រាជធានីភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីពាក់ព័ន្ធ និងមន្ទីរនានា នៃរដ្ឋបាលរាជធានី អាជ្ញាធរខណ្ឌទាំង១៤ ចុះពិនិត្យមើល លើការរៀបចំ ទីតាំងសម្រាប់ថ្នាក់ដឹកនាំជាន់ខ្ពស់ដើម្បីធានាលើសន្តិសុខ សុវត្ថិភាព និងពិនិត្យមើលការរៀបចំ បច្ចេកទេសនានា នៅពហុកីឡដ្ឋានជាតិមរតតេជោ នៅខណ្ឌជ្រោយចង្វាក្នុងន័យធ្វើយ៉ាង ឱ្យរួចរាល់គ្រប់ផ្នែកទាំងអស់ មុនព្រឹត្តិការណ៍បាល់ទាត់មិត្តភាពអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ចាបផ្ដើម ដែលគ្រោងនឹងធ្វើឡើងនារសៀលថ្ងៃទី២៩ ធ្នូស្អែកនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ។
ក្នុងដំណើរពិនិត្យលើការរៀបចំនេះ លោក ឃួង ស្រេង បានត្រួតពិនិត្យបន្ថែម ជាមួយក្រុមការងារពាក់ព័ន្ធ ទាំងការរៀបចំ សន្តិសុខ សុវត្ថិភាព ការផ្សព្វផ្សាយ និងបច្ចេកទេសនានាជាដើម ដើម្បីត្រៀមទទួលស្វាគមន៍ ព្រឹត្តិការបាល់ទាត់ មិត្តភាព ដើម្បីអបអរសាទរ “ទិវា សន្តិភាព នៅ កម្ពុជា” នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ ។
ដើម្បីឱ្យកាន់មានសោភ័ណ្ឌភាព និងមានអនាម័យ អភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យក្រុមករងារបរិស្ថាន រៀបចំលាងសម្អាត បរិវេន ទាំងក្នុង និងក្រៅពហុកីឡាដ្ឋានជាតិមរតកតេជោ បន្ថែមទៀតផងដែរ ។
សូមរំលឹកថា ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» ដែលគ្រោងនឹងធ្វើឡើងនៅពហុកីឡាដ្ឋានជាតិមរតកតេជោ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ស្អែកនេះ តាមការគ្រោងទុកនឹងមានមហាជនចូលរួមប្រមាណជាង ៥ម៉ឺននាក់ ។
គួរបញ្ជាក់ថា ក្នុងកិច្ចប្រជុំពីវឌ្ឍនៈភាព នៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» កាលពីថ្ងៃទី២៣ធ្នូនេះ នៅសាលារាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី,ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជានោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ចំពោះព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នេះ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់ ទាំងការរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ ការតុបតែង ការដាក់ភ្លើងបំភ្លឺសាធារណៈ ការរៀបចំ ចំណតយានយន្ត និងការត្រៀមកម្លាំងកម្មករដើម្បីសំអាត អនាម័យបរិស្ថានជាដើម ។
លោកបន្តថាព្រឹត្តិការណ៍នេះ មានអ្នកចូលរួមទស្សនាប្រមាណជាង ៥ម៉ឺននាក់ ហើយរដ្ឋបាលរាជធានីភ្នំពេញ ក៏បានត្រៀមអាវយឺតចំនួន៥ម៉ឺនអាវ ដើម្បីចែកជូនផងដែរ ។
ក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដោយមានការប្រកួតចំនួន២គូ ។ដោយគូទី១ ក្រុមបាល់ទាត់គុនខ្មែរប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជាក្រុមB និងគូទី២ ក្រុមបាល់ទាត់ ស.ស.យ.ក.ប្រកួតជាមួយក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA ដោយគ្រោង អ្នកចូលរួមប្រមាណជាង៥ម៉ឺននាក់ហើយសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញជាអធិបតី ដ៏ខ្ពង់ខ្ពស់សម្រាប់ការប្រកួតគូទី២ រវាងក្រុមបាល់ទាត់ ស.ស.យ.ក. និងក្រុមបាល់ទាត់តារាកម្ពុជា ក្រុមA នៅវេលាម៉ោង១៧:០០នាទី ៕
ចែករំលែកព័តមាននេះ