ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​កាស៊ីណូ​នៅ​កម្ពុជា កំពុង​រីក​ដុះដាល​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​វៀតណាម ប៉ុន្តែ​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​វា​នឹង​ប្រឈម​ខ្លាំង​ជាមួយនឹង​ការ​ប្រកួតប្រជែង​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ។ មក​ដល់​ឆ្នាំ​២០២៤​កន្លង​ទៅ អាជ្ញាធរ​កម្ពុជា​បាន​ផ្តល់​អាជ្ញា​បណ្ណ​ជូន​ដល់​កាស៊ីណូ​សរុប​ចំនួន​១៩៥ ប៉ុន្តែ​អាជ្ញា​បណ្ណ​ទាំងនោះ ត្រូវ​បាន​ដកហូត​មក​វិញ ចំនួន​១,…

វិស័យ​កាស៊ីណូ​នៅ​កម្ពុជា កំពុង​រីក​ដុះដាល​នៅ​ខេត្ត​ជាប់​ព្រំដែន​ថៃ និង​វៀតណាម ប៉ុន្តែ​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​វា​នឹង​ប្រឈម​ខ្លាំង​ជាមួយនឹង​ការ​ប្រកួតប្រជែង​ពី​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់ ។

មក​ដល់​ឆ្នាំ​២០២៤​កន្លង​ទៅ អាជ្ញាធរ​កម្ពុជា​បាន​ផ្តល់​អាជ្ញា​បណ្ណ​ជូន​ដល់​កាស៊ីណូ​សរុប​ចំនួន​១៩៥ ប៉ុន្តែ​អាជ្ញា​បណ្ណ​ទាំងនោះ ត្រូវ​បាន​ដកហូត​មក​វិញ ចំនួន​១, ព្យួរ​ចំនួន​១ និង​ផុត​សុពលភាព​ចំនួន​១៥ ដូច្នេះ​នៅ​សល់​ត្រឹម​១៧៨ កន្លែង ជាមួយនឹង​ចំណូល​ពន្ធ សរុប​ប្រមាណ​ជា​៦៣​លាន​ដុល្លារ​កើនឡើង​ចំនួន ៨៥​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២៣ ។

ប្រៀប​នឹង​បរិមាណ​កាស៊ីណូ និង​ចំណូល​ពន្ធ​កាតព្វកិច្ច​ពី​វិស័យ​កាស៊ីណូ ដែល​កម្ពុជា​អាច​ទទួល​ទឹកប្រាក់​ទំហំ​នេះ​បាន​តិច​នៅឡើយ ដែល​តម្រូវ​ឲ្យ​កម្ពុជា​គួរតែ​គិតពិចារណា​ឡើង​វិញ អំពី​អនាគត​នៃ​ការ​វិនិយោគ​លើ​ឧស្សា​កម្ម និង​សេវាកម្ម​ប្រភេទ​នេះ​ស្រប​ពេល​ដែល​អនាគត​ការ​វិនិយោគ​លើ​កាស៊ីណូ​នេះ កាន់តែ​មានការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ពី​ប្រទេស​ជិតខាង ។

ពី​មុន​នៅ​វៀតណាម និង​ថៃ មិន​មាន​កាស៊ីណូ​ទេ ប៉ុន្តែ​នៅ​ពេល​នេះ​វៀតណាម​កំពុង​តែ​ដំណើរការ ហើយ​ថៃ​កំពុង​តែ​ដាក់​ផែនការ​កសាង​ដែរ ។

តាម​សេចក្តីរាយការណ៍​របស់ VietnamNet បាន​ឲ្យ​ដឹង​ថា ប្រទេស​សង្គមនិយម​ក្បែរ​ខាង​កម្ពុជា​បច្ចុប្បន្ន​នេះ​មាន​កាស៊ីណូ​៩​កន្លែង នៅ​កោះ​ភូ​គុក មិន​ឆ្ងាយ​ពី​កំពត និង​កែប និង​ស្រុក វាន់​ឌុ​ង (Van Don) នៅ​ក្នុង​ខេត្ត​ក្វា​ង​និ​ញ (Quảng Ninh) ហើយ​កាស៊ីណូ​នៅ​ទីនោះ​ធំ​ទំនើប ហើយ​ស្អាត មាន​ភាព​ទាក់ទាញ ហើយ​សំខាន់​ជនជាតិ​វៀតណាម​ក៏​នៅ​ពេល​នេះ​អាច​ទៅ​លេង​នៅ​កាស៊ីណូ​ទាំងនោះ​បាន​ដែរ ។

សម្រាប់​ថៃ​វិញ​ក៏​កំពុង​តែ​ប្រែក្លាយ​កាស៊ីណូ​ទៅ​ជា​ការ​វិនិយោគ​ស្របច្បាប់​ដែរ ដោយ​មាន​គម្រោង​កសាង កាស៊ីណូ​រហូត​ដល់​៧​កន្លែង​នៅ​បាងកក​ជាមួយនឹង​ក្តី​រំពឹង​ថា នឹង​អាច​រក​ចំណូល​ចូល​រដ្ឋាភិបាល​សរុប​ដល់​ទៅ​៩​ពាន់​លាន​ដុល្លារ​ឯណោះ​សម្រាប់​រដ្ឋាភិបាល​ថៃ ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន​ថៃ​មួយ​ចំនួន ។

សម្រាប់​ហ្វី​លី​ពី​ន ដែល​កំពុង​តែ​ប្រតិបត្តិការ​កាស៊ីណូ​ស្របច្បាប់​ស្រាប់​ដូច​ជា​កម្ពុជា​វិញ មាន​សេចក្តីរាយការណ៍​ពី Reuter ថា ប្រទេស​នេះ​គ្រោង​នឹង​បណ្តាក់ទុន​រហូត​ដល់​ទៅ​៦​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​វិស័យ​កាស៊ីណូ​នេះ​នៅ​ក្នុង​រយៈពេល ៥​ឆ្នាំ នៅ​ក្នុង​គោលបំណង ដើម្បី​ទាញ​យក​ចំណូល​ពី​វិស័យ​នេះ​ប្រមាណ​ជា​ពី​៨​ទៅ​៩​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​មួយ​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២៧​ទៅ ។

ក្រៅពី​ប្រទេស​ទាំងនេះ នៅ​ឡាវ សិង្ហ​បុរី ម៉ា​ឡេ​ស៊ី និង​មី​យ៉ា​ន់​ម៉ា​ជាដើម គឺ​សុទ្ធតែ​មាន​សេវាកម្ម​កាស៊ីណូ​នេះ​ទាំង​អស់ហើយ​កំពុង​តែ​ដើរតួ​នាទី​សំខាន់​នៅ​ក្នុង​ការ​ទាក់ទាញ​ទេសចរ​បរទេស ។

ផ្អែក​តាម​ទឡ្ហីករណ៍​ខាងលើ នៅ​ពេល​បច្ចុប្បន្ន​នេះ​ក្នុង​ចំណោម​ប្រទេស​ទាំងនេះ កម្ពុជា​នៅ​តែ​លេចធ្លោ​ជា​តួអង្គ​សំខាន់​នៅ​ក្នុង​ឧស្សាហកម្ម​កាស៊ីណូ ប៉ុន្តែ​សំពាធ​ពី​វិស័យ​នេះ​ក៏​មាន​ច្រើន​ដែរ រាប់​តាំងពី​ការ​ប្រកួតប្រជែង​ពី​ប្រទេស​ដទៃ ។

ឧស្សាហកម្ម​កាស៊ីណូ​របស់​កម្ពុជា គឺជា​ផ្នែក​មួយ​នៃ​និន្នាការ​កាន់តែ​ទូលំទូលាយ​នៅ​ក្នុង​អាស៊ាន ហើយ​នៅ​ពេល​ដែល​ប្រទេស​នានា​បាន​ប្រែក្លាយ​ខ្លួន​ហើយ​ចាប់​យក​ឧស្សាហកម្ម​នេះ​ដែរ​នោះ វា គឺជា​បញ្ហា​ប្រឈម​មួយ​របស់​កម្ពុជា ។
ការ​បង្កើត​កាស៊ីណូ​ជា​ច្រើន​កន្លែង​នៅ​ប្រទេស​ដែល​ជា​គោលដៅ​ទេសចរណ៍​ធំ​ៗ​ស្រាប់​សម្រាប់​តំបន់ ដូច​ជា ថៃ ស្រូប​យក​ភ្ញៀវ​ទេសចរ​សរុប​៣៥,៥៤​លាន​នាក់ វៀតណាម​បាន ១៧,៥​លាន​នាក់ ។ ដូច្នេះ ចង់​ឬ​មិន​ចង់ ប្រទេស​ទាំង​ពីរ​អាច​នឹង​បង្អាក់​ការ​ស្រូប​យក​អ្នកទេសចរ​ដែល​ចូល​ចិត្ត​សេវាកម្ម​នេះ មួយ​ផ្នែក​ពី​កម្ពុជា​បាត់​រួច​ទៅ​ហើយ ។

នៅ​ក្នុង​ស្ថានភាព​នេះ ដើម្បី​ដង្ហើម​ឧស្សាហកម្ម​កាស៊ីណូ ការ​ធ្វើ​ពិពិធ​កម្ម និង​បទ​ប្បញ្ញត្តិ​ដែល​ប្រសើរ​ជាង​នេះ​ជា​រឿង​សំខាន់​បំផុត ហើយ​ការ​ពង្រីក​ទីផ្សារ​គោលដៅ​របស់​កម្ពុជា​ក៏​គួរតែ​សំឡឹង​ឆ្ងាយ​ពី​ព្រំដែន​របស់​ខ្លួន ។ ប៉ុន្តែ​តាម​ប្រពៃណី និង​វប្បធម៌​កម្ពុជា​ដែល​មិនសូវ​ឲ្យ​តម្លៃ​លើ​ការ​លេង​ល្បែងស៊ីសង​ក៏​ជា​ចំណុច​មួយ​ដែល​កម្ពុជា​គួរតែ​ពិចារណា ។

ទៅ​ថ្ងៃ​អនាគត ឧស្សាហកម្ម​កាស៊ីណូ​យើង​លែង​សូវ​មាន​ផល​ផ្នែក​សេដ្ឋកិច្ច​ហើយ​ការ​ទាក់ទាញ​ក៏​ប្រឈម​មុខ​ខ្លាំង​នឹង​ប្រទេស​នៅ​ក្នុង​តំបន់ ។ បើ​យើង​អាច​គិតគូ​ធ្វើ​ពិពិធ​កម្មវិស័យ​សេវាកម្ម និង​ឧស្សាហកម្ម​ផ្សេង​ដែល​មាន​ប្រយោជន៍​ច្រើន​ជាង​កាស៊ីណូ​ក៏​គួរតែ​គិតគូរ ដូច​ជា សេវាកម្ម​ទេសចរណ៍​ផ្សងព្រេង សេវាកម្ម​ស្ប៉ា ទេសចរណ៍ធម្មជាតិ ទេសចរណ៍​ម្ហូបអាហារ ទេសចរណ៍​សួនសត្វ​… ។​ល​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ