៥ឆ្នាំមកហើយ! WHO នៅតែជំរុញឱ្យចិនចែក រំលែកទិន្នន័យអំពីប្រភពដើមកូវីដ-១៩
ប្រទេសស្វីស ៖ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP និង BBC បានឱ្យដឹងថា អង្គការសុខភាពពិភពលោក ឬ WHO…
ប្រទេសស្វីស ៖ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP និង BBC បានឱ្យដឹងថា អង្គការសុខភាពពិភពលោក ឬ WHO…
ប្រទេសស្វីស ៖ យោងតាមប្រភពពីទីភ្នាក់ងារសារព័ត៌មាន AFP និង BBC បានឱ្យដឹងថា អង្គការសុខភាពពិភពលោក ឬ WHO កាលពីថ្ងៃច័ន្ទដើមសប្តាហ៍នេះ នៅតែស្នើប្រទេសចិនឱ្យចែករំលែកទិន្នន័យ និងលទ្ធភាពចូលប្រើប្រាស់ ដើម្បីស្វែងយល់ពីដើមកំណើតនៃជំងឺកូរីដ-១៩ ពោលគឺរយៈពេល៥ឆ្នាំមកហើយ ចាប់តាំងពីការផ្ទុះឡើងលើកដំបូងនៃជំងឺរាតត្បាតជាសកលដ៏កាចសាហាវមួយនេះ។
ជំងឺកូវីដ-១៩ បានឆក់យកមនុស្សរាប់លាននាក់ រួមទាំងបំផ្លិចបំផ្លាញសេដ្ឋកិច្ច និងប្រព័ន្ធសុខភាពពិភពលោកផងដែរ។ WHO ដែលមានការិយាល័យកណ្តាលនៅក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបន្តអំពាវនាវឱ្យប្រទេសចិនចែករំលែកទិន្នន័យ និងលទ្ធភាពចូលប្រើប្រាស់ ដូច្នេះយើងអាចយល់ពីប្រភពដើមនៃជំងឺកូវីដ-១៩។ នេះគឺជាការចាំបាច់ផ្នែកខាងសីលធម៌ និងវិទ្យាសាស្រ្ត។ ហើយបើគ្មានតម្លាភាព ការចែករំលែក និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនានានោះទេ ពិភពលោកមិនអាចទប់ស្កាត់ និងរៀបចំឱ្យបានគ្រប់គ្រាន់សម្រាប់ជំងឺរាតត្បាតនាពេលអនាគត»។
លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus អគ្គនាយក WHO បានលើកឡើងអំពីបញ្ហាថា តើពិភពលោកបានរៀបចំខ្លួនល្អប្រសើរបែបណា សម្រាប់ជំងឺរាតត្បាត បន្ទាប់ ហើយវានឹងមានឥទ្ធិពលខ្លាំងជាងកូវីដ-១៩ ដែរឬទេ? លោកបានប្រាប់សន្និសីទសារព័ត៌មានថា «ចម្លើយគឺបាទ ហើយនឹងទេ។ ប្រសិនបើជំងឺរាតត្បាតបន្ទាប់ មកដល់ថ្ងៃនេះ ពិភពលោកនឹងនៅតែប្រឈមមុខនឹងភាពទន់ខ្សោយ និងភាពងាយរងគ្រោះដដែល ដូចដែលយើងបានឃើញអំពីកូវីដ១៩ ឈរជើងកាលពីប្រាំឆ្នាំមុន។ ប៉ុន្តែពិភពលោកក៏បានរៀនមេរៀនដ៏ឈឺចាប់ជាច្រើនដែលជំងឺរាតត្បាតបានបង្រៀនយើង ហើយបានចាត់វិធានការសំខាន់ៗ ដើម្បីពង្រឹងការការពារប្រឆាំងការរីករាលដាល និងជំងឺរាតត្បាតនាពេលអនាគតផងដែរ»។
អ្នកវិទ្យាសាស្ត្រជាច្រើនគិតថា មេរោគកូវីដ-១៩ កើតចេញពីការឆ្លងតាមបែបធម្មជាតិពីសត្វមកមនុស្ស ប៉ុន្តែការសង្ស័យខ្លះនៅតែបន្តថាវាប្រសូតចេញពីមន្ទីរពិសោធន៍នៅក្នុងទីក្រុងវូហាន។ ពាក់ព័ន្ធជុំវិញសំណើរនេះ ប្រទេសចិនមិនទាន់បានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ WHO កាលពីថ្ងៃចន្ទនោះទេ ខណៈពេលកន្លងមក ភាគីចិនបានច្រានចោលទាំងស្រុង ចំពោះការលើកឡើងថា មេរោគនេះលេចធ្លាយពីមន្ទីរពិសោធន៍។
កាលពីខែកញ្ញាកន្លងទៅ បណ្តាក្រុមអ្នកវិទ្យាសាស្ត្របានលើកឡើងហើយថា វាគឺហួសពីការសង្ស័យដែលជំងឺកូវីដ-១៩ បានចាប់ផ្តើមដោយសត្វពាហនៈលក់នៅទីផ្សារ ជាជាងការលេចធ្លាយពីមន្ទីរពិសោធន៍។ ពួកគេឈានដល់ការសន្និដ្ឋានបែបនេះ បន្ទាប់ពីការវិភាគគំរូរាប់រយដែលប្រមូលបានពីទីក្រុងវូហានក្នុងខែមករា ឆ្នាំ ២០២០។
កាលពីខែធ្នូ ឆ្នាំ ២០២១ ដោយមានការភ័យខ្លាចអំពីការបំផ្លិចបំផ្លាញ បង្កឡើងដោយជំងឺកូវីដ-១៩ ប្រទេសជាច្រើនលើពិភពលោក បានសម្រេចចិត្តចាប់ផ្តើមសេចក្តីព្រាងលើកិច្ចព្រមព្រៀងស្តីពីការការពារជំងឺរាតត្បាត វិធានការត្រៀមខ្លួន និងការឆ្លើយតប។ ប្រទេសសមាជិកចំនួន ១៩៤ របស់អង្គការ WHO ដែលកំពុងចរចាលើសន្ធិសញ្ញាបានយល់ព្រមភាគច្រើននៃអ្វីដែលគួរតែរួមបញ្ចូលគ្នា ប៉ុន្តែត្រូវបានជាប់គាំងលើការអនុវត្តជាក់ស្តែង។
យ៉ាងណាមិញ នៅខែឧសភា ឆ្នាំ ២០២៣ WHO បានប្រកាសជាផ្លូវការថា កូវីដ-១៩ លែងតំណាងឱ្យភាពអាសន្នសុខភាពសកលទៀតហើយ។ លោកវេជ្ជបណ្ឌិត Tedros Adhanom Ghebreyesus បានថ្លែងនាពេលនោះថា មនុស្សយ៉ាងហោចណាស់៧លាននាក់បានស្លាប់ដោយសារកូវីដ-១៩។ ប៉ុន្តែលោកបានបន្ថែមថា តួលេខពិតទំនងជាជិតដល់២០លាននាក់ឯណោះ ពោលគឺជិតបីដងនៃការព្យាករណ៍ផ្លូវការ។ ចាប់តាំងពីពេលនោះមក WHO បានព្រមានម្តងហើយម្តងទៀតប្រឆាំងនឹងការលេចឡើងនៃជំងឺរាតត្បាតសកលដែលស្រដៀងនឹងកូវីដ-១៩ នាពេលអនាគត៕ ប្រភព ៖ AFP និង BBC
ចែករំលែកព័តមាននេះ