ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលដៅ​ទាក់ទាញ​អ្នកទេសចរ​បរទេស​ត្រឹម​ប្រមាណ​ជា​៧​លាន​នាក់ សម្រាប់​ឆ្នាំ​២០២៥ ទំនងជា​អាច​នឹង​ទៅ​រួច ប្រសិនបើ​គ្រប់​គ្នា​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព ហើយ​លុប​បំបាត់​ព័ត៌មាន​អាក្រក់​ៗ និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ឲ្យ​កាន់តែ​រស់​រវើក ។ តួរ​លេខ​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​នៅ​កម្ពុជា ពេញ​មួយ​ឆ្នាំ​២០២៤ កន្លង​ទៅ…

គោលដៅ​ទាក់ទាញ​អ្នកទេសចរ​បរទេស​ត្រឹម​ប្រមាណ​ជា​៧​លាន​នាក់ សម្រាប់​ឆ្នាំ​២០២៥ ទំនងជា​អាច​នឹង​ទៅ​រួច ប្រសិនបើ​គ្រប់​គ្នា​ប្រឹងប្រែង​ឲ្យ​អស់​លទ្ធភាព ហើយ​លុប​បំបាត់​ព័ត៌មាន​អាក្រក់​ៗ និង​ធ្វើ​ពិពិធ​កម្ម​ទីផ្សារ​ឲ្យ​កាន់តែ​រស់​រវើក ។

តួរ​លេខ​ភ្ញៀវ​ទេសចរ​បរទេស​មក​កម្សាន្ត​នៅ​កម្ពុជា ពេញ​មួយ​ឆ្នាំ​២០២៤ កន្លង​ទៅ មិន​ទាន់​ដឹង​ច្បាស់​ទេ ប៉ុន្តែ​លោក​ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​បង្ហាញ​នូវ​ក្តី​សង្ឃឹមថា កម្ពុជា​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ខ្ទង់​ប្រមាណ​ជា​៦,៧​លាន​នាក់ ។ ការ​លើក​ឡើង​ប្រកបដោយ​ទស្សនៈ​សុទិដ្ឋិនិយម​នេះ គឺ​ដោយ​ផ្អែក​លើ​តួរ​លេខ​សរុប​ជាង​៦​លាន​នាក់ ដែល​កម្ពុជា​អាច​សម្រេច​បាន​នៅ​ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​ចាស់ ។

គោលដៅ​នៃ​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស នៅ​ក្នុង​បរិមាណ​សរុប​ខាងលើ​នេះ មិនធំ​ដុំ​លើស​ពី​សមត្ថភាព​របស់​កម្ពុជា​ឡើយ ។ ប្រសិនបើ​និន្នាការ​សេដ្ឋកិច្ច​ពិភពលោក​មិន​មាន​វិបត្តិ​ធ្ងន់ធ្ងរ ឬអ្វី​ដែល​ខ្លាំងក្លា​លើស​ពី​បច្ចុប្បន្ន​នេះ​ទេ ក្តី​រំពឹង​របស់​កម្ពុជា​អាច​នឹង​សម្រេច​បាន ស្រប​ពេល​ដែល​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ អាកាសយានដ្ឋាន​ថ្មី​ពីរ​រំពឹង​ថា នឹង​រួមចំណែក​ដល់​កំណើន​នេះ គឺ​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ​នៅ​កោះកុង ដែល​នៅ​ពេល​នេះ​អាច​ទទួល​យន្តហោះ​បាន​ហើយ និង​អាកាស​អន្តរជាតិ​តេ​ជោ ដែល​គ្រោង​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ក្នុង​រង្វង់​ខែកក្កដា ឆ្នាំ​នេះ​ផង​ដែរ ។

ម្យ៉ាងវិញទៀត បើ​ធៀប​នឹង​ប្រទេស​ឯទៀត នៅ​ក្នុង​តំបន់​គោលដៅ​ដែល​កម្ពុជា​កំណត់​ត្រឹម​រង្វង់​ប្រមាណ​ជា​៧​លាន​នាក់​នេះ​មិនធំ​លើសលុប​ឡើយ បើ​ធៀប​នឹង​ពីរ​ដែល​នៅ​ជិតខាង​កម្ពុជា ។ ប្រទេស​វៀតណាម ដែល​មាន​ប្រជាជន​ប្រមាណ​ជា​១០០​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​ចាស់ គេ​រំពឹង​ថា ទាក់ទាញ​ភ្ញៀវ​ទេសចរ​បេ​ទស​បាន​ត្រឹម​ពី​១៧ ទៅ​១៧,៥ លាន​នាក់ តែ​នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ គឺ​រំពឹង​ថា អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ដល់​ទៅ​២២ ទៅ​២៣​លាន​នាក់ ។

ដោយឡែក​ប្រទេស​ថៃ ដែល​មាន​ប្រជាជន​៧០​លាន​នាក់ គឺ​គេ​រំពឹង​ថា ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​នៅ​រង្វង់​៣៥​លាន​នាក់ នៅ​ក្នុង​ឆ្នាំ​ចាស់​តែ​នៅ​ឆ្នាំ​ថ្មី​នេះ គឺ​ចង់​ទាក់ទាញ​ឲ្យ​បាន​រហូត​ដល់​ទៅ​៤០​លាន​នាក់​ឯណោះ ។ កម្ពុជា​ត្រូវ​ពង្រីក​មហិច្ឆតា​របស់​ខ្លួន​លើ​វិស័យ​ទេសចរណ៍​អោយ​កាន់តែ​ធំ ដើម្បី​បង្កើន​ចំណូល​សម្រាប់​ប្រជាជន និង​ប្រទេស​ជាតិ​កម្ពុជា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ