ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍​បង្ហើរ​ខ្លែងឯក​ខ្មែរ ប្រចាំឆ្នាំ២០២៤ នៅ​បរិវេណ​ព្រ​លាន​យន្តហោះ​

1 ថ្ងៃ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖ រដ្ឋបាល​ខេត្តសៀមរាបបាន​ប្រារព្ធ​ព្រឹត្តិការណ៍បុណ្យ​បង្ហើរខ្លែងឯក​ខ្មែរ ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយលើក​ត​ម្កើ​ងមរតក​វប្បធម៌​ជាតិ ដើម្បី​ជម្រុញ​វិស័យ​ទេសចរណ៍ វប្បធម៌ ស្រប​តាម​យុទ្ធនាការ (​ទស្សនា​សៀមរាប ឆ្នាំ​២០២៤) និង​ទាក់ទាញ​អ្នក​ទេសចរណ៍​ឱ្យមក​កម្សាន្ត​នៅ​ក្នុង​ខេត្តសៀមរាប​ផង​។…

ខេត្ត​សៀម​រា​ប ៖ រដ្ឋបាល​ខេត្តសៀមរាបបាន​ប្រារព្ធ​ព្រឹត្តិការណ៍បុណ្យ​បង្ហើរខ្លែងឯក​ខ្មែរ ក្នុង​គោលបំណង​ធ្វើការ​ផ្សព្វផ្សាយលើក​ត​ម្កើ​ងមរតក​វប្បធម៌​ជាតិ ដើម្បី​ជម្រុញ​វិស័យ​ទេសចរណ៍ វប្បធម៌ ស្រប​តាម​យុទ្ធនាការ (​ទស្សនា​សៀមរាប ឆ្នាំ​២០២៤) និង​ទាក់ទាញ​អ្នក​ទេសចរណ៍​ឱ្យមក​កម្សាន្ត​នៅ​ក្នុង​ខេត្តសៀមរាប​ផង​។

លោក មួន សុភាព ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តសៀមរាប​ថ្លែង​ក្នុង​ពិធីបុណ្យ​បង្ហើរ​ខ្លែងឯក​ខ្មែរ និង ខ្លែង​សេរី នៅ​ក្នុង​បរិវេណ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​ចាស់ នា​រសៀល ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៤ បាន​លើក​ឡើង​ថា ការ​បង្ហើរខ្លែង នេះ បាន​កើត​មាន​ឡើង​នៅ​ក្នុង​ប្រពៃ​ណី​របស់​ខ្មែរ រាប់​ពាន់​ឆ្នាំ​មក​ហើយ ។

លោក​បន្ត​ថា ប៉ុន្តែ​មួយ​រយៈកាល​កន្លង​មកនេះ ខ្លែង​ខ្មែរ ជា​ពិសេស​ខ្លែងឯក​នេះ ស្ទើរតែ​បាត់បង់​ដោយសារ​តែ​ពលរដ្ឋ​យើង​មួយ​ចំនួន​មាន​ជំនឿ​ថា ខ្លែង ជា​វត្ថុ​អពមង្គល ។ ដែល​តាម​ការ​ពិត​ខ្លែង​នេះ​ដូនតា​ខ្មែរ​បង្កើត​មក​ជា​វត្ថុ​តំណាង​ឱ្យ​សុភមង្គល​។ លោក មួ​ង សុភាព បន្ត​ទៀត​ថា ដោយសារ​តែ​ជំនឿរ​មិន​សម​ហេតុផល​នេះ ទើប​ថ្នាក់ដឹកនាំ ស្ថាប័ន​ជាតិ​បាន​គិត គូរ និង យកចិត្តទុកដាក់​រៀបចំ​ឱ្យ​មាន​ព្រឹត្តិការណ៍​នានា​ដែល​ទាក់ទង​នឹង​ខ្លែង​នេះ ក្នុង​នោះ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​មាន​បំណង​យក​ខ្លែងឯក​របស់​ខ្មែរ​នេះ ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ផង​ដែរ ។

លោក​បញ្ជាក់​ថា ដោយសារ​ហេតុនេះ​ទើប ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ ខិតខំ​បំផុស​ចលនា​បង្ហើរ ខ្លែង​នេះ ឡើង​វិញ​ព្រោះ​ការ​ចូល​ជា​សម្បត្តិ បេតិកភណ្ឌ​ពិភពលោក​នេះ យើង​អាច​អភិរក្ស និង ផ្សព្វផ្សាយ​អំពី​ខ្លែង​យើង​បាន​ទូលំទូលាយ​។ លោក មួន សុភាព បញ្ជាក់​ទៀត​ថា ការ​បង្ហោះ​ខ្លែង​នេះ នឹង​ក្លាយជា​ព្រឹត្តិការណ៍​ប្រចាំឆ្នាំ​សម្រាប់​ខេត្ត​សៀម រាប ហើយ​ការ​បង្ហើរខ្លែង​នេះ ខ្មែរ​យើង​និយម​បង្ហើរ​នៅ​រដូវរំហើយ ។


លោក លី សារី អភិបាលរង​ខេត្ត​សៀម រាប បាន​ថ្លែង ក្នុង​ពិធី​បើក ព្រឹត្តិការណ៍​បុណ្យ​បង្ហើរ​ខ្លែងឯក​ខ្មែរ និង​ខ្លែង​សេរី​នេះ ថា ការ​បង្ហើរខ្លែង​ខ្មែរ មិន​គ្រាន់តែ​បង្ក​បរិយាកាស​ឱ្យ​ប្រជាពលរដ្ឋ សាធារណ ជន ទស្សនា​ប្រកបដោយ​សេចក្ដី​សប្បាយ រីករាយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ការ​ផ្ទេរ​នូវ​ចំណេះដឹង​ខាង​ទំនៀមទម្លាប់​ប្រពៃណី ខ្មែរ​ដល់​យុវជន​ជំនាន់​ក្រោយ​ឱ្យ​បាន​ស្គាល់ យល់​ដឹង និង ចូលរួម​ប្រតិបត្តិ ថែរក្សា​ការពារ លើក​ស្ទួយ​អត្តសញ្ញាណ​ជាតិ តម្លៃ​វប្បធម៌​អរូបី ព្រមទាំង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​សិក្សា ស្រាវជ្រាវ ចង ក្រង​រក្សា​ទុក​នូវ​ឯកសារ​បេតិកភណ្ឌ​វប្បធម៌​នេះ ឱ្យបាន​ស្ថិតស្ថេរ​គង់វង្ស ។

លោក លី សារី បន្ត​ថា ព្រឹត្តិការណ៍​បុណ្យ​បង្ហើរ​ខ្លែងឯក​ខ្មែរ និង​ខ្លែង​សេរី នា​ឱកាស​នេះ ក៏​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ឱ្យមក​ទស្សនា​ខេត្ត សៀមរាប​កាន់តែ​ច្រើន​ឡើង ស្រប​តាម​យុទ្ធនាការ​(​ទស្សនា​សៀមរាប​ឆ្នាំ ២០ ២៤ )​ផង​ដែរ​។

ទន្ទឹម​នឹង​នេះ សម្រាប់​ឆ្នាំ ២០២៥ ខាង​មុខ ដើម្បី​បន្ត​រក្សា​កំណើន និង ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ថែរក្សា​បាន​នូវ​ប្រពៃណី​ទំនៀមទម្លាប់​ជាតិ​យើង ក្នុង​នាម​អាជ្ញាធរ​ខេត្តសៀមរាប លោក​បាន​ធ្វើការ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព រដ្ឋបាល​ក្រុង ស្រុក វិស័យ​ឯក ជន បងប្អូន​ប្រជាពលរដ្ឋ ភ្ញៀវ​ទេសចរ​ជាតិ និង អន្តរជាតិ ទាំងអស់ មេត្តា​បន្ត​គាំទ្រ​ឱ្យ​បាន​ផុលផុស ដើម្បី​បន្ត​ការ​រៀបចំ​នូវ​កម្មវិធី និង​ព្រឹត្តិការណ៍​នានា ក្នុង​ខេត្ត សៀមរាប​យើង​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត ។

សូម​ជម្រាប​ថា ព្រឹត្តិការណ៍​បង្ហើរខ្លែង​នេះ មាន​ខ្លែងឯក ខ្លែង​សេរី និង​ខ្លែង​តូច​ៗ សរុប​ចំនួន​ប្រមាណ៥០០​ខ្លែង ហើយ​ព្រឹត្តិការណ៍​នេះ​មាន​រយៈពេល​បី​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​២៧​ដល់​ថ្ងៃ​ទី​២៩​ខែធ្នូ ឆ្នាំ​២០២៤ ក៏​មាន​បងប្អូន​អ្នក​ស្រឡាញ់​និង​លេង​ខ្លែង​មក​ពី​បណ្ដា​ខេត្ត​ផ្សេង​ៗ និង​បាន​ចូលរួម​យ៉ាង​ច្រើន​កុះករ​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ