ទីក្រុមម៉ូស្គូ៖ ថ្មីៗនេះ លោកពូទីនបានសម្ដែងការសោកស្ដាយជាពន់ពេកនៅចំពោះមុខប្រធានាធិបតីអាហ្សឺបៃហ្សង់ពាក់ព័ន្ធនឹងហេតុការណ៍ធ្លាក់យន្តហោះកាលពីប៉ុន្មានថ្ងៃមុនដែលនាំឱ្យស្លាប់មនុស្សយ៉ាងតិច៣៨នាក់។ មនុស្ស២៩នាក់អាចនៅរស់រានមានជីវិត។ ចំណុចដែលគួរឱ្យសោកស្ដាយនោះនៅត្រង់ថាយន្តហោះចាប់ផ្ដើមមានបញ្ហានៅក្នុងដែនអាកាសរបស់រុស្ស៊ី។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាហ្សឺបៃហ្សង់ អ៊ែឡាញ (Azerbaijan Airlines) ជួបនឹងហេតុការណ៍អាក្រក់នេះនៅពេលចាកចេញដំណើរពីអាហ្សឺបៃហ្សង់ទៅប្រទេសរុស្ស៊ី។ ហោះហើរដល់ចំណុចមួយនៃប្រទេសកាហ្សាក់ស្ថាន យន្តហោះក៏ហោះចាក់កួរ និងធ្លាក់លើវាលខ្សាច់ ផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ។ ក្រោយមក ផ្សែងហុយទ្រលោមចេញពីកន្លែងកើតហេតុ។
វិមានក្រឹមឡាំងចេញសេចក្ដីប្រកាសមានសេចក្ដីដូចតទៅ «លោកប្រធានាធិបតីពូទីនសម្ដែងការសោកស្ដាយចំពោះហេតុការណ៍ដ៏រន្ធត់ដែលកើតឡើងនៅក្នុងដែនអាកាសរបស់រុស្ស៊ី។ ជាថ្មីម្ដងទៀត លោកសូមចូលរួមមរណទុក្ខដ៏ក្រៀមក្រំបំផុត និងដ៏ស្មោះអស់ពីដួងចិត្តជូនចំពោះក្រុមគ្រួសារអ្នកស្លាប់។ លោកសូមជូនពរឱ្យអ្នករបួសឆាប់បានជាសះស្បើយឡើងវិញ»។
វិមានក្រឹមឡាំងថ្លែងបន្តទៀតថា «នៅក្នុងការសន្ទនាគ្នានោះ គេដឹងថាយន្តហោះព្យាយាមចុះចតនៅពេលបើកជិតដល់អាកាសយានដ្ឋានក្រូសស្នី (Grozny)។ អាកាសយានដ្ឋាននេះ រួមទាំងម៉ូសស្ដុក (Mozdok) និងវ៉្លាឌីកាវកាស (Vladikavkaz) រងការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែន។ ដូច្នេះ ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីក៏ដំណើរការយ៉ាងសកម្មផងដែរ»។
គួរកត់សម្គាល់ថាលោកពូទីនហៅទូរស័ព្ទទៅប្រធានាធិបតីអាហ្សឺបៃហ្សង់លើកនេះដើម្បីសម្ដែងការសោកស្ដាយរបៀបដូចជាការលួងលោមទុកជាមុនបើលទ្ធផលស៊ើបអង្កេតបង្ហាញថារុស្ស៊ីជាអ្នកបាញ់ទម្លាក់យន្តហោះ។ ម៉្យាងទៀត ក្រុមបស្ចិមប្រទេសកាន់តែច្រើនឡើងៗសន្និដ្ឋានថាប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីនេះហើយដែលជាអ្នកបាញ់ទម្លាក់យន្តហោះ។
ប្រភពចំនួនបួននាក់ដែលបានដឹងលទ្ធផលបឋមៗរបស់គណៈកម្មការស៊ើបអង្កេតបានរកឃើញថាយន្តហោះនោះទំនងជាបាញ់ទម្លាក់ដោយអចេតនាដោយមីស៊ីលរបស់រុស្ស៊ី។ លោកពូទីនក៏ទទួលស្គាល់ផងដែរថាយន្តហោះនោះព្យាយាមចុះចតនៅពេលធ្វើដំណើរទៅដល់ដែនអាកាសដែលសម្បូរប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីដំណើរការយ៉ាងសកម្ម។
ប្រធានាធិបតីអាហ្សឺបៃហ្សង់ថ្លែងតាំងពីមុនការសន្ទនាគ្នាថាយន្តហោះគ្មានបញ្ហាបច្ចេកទេសនៅក្នុងខ្លួនរបស់វាទេ។ ប៉ុន្តែវាទំនងជារងការវាយប្រហារពីខាងក្រៅនៅពេលហោះកាត់ដែនអាកាសរុស្ស៊ី។ បន្ទាប់មក យន្តហោះក៏ចាប់ផ្ដើមបាត់ម្ចាស់ការ និងគិតតែពីហោះឥតទិសដៅពិតប្រាកដ។ ហោះយូរៗទៅបកក្រោយទៅរកដែនអាកាសនៃប្រទេសកាហ្សាក់ស្ថានសាជាថ្មី។
វិមានក្រឹមឡាំងថ្លែងថាថ្នាក់ដឹកនាំទាំង២ រុស្ស៊ី និងអាហ្សឺបៃហ្សង់ បានពិភាក្សាគ្នាលម្អិតជុំវិញសំណុំរឿងធ្លាក់យន្តហោះនេះ។ ក្រឹមឡាំងក៏បន្តតាមដានដោយយកចិត្តទុកដាក់ទៅលើការស៊ើបអង្កេតរួមគ្នារវាងអាហ្សឺបៃហ្សង់ និងកាហ្សាក់ស្ថានផងដែរ។ យោងតាមសេចក្ដីប្រកាសរបស់មន្ត្រីរដ្ឋាភិបាលអាហ្សឺបៃហ្សង់ យន្តហោះនោះទំនងជារងការបាញ់ប្រហារនៅលើអាកាសដ៏ខ្ពស់។ ចំណែកអាមេរិកនិយាយតាំងពីដំបូងដៃថាប្រព័ន្ធការពារដែនអាកាសរុស្ស៊ីជាអ្នកទទួលខុសត្រូវនៅក្នុងរឿងនេះ៕
ចែករំលែកព័តមាននេះ