ទីផ្សារស្រូវអង្ករកម្ពុជានៅក្នុងឆ្នាំ២០២៥នេះទំនងជាចង្អៀតដោយសារតែឥណ្ឌា ខណៈដែលវៀតណាម និង ថៃ បានកំពុងតែទម្លាក់ក្តីរំពឹងពីការនាំចេញអង្ករដែរ។ កាលពីឆ្នាំ២០២៤កន្លងការរឹតត្បិតលើ ការនាំចេញរបស់ឥណ្ឌាបានធ្វើឲ្យការនាំចេញអង្ករពីវៀតណាមនិងថៃកើនឡើងខ្លាំង ប៉ុន្តែនៅពេលដែលឥណ្ឌាបង្កើនការនាំចេញ ការព្យាករណ៍ពីការនាំចេញរបស់វៀតណាមនិងថៃត្រូវគេទម្លាក់។ ដូចនេះចង់ឫមិនចង់វិស័យស្រូវនិងអង្ករកម្ពុជាដែលមានទំនាក់ទំនង…
ទីផ្សារស្រូវអង្ករកម្ពុជានៅក្នុងឆ្នាំ២០២៥នេះទំនងជាចង្អៀតដោយសារតែឥណ្ឌា ខណៈដែលវៀតណាម និង ថៃ បានកំពុងតែទម្លាក់ក្តីរំពឹងពីការនាំចេញអង្ករដែរ។
កាលពីឆ្នាំ២០២៤កន្លងការរឹតត្បិតលើ ការនាំចេញរបស់ឥណ្ឌាបានធ្វើឲ្យការនាំចេញអង្ករពីវៀតណាមនិងថៃកើនឡើងខ្លាំង ប៉ុន្តែនៅពេលដែលឥណ្ឌាបង្កើនការនាំចេញ ការព្យាករណ៍ពីការនាំចេញរបស់វៀតណាមនិងថៃត្រូវគេទម្លាក់។ ដូចនេះចង់ឫមិនចង់វិស័យស្រូវនិងអង្ករកម្ពុជាដែលមានទំនាក់ទំនង នឹងប្រទេសជិតខាងនឹងអាចមានការប្រែប្រួលទៅតាមនោះដែរ ។
តាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Business-Standard បានឲ្យដឹងថា បរិមាណនៃការនាំចេញអង្ករឥណ្ឌានៅឆ្នាំ២០២៤កន្លងទៅគឺប្រមាណជា ១៧ លានតោនប៉ុណ្ណោះ ខណៈដែលកាលពីឆ្នាំ២០២២ គឺមានបរិមាណ២២លានតោន។ នៅឆ្នាំ២០២៥ នេះដោយសារទិន្នផលស្រូវប្រសើរកាលពីឆ្នាំ២០២៤ គេរំពឹងថា នឹងបំពេញការធ្លាក់ចុះវិញ។
នៅក្នុងស្ថានភាពនេះ កាសែត Vietnam News វិញបានផ្សាយថា ស្របពេលដែលឥណ្ឌាប្រកាសលុបចោលការរឹតត្បិតលើការនាំចេញអង្ករ វៀតណាមរំពឹងថា ការនាំចេញអង្កររបស់ខ្លួននៅក្នុងឆ្នាំ២០២៥ គឺមិនប្រសើរដូចជាការនាំចេញនៅក្នុងឆ្នាំ២០២៤ឡើយ ។
តាមសេចក្តីរាយការណ៍នោះ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤កន្លងទៅ វៀតណាមអាចនាំអង្ករចេញបានសរុប៩លានតោន នៅក្នុងទឹកប្រាក់សរុប ៥,៧ ពាន់លានដុល្លារឯណោះ។ តែឆ្នាំនេះ នៅពេលដែលឥណ្ឌាអាចដណ្តើមចំណែកទីផ្សាររបស់គេចំនួន ៥លានតោនទៅវិញនោះ វានឹងអាចទាញទម្លាក់ការនាំចេញពីវៀតណាមមួយផ្នែក ។
ស្របពេលនឹងការព្រួយបារម្ភនេះ ខាងថៃ ដែលឈរនៅលំដាប់ទី២នៅលើទីផ្សារអង្ករនាំចេញកាលពីឆ្នាំ២០២៤ ក៏ព្រួយបារម្ភពីការថយចុះនៃបរិមាណនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិដែរ ។
តាមអត្ថបទមួយដែលចុះផ្សាយដោយកាសែត Bangkok Post បានរាយការណ៍ពីក្តីរំពឹងនៃការនាំចេញអង្ករថយចុះដល់ទៅ ២,៥ លានតោន ឯណោះ ។
សារព័ត៌មាននេះបានដកស្រង់អ្នកជំនាញនៅក្នុងពាណិជ្ជកម្មអង្កររបស់ខ្លួនថា កាលពីឆ្នាំ២០២៤បរិមាណនៃការនាំចេញអង្កររបស់ថៃសម្រេចបានជាង ១០ លានតោន នៅក្នុងតម្លៃដល់ទៅ ជាង ៦ពាន់លានដុល្លារ ប៉ុន្តែនៅឆ្នាំក្រោយថៃរំពឹងថា ការនាំចេញអាចសម្រេចបានត្រឹមរង្វង់ ៧,៥ លានតោនប៉ុណ្ណោះ ។
សម្រាប់កម្ពុជាវិញបរិមាណនៃការនាំចេញអង្ករក្នុងរយៈពេល ១១ខែ នៃឆ្នាំ២០២៤ សម្រេចបាន ៥៧៥.៥៦២តោន ជាមួយនឹងទឹកប្រាក៤១៣លានដុល្លារ តែស្រូវបានជាង ៤,៦លានតោន ដែលគិតជាទឹកប្រាក់គឺប្រមាណជា ១,៣៨ពាន់លានដុល្លារ។
អ្នកវិភាគបានលើកឡើងថា សម្រាប់អង្ករកម្ពុជាទំនងជាមិនសូវប៉ះពាល់ខ្លាំងទេ ដោយសារតែ ម៉ូយអង្ករ កម្ពុជាភាគច្រើននៅអឺរ៉ុប ហើយប្រភេទអង្ករកម្ពុជានាំចេញទៀតសោតក៏ជាអង្ករប្រណីត មានគុណភាព ប៉ុន្តែសម្រាប់ស្រូវប្រាកដជាមានផលប៉ះពាល់ ។
អ្នកវិភាគរូបនោះបានលើកឡើងថា តម្លៃស្រូវអាចប៉ះពាល់ ពីព្រោះស្រូវកម្ពុជាមានទីផ្សារនៅប្រទេសជិតខាងនេះឯង។ ដូច្នេះនៅពេលដែលប្រទេសជិតខាងទាំងពីរមានបញ្ហាទីផ្សារអង្ករគេនោះ ស្រូវនៅស្រែស្រុក យើងគេចមិនផុតឡើយ ។
ពាក់ព័ន្ធនឹងបញ្ហាតម្លៃស្រូវនេះ សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា តម្លៃស្រូវនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ នេះ មានការស្រុតចុះគួរឲ្យកត់សម្គាល់។ តម្លៃស្រូវកាលពីឆ្នាំមុនដែលមានតម្លៃមួយគីឡូប្រមាណជា ១០០០ រៀលនោះ នៅពេលនេះបានស្រុតចុះមកនៅត្រឹម ពី ៦៨០ រៀល ទៅ ៩៤០ រៀល ប៉ុណ្ណោះនៅក្នុងមួយគីឡូក្រាម ៕
ចែករំលែកព័តមាននេះ