ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

នៅទូទាំងពិភពលោក កាលបរិច្ឆេទនៃព្រឹត្តិការណ៍ជាក់លាក់នានាត្រូវបានបញ្ចូលទៅក្នុងការចងចាំរួមរបស់មនុស្សជាតិទូទៅ ដើម្បីរំលឹកអំពីអ្វីដែលបានកើតមានឡើងនៅអតីតកាល ដោយនៅក្នុងនោះ ព្រឹត្តិការណ៍ ៧ មករា នៅកម្ពុជា គួរតែត្រូវបានបានចូលទៅក្នុងកំណត់ត្រាមួយរបស់ពិភពលោកផងដែរ ។…

នៅទូទាំងពិភពលោក កាលបរិច្ឆេទនៃព្រឹត្តិការណ៍ជាក់លាក់នានាត្រូវបានបញ្ចូលទៅក្នុងការចងចាំរួមរបស់មនុស្សជាតិទូទៅ ដើម្បីរំលឹកអំពីអ្វីដែលបានកើតមានឡើងនៅអតីតកាល ដោយនៅក្នុងនោះ ព្រឹត្តិការណ៍ ៧ មករា នៅកម្ពុជា គួរតែត្រូវបានបានចូលទៅក្នុងកំណត់ត្រាមួយរបស់ពិភពលោកផងដែរ ។

នៅពេលបច្ចុប្បន្ននេះ ព្រឹត្តិការណ៍ធំៗនានាមួយចំនួន ដូចជា ព្រឹត្តិការណ៍នៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែនៅហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុនថ្ងៃទី ០៦ សីហា ១៩៤៥, ការប្រារព្ធទិវាជ័យជំនៈនៅអឺរ៉ុប ៨ ឧសភា ១៩៤៥ និង ការរំលឹកព្រឹត្តិការណ៍ D-Day ៦ មិថុនា ១៩៤៤ គឺសុទ្ធតែទទួលបាននូវការកត់ត្រា ខណៈដែល ព្រឹត្តិការណ៍ ៧ មករា ១៩៧៩ ក៏មានតម្លៃមិនធម្មតាដែរ ជាពិសេសសម្រាប់កម្ពុជា។
ព្រឹត្តិការណ៍នីមួយៗទាំងនេះ គឺសុទ្ធតែជានិមិត្តរូបនៃការតស៊ូជំនៈគ្រប់ការលំបាកនិងគ្រោះមហន្តរាយជាច្រើនដើម្បីបុព្វហេតុនៃការរស់រានមានជីវិត សេចក្តីថ្លៃថ្នូរ ការលះបង់ និងស្មារតីរួមសាមគ្គីរបស់មនុស្សជាតិទាំងអស់ ។

សម្រាប់ប្រជាជនកម្ពុជា ថ្ងៃទី ៧ មករា គឺជាថ្ងៃរំដោះ និងជាចុងបញ្ចប់នៃរបបទាសភាពខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រជាតិ។ នៅថ្ងៃនេះ ក្នុងឆ្នាំ ១៩៧៩ របបខ្មែរក្រហមដែលទទួលខុសត្រូវលើការស្លាប់មនុស្សប្រមាណជា៣លាន នាក់តាមរយៈអំពើប្រល័យពូជសាសន៍ ការអត់ឃ្លាន ការបង្ខិតបង្ខំឲ្យធ្វើការជាទម្ងន់ និង ការធ្វើទារុណកម្ម ត្រូវបានផ្ដួលរំលំ។ ព្រឹត្តិការណ៍នេះតំណាងឱ្យការតស៊ូរបស់ប្រជាជនដែលទាមទារសេរីភាព និងសិទ្ធិរស់រានមានជីវិត ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់មនុស្សជាតិមកវិញក្រោមជំនួយពីកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលនាំឲ្យមានការបកស្រាយដ៏ចម្រូងចម្រាស់កើតមានឡើងរហូតដល់បច្ចុប្បន្ននេះ។

នេះគឺជាសក្ខីភាពនៃប្រវត្តិសាស្រ្តនៅកម្ពុជា ដែលមិនអាចប្រកែកបានសម្រាប់ពលរដ្ឋកម្ពុជា ហើយវានៅតែជាមូលដ្ឋានគ្រឹះនៃការចងចាំរបស់ពលរដ្ឋកម្ពុជា។ ប៉ុន្តែ វាក៏ជាការចងចាំមួយសម្រាប់មនុស្សជាតិទូទៅនៅលើពិភពលោកផងដែរសម្រាប់ឆ្លុះបញ្ចាំងពីសារៈសំខាន់នៃការប្រឈមមុខ និងរៀនសូត្រពីអតីតកាល ដើម្បីទទួលបានបច្ចុប្បន្នភាពនិងអនាគតប្រសើរ ។

កន្លងមកនៅលើពិភពលោកមានរឿងដែលគេបានចងចាំជាច្រើនត្រូវបានកត់ត្រា ដូចជានៅថ្ងៃទី ៦ ខែសីហាដែលពលរដ្ឋជប៉ុននិងពិភពលោកបាន ចងចាំពីការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ នៅហ៊ីរ៉ូស៊ីម៉ាក្នុងឆ្នាំ ១៩៤៥ ដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ភ្លាមៗ និងបន្សល់ទុកស្លាកស្នាមយូរអង្វែងលើអ្នកនៅរស់ និងកូនចៅរបស់ពួកគេ។ ទិវានេះមិនមែនគ្រាន់តែជាការកាន់ទុក្ខប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអំពាវនាវឱ្យមានសន្តិភាព និងការរំសាយអាវុធនុយក្លេអ៊ែរផងដែរ។ ការផ្លាស់ប្តូររបស់ហ៊ីរ៉ូស៊ីម៉ា ពីនិមិត្តសញ្ញានៃការបំផ្លិចបំផ្លាញ ទៅជាសញ្ញាសម្រាប់សន្តិភាព បញ្ជាក់ពីសមត្ថភាពរបស់មនុស្សជាតិសម្រាប់ភាពធន់ និងក្តីសង្ឃឹម។

ក្រៅពីនោះព្រឹត្តិការណ៍ ៨ ឧសភា ១៩៤៥ គឺជាថ្ងៃបញ្ចប់ជាផ្លូវការនៃសង្គ្រាមលោកលើកទី២ នៅអឺរ៉ុប បន្ទាប់ពីការចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់អាល្លឺម៉ង់។ សម្រាប់ប្រទេសជាច្រើននៅអឺរ៉ុប ថ្ងៃនេះគេប្រារព្ធពិធីនៃការស្ដារឡើងវិញនូវសន្តិភាព និងការកម្ចាត់ហ្វាស៊ីសនិយម។ វាជាថ្ងៃនៃការរីករាយ ប៉ុន្តែក៏ជាថ្ងៃមួយនៃការឆ្លុះបញ្ចាំងពីការលះបង់ដ៏សម្បើមរបស់មនុស្សរាប់លាននាក់ផងដែរ។

ដោយឡែក ថ្ងៃទី ៦ មិថុនា ១៩៤៤ ដែលគេស្គាល់ថាជាថ្ងៃប្រារព្ធទិវា D-Day គឺជាពេលវេលាដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិសម័យទំនើប។ វាជាថ្ងៃរំលឹកពីការសម្រេចចិត្តលុកលុយរបស់សម្ព័ន្ធមិត្តលើតំបន់ ណ័មេនឌី ( Normandy ) អំឡុងសង្គ្រាមលោកលើកទី២ ។ វាគឺជាថ្ងៃរំលឹកនូវ ប្រតិបត្តិការ រំដោះអឺរ៉ុបខាងលិចនៅក្នុងទ្រង់ទ្រាយធំបំផុត ពីការគ្រប់គ្រងរបស់កងទ័ពណាស៊ីអាល្លឺម៉ង់។ ថ្ងៃនេះបង្ហាញពីភាពក្លាហាន យុទ្ធសាស្ត្រ និងការរួបរួម ខណៈដែលទាហានមកពីប្រទេសផ្សេងៗបានប្រយុទ្ធនិងពលីនៅលើសមរភូមិ បើកផ្លូវទៅរកការបញ្ចប់សង្រ្គាមលោកលើកទី២ ។

ជារួម កាលបរិច្ឆេទនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តទាំងនេះបម្រើគោលបំណងជាច្រើន។ វាគឺជាការបង្ហាញពីស្មារតីគោរពដល់ការចងចាំរបស់មនុស្សជាតិដែលបានស៊ូទ្រាំនឹងការលំបាកដែលមិនអាចនឹកស្មានដល់ ហើយបានលះបង់ដើម្បីបុព្វហេតុសន្តិភាព និង ឥស្សរភាព ប្រឆាំងនឹងអំពើប្រល័យពូជសាសន៍ ។ វាក៏ជាសក្ខីភាព នៃការអប់រំប្រវត្តិសាស្រ្តដល់មនុស្សជាតិជំនាន់ក្រោយ ឲ្យយល់ និង ជំរុញស្មារតីទទួលខុសត្រូវ ដើម្បីលើកតម្កើងតម្លៃសន្តិភាព សេរីភាព និងយុត្តិធម៌សង្គម។

សរុបទៅមកដល់ពេលបច្ចុប្បន្ននេះ នៅលើពិភពលោកទាំងមូល មានព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តរាប់ពាន់ទំព័រត្រូវបានចងក្រង ប៉ុន្តែទំនងជាមានតែអ្វីដែលកើតមានឡើងនៅកម្ពុជាចន្លោះពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ទេ ដែលប្លែកខុសគេ ។ ព្រោះតែមនោគមវិទ្យា និង បដិវត្តន៍ ព្រមទាំងនិន្នាការនយោបាយ ជនជាតិមួយដែល មានសាសនាតែមួយ ពណ៌សម្បុរតែមួយ ឈាមជ័រក៏តែមួយ បែរជាកាប់សម្លាប់គ្នា ហើយ ប្រែក្លាយទៅជា ប្រទេសគ្មានផ្សារ គ្មានលុយ គ្មានទីក្រុង និង គ្មានពណ៌សម្រាប់ប្រជាជន។

៧ មករាបានរំដោះប្រជាជនកម្ពុជាចាកចេញពីរបបខ្មៅងងឹតនិងប្រល័យពូជសាសន៍។ ដូច្នេះ វាគួរតែត្រូវមានកំណត់ត្រាប្រវត្តិសាស្ត្រពិភពលោក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ