ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់ក្លិប Liverpool ហាក់មិនចាប់អារម្មណ៍ ទោះផ្ទុះរឿង Elon Musk ចង់ទិញយកដាច់

1 ថ្ងៃ មុន

ចក្រភពអង់គ្លេស ៖ ប្រភពពី goal.com និងសារព័ត៌មានធំៗមួយចំនួនផ្សេងទៀត កាលពីថ្ងៃទី៧ ខែមករា បានរាយការណ៍ថា ម្ចាស់ក្លិបបាល់ទាត់ Liverpool…

ចក្រភពអង់គ្លេស ៖ ប្រភពពី goal.com និងសារព័ត៌មានធំៗមួយចំនួនផ្សេងទៀត កាលពីថ្ងៃទី៧ ខែមករា បានរាយការណ៍ថា ម្ចាស់ក្លិបបាល់ទាត់ Liverpool បានបដិសេធរឿងលក់ក្លិប បើទោះបីជាកាលពីថ្មីៗនេះ ឪពុកលោក Elon Musk មហាសេដ្ឋីមានបំផុតលើពិភពលោកបានអះអាងថា កូនប្រុសលោកចង់ទិញយកក្លិបរហស្សនាម «ហង្សក្រហម» មួយនេះយ៉ាងណាក៏ដោយ។

កាលពីពេលថ្មីៗនេះ រឿងដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងក្នុងពិភពបាល់ទាត់ ជាពិសេសនៅចក្រភពអង់គ្លេស បន្ទាប់ពីឪពុកលោក Elon Musk លោក Errol Musk បានបង្ហើបថា កូនប្រុសលោកចង់ទិញយកក្លិប Liverpool ពីក្រុមហ៊ុន Fenway Sports Group ប៉ុន្តែកាសែត The Times បានអះអាងថា មហាសេដ្ឋីមានបំផុតលើពិភពលោកជាម្ចាស់ក្រុមហ៊ុន Tesla និងបណ្តាញសង្គម X រូបនេះ មិនទាន់ធ្វើការទាក់ទងផ្លូវការណាមួយជាមួយក្រុមហ៊ុនកីឡារបស់សហរដ្ឋអាមេរិកមួយនេះនៅឡើយទេ។ ជាក់ស្តែង ក្រោយមកនៅពេលត្រូវបានសួរដោយវិទ្យុ The Times ជុំវិញការចង់ទិញយកក្លិប Liverpool លោក Errol Musk ឆ្លើយថា «ខ្ញុំមិនអាចធ្វើអត្ថាធិប្បាយលើរឿងនោះបានទេ ព្រោះពួកគេនឹងដំឡើងថ្លៃ! ប៉ុន្តែបាទគេពិតជាចង់ ហើយអ្នកផ្សេងក៏ចង់ដែរ»។

លោក Elon Musk មានទ្រព្យសម្បត្តិសរុបប្រមាណ ៤២៤.៦ពាន់លានដុល្លារ និងកំពុងតែបន្តឈរជាមហាសេដ្ឋីមានជាងគេបំផុតនៅលើពិភពលោក។ ទោះយ៉ាងណា ក្រុមហ៊ុន Fenway Sports Group ម្ចាស់ក្លិប Liverpool បានលក់ភាគហ៊ុនភាគតិចរបស់ខ្លួនទៅឱ្យក្រុមហ៊ុនវិនិយោគអាមេរិកមួយទៀត Dynasty Equity កាលពីខែកញ្ញា ឆ្នាំ ២០២៣ ដូច្នេះហាក់បីដូចជា ពួកគេនឹងមិនទទួលយកសំណើណាមួយពីលោក Elon Musk នោះទេ បើទោះជាលទ្ធភាពមហាសេដ្ឋីសញ្ជាតិអាមេរិកវ័យ៥៣ឆ្នាំរូបនេះ បានបង្ហាញពួកគេជាមួយការផ្តល់ជូនដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយ។

នៅពេលនោះ លោក Mike Gordon ប្រធានក្រុមហ៊ុន Fenway Sports Group បានប្រកាសថា «ការប្តេជ្ញាចិត្តរយៈពេលវែងរបស់យើង ចំពោះក្លិប Liverpool នៅតែរឹងមាំដូចពីមុន។ យើងតែងតែនិយាយថា បើមានដៃគូវិនិយោគសាកសមណាមួយសម្រាប់ Liverpool នោះយើងនឹងស្វែងរកឱកាសសហការ ដើម្បីជួយធានានូវភាពធន់នៃផ្នែកហិរញ្ញវត្ថុរយៈពេលវែងរបស់ក្លិប និងការរីកចម្រើននាពេលអនាគត»។

យ៉ាងណាមិញ ក្រោយផ្ទុះព័ត៌មានជុំវិញការចង់ទិញក្លិប Liverpool ពីលោក Elon Musk ភ្លាមៗនោះ ទីភ្នាក់សារព័ត៌មាន AP ធ្វើការទាក់ទងសុំការបញ្ជាក់ជុំវិញរឿងនេះ ហើយអ្នកនាំពាក្យក្រុមហ៊ុន Fenway Sports Group បានបញ្ជាក់ថា គ្មានការពិតទេ ទាំងនេះគឺជាពាក្យចចាមអារ៉ាម។

ក្រោមការដឹកនាំរបស់ក្រុមហ៊ុន Fenway Sports Group ចាប់តាំងពីឆ្នាំ ២០១០ ក្លិប Liverpool បានរើខ្លួនងើបឡើងវិញជាក្លិបខ្លាំងបំផុតមួយនៅទ្វីបអឺរ៉ុប។ ពួកគេបានឈ្នះជើងឯកលីគកំពូលអង់គ្លេស Premier League លើកដំបូងក្នុងរយៈពេល៣០ឆ្នាំ កាលពីឆ្នាំ ២០២០ ហើយមួយរដូវកាលបន្ទាប់ពីបន្តឈ្នះជើងឯកទ្វីបអឺរ៉ុប UEFA Champions League។ ហើយបច្ចុប្បន្នក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិហូឡង់ លោក Arne Slot ពួកគេក៏កំពុងតែឈរនៅកំពូលតារាងទាំងលីគក្នុងស្រុក និងពានរង្វាន់ទ្វីបអឺរ៉ុបផងដែរ៕ ដកស្រង់ ៖ goal.com, AP និង Sky Sports

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ