ទីក្រុងកៀវ៖ នេះជាលើកដំបូងបំផុតនៅក្នុងប្រវត្តិសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលទាហានអ៊ុយក្រែនអាចបាញ់ធ្លាក់ឧទ្ធម្ភាគចក្រយោធារបស់រុស្ស៊ី និងបង្កការខូចខាតចំពោះឧទ្ធម្ភាគចក្ររុស្ស៊ីមួយគ្រឿងទៀតដោយប្រើប្រាស់យន្តហោះដ្រូនបញ្ជាដោយកងទ័ពជើងទឹកអ៊ុយក្រែន។
ទីភ្នាក់ងារសម្ងាត់ជីយូអ័រ (GUR) របស់អ៊ុយក្រែនប្រកាសតាមបណ្ដាញតេឡេក្រាមថានៅលើសមរភូមិក្បែរតំបន់មាត់សមុទ្រខេបថាខាន់ឃុត (Cape Tarkhankut) នៃតំបន់គ្រីម៉េ យន្តហោះដ្រូនរបស់អង្គភាពម៉ាគូរ៉ាវីប្រាំ (Magura V5) បំពាក់ដោយមីស៊ីលទំនើបៗបានបាញ់ត្រូវចំឧទ្ធម្ភាគចក្រម៉ាកអឹមអាយប្រាំបី (Mi-8) របស់រុស្ស៊ី។
ជីយូអ័រថ្លែងបន្តទៀតថានេះជាលើកដំបូងបំផុតដែលយន្តហោះដ្រូនរបស់កងទ័ពជើងទឹកអាចបាញ់ទម្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ីដោយជោគជ័យ។ ក្រោយការផ្សាយដំណឹងនេះ ខាងភាគីរុស្ស៊ីនៅរក្សាភាពស្ងៀមស្ងាត់ និងមិនទាន់ធ្វើអត្ថាធិប្បាយអ្វីទេ។ លោកមីខាអ៊ីល រ៉ាស់វ៉ូសហ៊ីវ (Mikhail Razvozhaev) ជាអភិបាលក្រុងសេវ៉ាស់ស្តូប៉ូល (Sevastopol) នៃតំបន់គ្រីម៉េ។
លោកថ្លែងថាបន្ទាប់ពីបាញ់កម្ទេចឧទ្ធម្ភាគចក្ររបស់រុស្ស៊ីរួចហើយ ដ្រូនទាំង២គ្រឿងរបស់អ៊ុយក្រែននោះក៏គ្មានជោគវាសនាល្អដែរ។ រុស្ស៊ីបាញ់កម្ទេចវិញគ្មានសល់។ ចាប់តាំងពីសង្គ្រាមផ្ទុះឡើងឆ្នាំ២០២២ អ៊ុយក្រែនពន្លឿនការផលិតយន្តហោះដ្រូនដ៏ច្រើនសន្ធឹកសន្ធាប់ដើម្បីចាត់ការជាមួយរុស្ស៊ី។ ដ្រូនដែលប្រើប្រាស់នៅក្នុងកងទ័ពជើងទឹកក៏ត្រូវអ៊ុយក្រែនខិតខំផលិតផងដែរ។
ករណីដ្រូនអ៊ុយក្រែនបាញ់ធ្លាក់ឧទ្ធម្ភាគចក្ររុស្ស៊ីក៏ត្រូវភាគីរុស្ស៊ីផ្សព្វផ្សាយផងដែរ។ អ្នកបង្ហោះព័ត៌មានតាមបណ្ដាញសង្គមរុស្ស៊ីដ៏ល្បីឈ្មោះវូនី អូសស្វេដូមីតែល (Voenny Osvedomitel) បានចែករំលែកព័ត៌មាននេះ។ ភ្នាក់ងារសម្ងាត់អ៊ុយក្រែនជីយូអ័រថ្លែងថាឧទ្ធម្ភាគចក្ររុស្ស៊ីទី២ប៊ិះតែនឹងត្រូវគ្រាប់មីស៊ីលរបស់ដ្រូនអ៊ុយក្រែនបាញ់ឆេះមួយគ្រឿងទៀត។ សំណាងល្អ អ្នកបើកឧទ្ធម្ភាគចក្រនោះអាចជម្លៀសខ្លួនទាន់ពេលវេលា។
តាមរយៈវីឌីអូឃ្លីបដែលផ្សព្វផ្សាយដោយជីយូអ័រ គេឃើញឧទ្ធម្ភាគចក្ររុស្ស៊ីកំពុងហោះសុខៗស្រាប់តែគ្រាប់មីស៊ីលជាច្រើនហោះតម្រង់ទៅរក។ មិនយូរប៉ុន្មាន ឧទ្ធម្ភាគចក្រនោះក៏ធ្លាក់បាត់ទៅ។ អ៊ុយក្រែនមិនដែលបំភ្លេចតំបន់គ្រីម៉េម្ដងទេបន្ទាប់ពីទីនេះត្រូវរុស្ស៊ីកាត់ខ្វៀលយក និងដាក់បញ្ចូលជាទឹកដីរបស់រុស្ស៊ីកាលពីឆ្នាំ២០១៤។ អ៊ុយក្រែនចិញ្ចឹមចិត្តថាថ្ងៃណាមួយ ខ្លួននឹងវាយយកមកវិញ៕
ចែករំលែកព័តមាននេះ