រឿងលុយដុល្លារក្លែងក្លាយដែលជារឿងចាស់ ទំនងជាអាចនឹងកម្រើកឡើងវិញទើបបានជាធនាគារជាតិនៃកម្ពុជាដែលជាអាណាព្យាបាលស្ថាប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានានៅក្នុងប្រទេសបានចេញសេចក្តីជូនដំណឹងសង្កត់ធ្ងន់អំពីបញ្ហានេះ ឡើងជាសាធារណៈ កាលពីចុងឆ្នាំ២០២៤បែបនេះ ។ ធនាគារជាតិនៃកម្ពុជាមិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់អំពីបញ្ហានេះទេ ប៉ុន្តែស្ថាប័ននេះបានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤…
រឿងលុយដុល្លារក្លែងក្លាយដែលជារឿងចាស់ ទំនងជាអាចនឹងកម្រើកឡើងវិញទើបបានជាធនាគារជាតិនៃកម្ពុជាដែលជាអាណាព្យាបាលស្ថាប័នធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានានៅក្នុងប្រទេសបានចេញសេចក្តីជូនដំណឹងសង្កត់ធ្ងន់អំពីបញ្ហានេះ ឡើងជាសាធារណៈ កាលពីចុងឆ្នាំ២០២៤បែបនេះ ។
ធនាគារជាតិនៃកម្ពុជាមិនបានបញ្ជាក់អំពីមូលហេតុច្បាស់លាស់អំពីបញ្ហានេះទេ ប៉ុន្តែស្ថាប័ននេះបានចេញសេចក្តីជូនដំណឹងចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ហើយដែលត្រូវសារព័ត៌មាននានាទទួលបាន និងចេញផ្សាយ នៅដើមឆ្នាំ២០២៥ជាបន្តបន្ទាប់ ។
តាមសេចក្តីជូនដំណឹងដែលចេញធនាគារជាតិនៃកម្ពុជាបានបង្ហើបឲ្យដឹងថា ទន្ទឹមនឹងការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកនៅក្នុងប្រទេសកម្ពុជា ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយក៏កំពុងត្រូវបានចរាចរផងដែរ ។ ដូច្នេះក្នុងគោលបំណងរួមចំណែកទប់ស្កាត់ការចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ និងតាមសំណើរបស់ភ្នាក់ងារសម្ងាត់អាមេរិក ធនាគារជាតិនៃកម្ពុជា បានស្នើឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដកហូតក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយពីអតិថិជនដោយគ្មានសំណង រួចបញ្ជូនទៅភ្នាក់ងារសម្ងាត់អាមេរិកជាមួយនឹងរបាយការណ៍ ដើម្បីភ្នាក់ងារសម្ងាត់អាមេរិកស៊ើបអង្កេតបន្ត ។
ស្ថាប័នអាណាព្យាបាលធនាគារ និងហិរញ្ញវត្ថុកម្ពុជានេះក៏បានប្រាប់អោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាទុកព័ត៌មានអំពីអត្តសញ្ញាណអតិថិជនដែលចរាចរក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយ ហើយផ្តល់ព័ត៌មានទាំងនេះមកធនាគារជាតិនៃកម្ពុជាផងដែរ ។
ក្រៅពីនោះ ធនាគារជាតិនៃកម្ពុជាក៏បានជំរុញ និងលើកទឹកចិត្តឲ្យសាធារណជនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ និងពិនិត្យឱ្យបានហ្មត់ចត់មុននឹងទទួលយកក្រដាសប្រាក់ដុល្លារអាមេរិក ហើយក្នុងករណីមានការសង្ស័យថា ក្រដាសប្រាក់ដុល្លារអាមេរិកនោះក្លែងក្លាយ សូមផ្តល់ព័ត៌មានជូនធនាគារជាតិនៃកម្ពុជា ។
ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ណែនាំអតិថិជនរបស់ខ្លួន អំពីរបៀបកំណត់អត្តសញ្ញាណក្រដាសប្រាក់ដុល្លារអាមេរិកពិត ដើម្បីចូលរួមការទប់ស្កាត់ការប្រើប្រាស់ ក្រដាសប្រាក់ដុល្លារអាមេរិកក្លែងក្លាយផងដែរ ។ សូមលើកកម្ពស់ការប្រុងប្រយ័ត្នពីព្រោះថា ប្រសិនបើប៉ះចំក្រដាសក្លែងក្លាយតែមួយសន្លឹកមិនចាំបាច់ដល់១០០ដុល្លារ ដែលមានតម្លៃស្មើរនឹងជាង៤០ម៉ឺនរៀលប៉ុណ្ណោះទេ គឺត្រឹមតែ១ដុល្លារក៏យើងអាចនឹងខាតបង់អស់៤ពាន់រៀលដែរ ។
មកដល់ពេលនេះ លុយដុល្លារអាមេរិក នៅតែត្រូវបានគេទទួលស្គាល់បំផុតនៅលើពិភពលោក ហើយត្រូវបានចាត់ទុកថា ជារូបិយប័ណ្ណដែលមានស្ថិរភាព និងគួរឱ្យទុកចិត្ត ។ ប៉ុន្តែវា គឺជារឿងអកុសល ប្រសិនបើករណីលុយក្លែងក្លាយផ្ទុះឡើង ។ នៅកម្ពុជារឿងលុយដុល្លារអាមេរិកក្លែងក្លាយនេះ សម្បូរកាលពីចុងទស្សវត្សរ៍នៃឆ្នាំ១៩៩០ ហើយក៏បានសាបរលាបបន្តិចម្តង រហូតដល់បច្ចុប្បន្នក៏ស្រាប់តែមានសេចក្តីជូនដំណឹងពីធនាគារជាតិនៃកម្ពុជាឡើងតែម្តង ។
លោក ទេព សុធា ជាប្រជាពលរដ្ឋមួយរូប បានលើកឡើងថា លុយដុល្លារក្លែងក្លាយនេះស្ងប់ស្ងាត់យូរដែរហើយសម្រាប់កម្ពុជា ដោយមាន គឺមានតែបញ្ហាលុយដុល្លារទក់ ឬចាស់ ឬរហែកប៉ុណ្ណោះ ។ ធនាគារជាតិចេញបែបនេះ គឺជាការកន្ត្រាក់អារម្មណ៍មួយ ដូច្នេះហើយទើបការប្រុងប្រយ័ត្ន គឺចាំបាច់ត្រូវបន្តយកចិត្តទុកដាក់ ។ លោកបញ្ជាក់ថា «បើយើងមិនប្រយ័ត្នទេ ពេលប៉ះ គឺដឹងតែស៊យហើយ » ។
ពាក់ព័ន្ធនឹងបញ្ហាលុយដុល្លារក្លែងក្លាយនេះ សារព័ត៌មាន ABC News ក៏បានទទួលស្គាល់ថា វា គឺជាឧក្រិដ្ឋកម្មហិរញ្ញវត្ថុដែលនៅតែបន្តមាន ដោយនៅក្នុងនោះកាលពីឆ្នាំ២០២៣ កន្លងទៅភ្នាក់ងារសម្ងាត់អាមេរិកបានរឹបអូសលុយដុល្លារក្លែងក្លាយបានជិត២២លានដុល្លារដែរ ។
ប្រភពដដែលបានបន្តថា បើប្រៀបធៀបនឹងអំពើក្លែងបន្លំផ្សេងៗការចរាចរលុយដុល្លារក្លែងក្លាយ វាមិនមានទំហំធំដល់ការជួញដូរូបិយប័ណ្ណឌីជីថលដូចជា Bitcoin និងការចរាចរគ្រីបតូផ្សេងនោះទេ ប៉ុន្តែទំហំនៃការជួញដូរដុល្លារក្លែងក្លាយនេះ នៅតែមានការរួមចំណែកដែលទាមទារឲ្យមានការយកចិត្តទុកដាក់ និង លើកកម្ពស់ការប្រុងប្រយ័ត្ន ។
ការបន្តការគំរាមកំហែងនៃរូបិយប័ណ្ណអាមេរិកក្លែងក្លាយចំពោះប្រព័ន្ធហិរញ្ញវត្ថុនេះ នៅតែបន្តវិវឌ្ឍន៍ និងនៅតែមានដោយសារតែភាពជឿនលឿននៃបច្ចេកវិទ្យា ភាពអាចរកបាននៃឧបករណ៍ស្កែន និងបោះពុម្ព និងការទទួលយកប្រាក់ដុល្លារដោយក្រុមទុច្ចរិតនានា ដូច្នេះហើយទើបធ្វើឲ្យវានៅតែជាការគំរាមកំហែងជាសកល ។ អ្នកប្តូរប្រាក់មួយរូបដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ដើម្បីកុំអោយពលរដ្ឋខាតបង់ ធនាគារជាតិនៃកម្ពុជាគួរតែចេញសេចក្តីពិស្តារនៃព័ត៌មាននេះពីព្រោះវាពិតជាសំខាន់ដោយសារតែកម្ពុជាក៏ជាប្រទេសចាយលុយដុល្លារ ហើយពលរដ្ឋភាគច្រើន គឺទទួលបានប្រាក់បៀវត្សរ៍ និងធ្វើការទូទាត់ផ្សេងៗនៅតែប្រើប្រាស់ដុល្លារនៅឡើយ ជាពិសេស គឺការទូទាត់ធំៗ។
លោកបានបន្តថា ម្យ៉ាងវិញទៀត ធនាគារជាតិក៏គួរតែពន្យល់នូវលក្ខណៈវិនិច្ឆ័យច្បាស់លាស់ចំពោះប្រាក់ដុល្លារអាមេរិក ជាពិសេស គឺកន្លែងចំណាំពិសេសៗ ដើម្បីឲ្យប្រជាពលរដ្ឋមានការយល់ដឹងច្បាស់លាស់ ហើយងាយស្រួលនៅក្នុងការបង្ការ ដើម្បីកុំអោយយើងខាតបង់ទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ