ខេត្តព្រះសីហនុ ៖ មន្ត្រីជិត៥០នាក់នៃរដ្ឋបាលក្រុងព្រះសីហនុ រួមទាំងមនុស្សក្មេងចាស់ បានធ្លាក់ខ្លួនឈឺ បន្ទាប់ពីទទួលទានអាហារសម្រន់នំសាំងវិចពី«ហាងសំពៅមាស» ដែលជាហាងដ៏ល្បីមួយ នៅក្នុងក្រុងព្រះសីហុន ។

បើតាមការអះអាងរបស់អភិបាលរងក្រុងព្រះសីហនុលោកស្រី ឈុន ដារី បានបញ្ជាក់ថា លោកស្រីក៏ស្ថិតក្នុងចំណោមអ្នករងគ្រោះដែលបានពុលចំណីនេះដែរ ហើយលោកស្រីកំពុងបន្តឈឺរាគរុស សម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលពីរថ្ងៃហើយ ។
គិតត្រឹមថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីសាលាក្រុងព្រះសីហនុ ភាគច្រើនដែលទទួលរងការពុលអាហារកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្ត ។

ក្រោយការបែកធ្លាយជុំវិញព័ត៌មានមន្ត្រីសាលាក្រុងព្រះសីហនុជិត៥០នាក់ មានអាការៈរាគ ក្អួត ស្ទើរគ្រប់គ្នា ក្រោយពីចូលរួមកិច្ចប្រជុំការពាររសៀល ថ្ងៃព្រហស្បតិ៍ទី២៦ ខែធ្នូនេះយើងតាមប្រភពអ្នកចូលរួមបានឲ្យដឹងថា ជុំវិញការផ្ទុះការពុលចំណីអាហារនេះ គេនៅពុំទាន់អាចសន្និដ្ឋានបានទេ ប៉ុន្តែក្នុងកិច្ចប្រជុំមន្ត្រីទាំងអស់ដែលបានចូលរួម គឺបានហូបអាហារសម្រន់ គឺនំសាំងវិច ដែលបាននាំយកមកពីអាហារដ្ឋានសំពៅមាស ក្នុងក្រុងព្រះសីហនុ ដែលអាហារដ្ឋានមួយនេះកន្លងមកឲ្យតែមានកម្មវិធីរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង តែងតែកម្មង់អាហារសម្រន់ពីអាហារដ្ឋានមួយនេះ ប៉ុន្តែគេនៅព្រំទាន់ដឹងថា ការពុលនេះ បណ្ដាលមកពីនំសាំងវិច ឬក៏មកពីអ្វីឲ្យពិតប្រាកដនៅឡើយទេ ។

អ្នកជំនាញផ្នែកសុខភាពបានប្រមូលសំណាកនំសាំងវិចមកវិភាគ ដើម្បីកំណត់អត្តសញ្ញាណសារធាតុ បណ្តាលធ្វើឱ្យពុលមនុស្សជាច្រើននាក់ខាងលើនេះ ។ លទ្ធផលនៃការធ្វើពិសោធន៍នេះត្រូវបានរំពឹងទុកយ៉ាងអន្ទះសា ខណៈអាជ្ញាធរកំពុងស៊ើបអង្កេតលើបញ្ហានេះ ៕



ចែករំលែកព័តមាននេះ