ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណី​បង្ការ និង​ការពារ​គ្រោះ​អគ្គិភ័យ នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ គួរតែ​លើកកម្ពស់ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ហើយ​ការ​វិនិយោគ​នៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ដល់​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រោះ​មហន្តរាយ​នេះ ក៏​គួរ​យកចិត្តទុកដាក់​បន្ថែម ដើម្បី​ទម្លាក់​ករណី​គ្រោះ​មហន្តរាយ​នេះ ។…

ករណី​បង្ការ និង​ការពារ​គ្រោះ​អគ្គិភ័យ នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ គួរតែ​លើកកម្ពស់ និង​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ហើយ​ការ​វិនិយោគ​នៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ ដល់​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រោះ​មហន្តរាយ​នេះ ក៏​គួរ​យកចិត្តទុកដាក់​បន្ថែម ដើម្បី​ទម្លាក់​ករណី​គ្រោះ​មហន្តរាយ​នេះ ។

តាម​តួរ​លេខ​ដែល​ចុះ​ផ្សាយ​ដោយ​កាសែត​ក្នុងស្រុក​មួយ​ចេញផ្សាយ​ថ្ងៃ​ទី​០៩ ខែមករា ឆ្នាំ​២០២៥ បាន​ឲ្យ​ដឹង​ថា មនុស្ស​ដែល​បាន​ស្លា​.​ប់​ដោយ​គ្រោះ​អគ្គិភ័យ​នៅ​ឆ្នាំ​២០២៤ មាន​ប្រហែល​៦០​នាក់ ហើយ​របួស​វិញ​គឺ​ជាង​១០០​នាក់ ។ គ្រោះ​មហន្តរាយ​នេះ​កើតឡើង​ដោយ​អគ្គិភ័យ​ទូ​ទាំង​ប្រទេស សរុប​ជាង​១០០០ ករណី ដោយ​ភាគច្រើន គឺ​នៅ​រាជធានី​ភ្នំពេញ កណ្តាល តាកែវ ព្រះ​វិហារ ក្រចេះ ក​ពង់​ធំ កំពង់ឆ្នាំង បាត់ដំបង់ ស្វាយ​រៀង និង សៀមរាប ។

គ្រោះ​អគ្គិភ័យ​បាន​កើន​ឡើងជា​បន្តបន្ទាប់ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ។ កាលពី​ឆ្នាំ​២០២២ កម្ពុជា​បាន​កើត​មាន​ករណី​គ្រោះ​អគ្គិភ័យ តែ​ជាង​៦០០​ករណី ស​ម្លា​.​ប់​មនុស្ស​១៧​នាក់ និង​របួស​២៤​នាក់ តែ​នៅ​ឆ្នាំ​២០២៣​កើន​ដល់​ជាង​៧០០​ករណី ហើយ​ស​ម្លា​.​ប់​មនុស្ស​ដល់​៥៤​នាក់ និង​របួស​៩៧​នាក់ ។

ផ្អែក​តាម​ស្ថិតិ​ទាំងនេះ​បង្ហាញ​ថា សម្រាប់​ឆ្នាំ​២០២៥​នេះ ស្ថាប័ន​ពាក់ព័ន្ធ​គួរតែ​យកចិត្តទុកដាក់​បន្ថែម​ទៀត​នៅ​លើ​ការ​វិនិយោគ​សម្ភារៈ​ក៏​ដូច​ជា ឧបករណ​បច្ចេកទេស​នានា រួម​ទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​បន្ថែម​ទៀត ។

មក​ដល់​ពេល​នេះ បើ​តាម​ស្ថិតិ​ពី​នាយកដ្ឋាន​នគរបាល​បង្ការ ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ​នៃ​អគ្គស្នងការ​នគរបាល​ជាតិ កម្ពុជា​អាច​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រមាណ​ជា​៤០០ គ្រឿង​ប៉ុណ្ណោះ ហើយ​ឧបករណ៍​និង​គ្រឿង​បរិក្ខា​ឆ្លើយ​តប និង​ទប់ស្កាត់​គ្រោះ​មហន្តរាយ​នេះ​ក៏​នៅ​មាន​កម្រិត​ដែល​ទាមទារ​ការ​វិនិយោគ​ដើម្បី​បំពាក់​បន្ថែម​ទៀត ដើម្បី និង​លើកកម្ពស់​សមត្ថភាព​ដល់​កងកម្លាំង​ជំនាញ​នេះ ។ នៅ​ក្នុង​ចំណោម រថយន្ត​ទាំងនេះ​អាច​មាន​រថយន្ត​ខ្លះ​ចាស់ ហើយ​ខូច រីឯ​ប្រសិទ្ធភាព​របស់​វា​ក៏​មាន​កម្រិត​ដែរ ។

ក្រៅពី​អ្វី​ដែល​គួរ​គិតគូរ​បំពាក់​បន្ថែម​រថយន្ត​ពន្លត់​ថ្មី​ទំនើប និង​ទាន់សម័យ​ហើយ​នោះ ស្ថាប័ន​ពាក់ព័ន្ធ​ក៏​គួរតែ​រិះគិត​បន្ថែម​លើ​ឧបករណ៍ និង​បច្ចេកទេស​បង្ការ និង​ទប់ស្កាត់​ក៏​ដូច​ជា ឆ្លើយ​តប​ករណី​គ្រោះ​អគ្គិភ័យ​នៅ​អគារ​ខ្ពស់​ៗ​ផង​ដែរ ។ នៅ​ពេល​នេះ កម្ពុជា ជា​ពិសេស គឺ​នៅ​រាជធានី​ភ្នំពេញ ខេត្ត​ព្រះ​សីហ​នុ សៀមរាប កំពង់ចាម បន្ទាយ​មាន​ជ័យ ស្វាយ​រៀង ក៏​មាន​សំណង់​អគារ​ខ្ពស់​ៗ​ជា​ច្រើន​កន្លែង​ដែល​ទាមទារ​ការ​គិតគូ​ក៏​ដូច​ជា វិនិយោគ​លើ​ឧបករណ៍​បច្ចេកទេស​សម្រាប់​អគារ​ទាំងនេះ​ផង​ដែរ ។

ក្រៅពី​ស្ថាប័ន និង​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​គិតគូរ​ហើយ​នោះ វិស័យ​ឯកជន​ក៏​ដូច​ជា ប្រជាពលរដ្ឋ​ក៏​គួរតែ​យកចិត្តទុកដាក់​ចូលរួម​បំពាក់​នូវ​ឧបករណ៍ និង​សម្ភារៈ​បង្ការ និង​ពន្លត់​អគ្គិភ័យ នៅ​តាម​លំនៅ​ស្ថាន ឬ​នៅ​តាម បន្ទាប់​ខុន​ដូរ​នៅ​តាម​អគារ​នីមួយ​ៗ​ផង​ដែរ ។ ការ​បំពាក់​ឧបករណ៍​បច្ចេកទេស នៅ​តាម​លំនៅ​ស្ថាន តាម​តូប​លក់ទំនិញ តាម​បន្ទប់​ខុន​ដូ​នេះ​វា​ក៏​ជួយ​បង្ការ​ច្រើន​នៅ​ក្នុង​ករណី​កើត​មាន​ករណី​អគ្គិភ័យ​ដោយ​ចៃដន្យ ។

ជា​ទូទៅ​គ្រោះ​អគ្គិភ័យ​វា មិន​ដែល​កើត​ភ្លាម​វា​ឆេះ​ភ្លាម​ៗ​នោះ​ទេ គឺ​វា​តែងតែ​បង្ក​ឡើង​ដោយហេតុ​ការណ៍​ឆេះ​តូចតាច​ជាង​មុន ។ ដូច្នេះ​នៅ​ពេល​ដែល​យើង​មាន​ឧបករណ៍ និង​សម្ភារៈ​នៅ​តាម​បន្ទប់​តាម​លំនៅ​ស្ថាន យើង​ស្រាប់​នោះ គឺ​វា​នឹង​ជួយ​ទប់ស្កាត់​ករណី​គ្រោះថ្នាក់​នេះ​បាន​ច្រើន ។

ម្យ៉ាងវិញទៀត ពលរដ្ឋ​ក៏​គួរតែ​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​ស្វែង​យល់​ពី​ការ​ជួយ​ទប់ស្កាត់​គ្រោះ​អគ្គិភ័យ​ដូច​ជា​នៅ​ប្រទេស​ជឿនលឿន​មួយ​ចំនួន ។ នៅ​ប្រទេស​គេ​ខ្លះ ជា​ពិសេស គឺ​ដូច​ជា ជប៉ុន គឺ​គេ​បាន​បង្រៀន ប្រជាពលរដ្ឋ​គេ​តាំងពី​កុមារ​អំពី​របៀប​នៃ​ការ​ឆ្លើយ​តប​នឹង​គ្រោះ​មហន្តរាយ ។ ករណី​ដូច​ជា គ្រោះ​អគ្គិភ័យ គេ​បង្រៀន​ពលរដ្ឋ​ពី​របៀប​ប្រើ​បំពង់​ពន្លត់​អគ្គិភ័យ របៀប​ជ្រលក់​ក្រណាត់​សើម របៀប​ផ្តាច់​ចរន្តអគ្គិសនី ក៏​ដូច​ជា របៀប​រត់ និង​រំដោះខ្លួន​ចេញពី​អគ្គិភ័យ​ជាដើម ។ កុំ​មើល​ស្រាល​ចំណុច និង​ជំនាញ​ទាប​ៗ​ទាំងនេះ ។ ការ​រួមចំណែក និង​លើកកម្ពស់​ការ​យល់​ដល់​បែប​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ស្វ័​យ​បង្ការ​គ្រោះ​អគ្គិភ័យ​បាន​មួយ​កម្រិត​ទៀត​ផង​ដែរ ។

សរុប​មក​វិញ គ្មាន​នរណា​អាច​ព្យាករណ៍​ដឹង​មុន​អំពី​គ្រោះ​អគ្គិភ័យ​នេះ​បាន​ទេ ប៉ុន្តែ​គេ​អាច​បង្ការ និង​កាត់​បន្ថយ​ហានិភ័យ​នេះ​បាន ។ ដូច្នេះ​សង្ឃឹមថា នៅ​ក្នុង​ឆ្នាំ​២០២៥ ខាង​សមត្ថកិច្ច និង​ជំនាញ​នឹង​ទទួល​បានការ​វិនិយោគ​លើ​ការ​បំពាក់​ឧបករណ៍​បង្ការ និង​ទប់ស្កាត់​អគ្គិភ័យ​បន្ថែម ហើយ​ក៏​សង្ឃឹមថា ពលរដ្ឋ​យើង​ក៏​នឹង​មានការ​យល់​ដឹង​អំពី​របៀប​ឆ្លើយ​តប និង​ចូលរួម​បង្ការ​ករណី​គ្រោះ​មហន្តរាយ​នេះ​បាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ