រាជធានីភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរគ្រោងរៀបចំធ្វើមហាសន្និតបញ្ចប់អាណត្តិ
ចាស់និងបន្តអាណត្តិថ្មីរបស់ខ្លួនឡើងវិញនៅចុងខែមករា ឆ្នាំ២០២៥ ខាងមុខ ។ បើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយបានឱ្យដឹងថា ការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការ
ប្រតិបត្តិសហព័ន្ធត្រូវធ្វើឡើងជាកញ្ចប់ ដើម្បីរក្សាតួនាទីមន្ត្រីសំខាន់ៗនៅក្នុងជួរគណៈកម្មប្រតិបត្តិមួយចំនួនធំដែលធ្វើឱ្យមន្ត្រីដែលមានរឿងល្អក់កករឬជំទាស់ជាមួយលោកអគ្គលេខា
ធិការសហព័ន្ធ ហេង សុខឃន ជួបនូវការខកចិត្តយ៉ាងខ្លាំង។
លោកឧត្តមសេនីយ៍ទោខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានប្រាប់ឱ្យដឹងថា មហាសន្និបាតបញ្ចប់អាណត្តិ និងបន្តអាណត្តិថ្មីឆ្នាំ២០២៥ខាងមុខ អាចនឹងធ្វើការបោះឆ្នោតជាកញ្ចប់ ។
លោកថា ការធ្វើបែបនេះដោយសារសហព័ន្ធចង់រក្សាមន្ត្រីសំខាន់ៗមួយចំនួននៅក្នុងជួរគណៈកម្មការប្រតិបត្តិឱ្យនៅដដែល ប៉ុន្តែបែរជាធ្វើឱ្យមន្ត្រីចាស់ៗមួយចំនួនដែលមិនពេញចិត្តចំពោះលោកហេង សុខឃន ដែលកំពុងក្ដោបក្ដាប់មុខតំណែង២នៅក្នុងដៃម្នាក់ឯងជួបនូវរឿងខកចិត្តយ៉ាងខ្លាំង ។ ជាពិសេសមុខតំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរនាពេបច្ចុប្បន្ន ខណៈរូបលោកហេង សុខឃន មានតួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់ឃីកប៊ុកស៊ីងរួចទៅហើយ។
តាមប្រភពព័ត៌មាន លោកហេង សុខឃន បានឡើងកាន់តំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរតាំងពីអាណត្តិលោកឧត្តមសេនីយ៍តែម ម៉ឺន មកម៉្លេះ ប៉ុន្តែចាប់តាំងពីរូបលោកមានតួនាទីនៅក្នុងសហព័ន្ធពេលណាមកបានធ្វើឱ្យមន្ត្រីចាស់ៗនៅក្នុងសហព័ន្ធមានការមិនពេញចិត្តយ៉ាងខ្លាំង ។ ពួកគាត់បានចោទប្រកាន់ថា លោកហេង សុខឃន ច្រើនតែជ្រៀតជ្រែកការងារផ្ទៃក្នុងរបស់សហព័ន្ធក៏ដូចជាគិតពីប្រយោជន៍ផ្ទាន់ខ្លួនច្រើនជាងប្រយោជន៍រួម ។ ពួកគាត់ម្នាក់ៗចង់ឱ្យប្រធានសហព័ន្ធអាណត្តិចាស់ ធ្វើការផ្លាស់ប្ដូររូបលោកចេញ ដើម្បីដាក់អ្នកថ្មីជំនួសវិញ ។ ពួកគាត់ថា តាំងពីលោកហេង សុខឃន ឡើងកាន់តំណែងជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោកគ្រប់គ្រងតាំងពីលុយកាក់នៅក្នុងសហព័ន្ធឡើងទៅ និងមានការនិយមបក្សពួកទៀតផង។
សម្រាប់អាណត្តិថ្មីនេះ លោកឧត្តមសេនីយ៍ទោខូវ ឆាយ ធ្លាប់បានលើកឡើងរួចហើយថា លោក
នឹងមិនអត់ឱនជាដាច់ខាតចំពោះក្រុមធ្វើការនិយមបក្សពួក ប្រព្រឹត្តអំពើពុកលួយជះឥទ្ធិពល
អាក្រក់ដល់វិស័យកីឡាប្រដាល់គុនខ្មែរ និងរាំងស្ទះដល់ភាពរីកចម្រើនរបស់វិស័យកីឡាប្រដាល់
គុនខ្មែរ ។ លោកថា ដល់ពេលវេលាត្រូវវះកាត់សាច់ស្អុយចេញហើយ ព្រោះថារាជរដ្ឋាភិបាលបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះបញ្ហាដូចរៀបរាប់ខាងលើ ។
ទោះបីយ៉ាងណា ពាក់ព័ន្ធទៅនឹងការរិះគន់របស់មន្ត្រីមួយចំនួនទៅលើលោកហេង សុខឃន
លោកឧត្តមសេនីយ៍ទោខូវ ឆាយ បានបង្វែរទៅជារឿងអាចាមអារ៉ាមទៅវិញ ដោយលោកថា
មិនទាន់ស៊ើបដឹងការពិតនៅឡើយ។ លោកថា រឿងផ្ទៃក្នុងសហព័ន្ធគ្មានអ្នកណាដឹងជាងមន្ត្រីនៅក្នុងសហព័ន្ធនោះទេ ចង្កៀងផ្ទះអ្នកណាភ្លឺផ្ទះអ្នកនោះ ។ លោកថា ការតែងតាំងលោកហេង សុខឃន ជាអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់គុនខ្មែរជាបន្តទៀតនោះ នៅមិនទាន់ច្បាស់១០០ភាគរយនោះទេ គឺសម្រេចទៅលើការប្រជុំផ្ទៃក្នុងសិន ប៉ុន្តែវាមានតម្រុយពី៦០ទៅ៧០ភាគរយទៅហើយសម្រាប់តំណែងមួយនេះ។
លោកឧត្តមសេនីយ៍ទោខូវ ឆាយ បានឱ្យដឹងទៀតថា តាមពិតលោកហេង សុខឃន មានតួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់ឃីកប៊ុកស៊ីង រួចហើយ ប៉ុន្តែសហព័ន្ធមួយនេះក៏ជាបុត្រសម្ព័ន្ធរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរដែរ។ កីឡាករទាំងអស់អាចផ្លាស់ប្ដូរគ្នាប្រកួតទៅវិញទៅមកបាន ម្យ៉ាងវិញទៀត សហព័ន្ធមួយនេះនៅថ្មីថ្មោងមិនទាន់ឈរជើងរឹងមាំនៅឡើយ ។ ដូច្នេះការជួយជ្រោមជ្រែងពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរមិនមានអ្វីខុសឆ្គងនោះឡើយ ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ យើងគួរតែរួមគ្នាធ្វើការងារបណ្ដុះបណ្ដាលធនធានកីឡាឱ្យបានច្រើន តម្រូវទីផ្សារកីឡាឱ្យបានគ្រប់គ្រាន់ ដោយសារបច្ចុប្បន្នយើងខ្វះខាតកីឡាករច្រើនណាស់ ព្រោះថាក្រៅពីការប្រកួតនៅលើសង្វៀនតាមកញ្ចក់ទូរទស្សន៍ នៅមានសង្វៀនតាមខេត្តជាច្រើនទៀតដែលកំពុងត្រូវការ។
លោក ទុយ ប៊ុនហឿន មន្ត្រីនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ចំពោះមនុស្សម្នាក់ដែលកាន់មុខតំណែងពីរផ្សេងគ្នាមិនទាន់មានគោលការណ៍ឬច្បាប់ណាមួយចែងមិនឱ្យធ្វើនោះទេ គឺវាអាស្រ័យទៅលើបុគ្គលរូបនោះមានពេលវេលាគ្រប់គ្រាន់សម្រាប់បំពេញការងារទាំងនោះឬអត់ ។ ម្យ៉ាងវិញទៀត វាអាស្រ័យទៅលើផ្ទៃក្នុងរបស់សាមីស្ថាប័នសហព័ន្ធទាំងនោះពេញចិត្តឬអត់ប៉ុណ្ណោះ ។
សហព័ន្ធកីឡានីមួយៗប្រៀបបានទៅនឹងអង្គការសង្គមមួយប៉ុណ្ណោះ ខាងក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិក ឬក៏អាជ្ញាធរកីឡាដទៃទៀត មិនមានសិទ្ធិលូកដៃចូលក្នុងរឿងសហព័ន្ធនីមួយៗបានឡើយ ។ ឧទាហរណ៍ ពេលណាសហព័ន្ធមួយធ្វើមហាសន្និបាតឬប្រជុំបូកសរុបការងារអ្វីមួយស្ថាប័នទាំងនោះមានសិទ្ធិត្រឹមតែជាអ្នកសង្កេតការណ៍ប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ