ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួន ខណៈដែលខឹងម្តាយបែងចែកដីឱ្យកូនៗមិនស្មើគ្នា ទប់កំហឹងមិនបានស្ទុះទៅទាញកាំបិទផ្គាក់កាប់ប្អូនប្រុសបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ហើយថែមទាំងចាប់ម្តាយបោកផ្ទប់ទៅនឹងដី បង្កឱ្យមានការភ្ញាក់ផ្អើល សមត្ថកិច្ចឃាត់ខ្លួនជនដៃដល់ជាបងតែម្តង។
ការឃាត់ខ្លួនជនដៃដល់ជាបងវាយម្តាយ និងកាប់ប្អូនរបួស បានធ្វើឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ រស់នៅភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបាននិយាយឱ្យដឹងថា មានករណីហិង្សាក្នុងគ្រួសារមួយបានកើតឡើងរវាង(កូនប្តីមុនវាយកាប់កូនប្ដីក្រោយ)។
សមត្ថកិច្ចបានទទួលពាក្យបណ្តឹងពីឈ្មោះ វណ្ណ រ៉ាន់ ភេទស្រី អាយុ៥៧ឆ្នាំ(ត្រូវជាម្តាយ) ដែលរស់នៅភូមិកណ្តាល ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្ដឹងរៀបរាប់ថា ឈ្មោះ ម៉ាត់ មីត ភេទប្រុស អាយុ៣៥ឆ្នាំ ត្រូវជាកូនរបស់គាត់ជាមួយប្តីមុន បានរករឿងរូបគាត់ត្រូវជាម្តាយរឿងចែកដីឲ្យប្អូនៗក៏បង្កឱ្យមានឈ្លោះពាក្យសម្ដីគ្នាទៅវិញទៅមក ហើយជនសង្ស័យខាងលើបានប្រើហិង្សាវាយរូបគាត់ តែគាត់បានស្រែកហៅកូនពៅដែលជាកូនរបស់គាត់ជាមួយប្តីក្រោយ ឈ្មោះ ឆិល ឆុង ភេទប្រុស អាយុ២២ឆ្នាំ ឱ្យមកជួយដែរ តែក៏ត្រូវបានជនសង្ស័យស្ទុះទាញកាំបិតផ្គាក់ទៅកាប់ត្រូវចំក្បាលបណ្ដាលឲ្យរងរបួសធ្ងន់បញ្ជូនយកទៅព្យាបាលនៅមន្ទីពេទ្យខេត្ត និងបានចាប់រូបគាត់ជាម្ដាយបោកទៅនឹងដីបណ្តាលឱ្យរងរបួសថែមទៀតផង។
នគរបាលស្រុកបានបន្តទៀតថា ករណីខាងលេីសមត្ថកិច្ចនគរបាលបានហៅជនសង្សយ័ខាងលើមកធ្វើការសាកសួរ ជនសង្ស័យដៃដល់បានឆ្លើយសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចតាមការរៀបរាប់ខាងលើពិតប្រាកដមែន។
បច្ចុប្បន្នករណីខាងលើនេះជំនាញកំពុងកសាងសំណុំរឿងបញ្ជូនជនសង្សយ័ខាងលើទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕
ចែករំលែកព័តមាននេះ