ជំងឺលើសឈាមពុំត្រូវបានកំណត់អំពីមនុស្សចាស់ឬក្មេងនោះទេ ។ បើតាមការសិក្សា ស្រាវជ្រាវផ្នែកវេជ្ជសាស្ត្រអំពីជំងឺលើសឈាមត្រូវបានគេរកឃើញថា មនុស្សវ័យក្មេងក៏អាច កើតមានជំងឺលើសឈាមបានដែរ ប៉ុន្តែវាមិនបានផ្តល់រោគសញ្ញា និងមូលហេតុពិតប្រាកដទេ ។ ចំពោះមូលហេតុដែលបណ្តាលឲ្យកើតមានជំងឺលើសឈាមនេះមានដូចជា ៖
-បញ្ហាតំណពូជ ភាគច្រើនគេបានសម្គាល់ជំងឺលើសឈាមថាបើសិនជាជំងឺនេះកើតមាន នៅលើឪពុកម្តាយនោះ គេសង្កេតឃើញថាជំងឺនេះក៏អាចកើតមានចំពោះកូនដូចគ្នាដែរ ។
-ចំពោះមនុស្សវ័យក្មេងវិញ បើសិនជាអ្នកជំងឺកើតមានជំងឺលើសឈាម គេច្រើនតែ ឃើញកើតមាននៅលើមនុស្សជំពូក ធាត់ជ្រុលពេក ហើយមិនសូវបញ្ចេញសកម្មភាព ឬ ពលកម្ម ផ្សេងៗឲ្យបែកញើស ។
-ជំងឺនេះអាចកើតមានចំពោះបុគ្គល ដែលចូលចិត្តសេពគ្រឿងស្រវឹងច្រើន ជាមួយនឹង អាហារមានសារធាតុបំប៉នច្រើន ពិសេសគឺខ្លាញ់ ដែលងាយនឹងប្រឈមនឹងជំងឺលើសឈាម ។
-ការប្រើប្រាស់ឱសថមួយចំនួន ឬក៏ថ្នាំពន្យារកំណើតអាចនឹងប្រឈមទៅនឹងជំងឺលើសឈាម ។ ការប្រើប្រាស់ថ្នាំពន្យារកំណើត ត្រូវបានគេរកឃើញនាពេលចុងក្រោយនេះដែរ គឺមានការប៉ះពាល់ធ្ងន់បំផុតសំរាប់ស្ត្រីភេទ ។
-ជំងឺនេះក៏អាចកើតមានចំពោះស្ត្រីកំពុងមានគភ៌ផងដែរ ។ មានស្ត្រីប្រមាណជាង៨ភាគ រយអាចកើតមានជំងឺលើសឈាមនៅចន្លោះពេលមានផ្ទៃពោះ ។
-ការទទួលទានអាហារប្រៃលើសចំនួន អាហារកំប៉ុង ឬអាហារដែលមានខ្លាញ់ច្រើន អាចជាកត្តាជំរុញនាំឲ្យកើតមានជំងឺនេះ ។
-បារីគឺជាដើមហេតុសំខាន់នៅក្នុងការជំរុញឱ្យសម្ពាធឈាមកើនឡើងខ្ពស់ និងធ្វើឲ្យប៉ះពាល់ទៅដល់សរសៃឈាមធ្ងន់ ។
-ការតាមតឹងក្នុងអារម្មណ៍ខ្លាំង និងការបញ្ចេញសកម្មភាពតិច ក៏អាចប្រឈមទៅនឹងជំងឺនេះបានដូចគ្នាផងដែរ ។ ជាការណ៍ពិសេជំងឺលើសឈាម គឺមិនមានមូលហេតុណាពិតប្រាកដពេកនោះទេ ហើយការព្យាបាលជំងឺលើសឈាម គឺគ្រាន់តែធ្វើការបញ្ចុះសម្ពាធឈាម និងតម្រូវឱ្យអ្នកជំងឺធ្វើការតបអាហារដែលមានជាតិរំញោចនាំឱ្យងាយនឹងឡើងសម្ពាធឈាម ដូចជាស្រា បារី ជាតិខ្លាញ់ និងកាត់បន្ថយអាហារដែលមានរសជាតិប្រៃជាដើម ពិសេសត្រូវតែបង្កើនការហាត់ឱ្យបានទៀងទាត់ឬជំនួសមកវិញដោយការបញ្ចេញពលកម្មនានាដើម្បីបញ្ចេញញើសឬសារធាតុពុលពីក្នុងខ្លួនមកខាងក្រៅដើម្បីឱ្យចរន្តឈាមដំណើរការស្រួល ៕
ចែករំលែកព័តមាននេះ