​ត្រូវការ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ