អន្តរជាតិ ៖ មហាសេដ្ឋីពីតំបន់អាស៊ីអាគ្នេយ៍៥រូប បានឃើញពីការខាតបង់ទ្រព្យសម្បត្តិច្រើនជាងគេបំផុតកាលពីឆ្នាំ ២០២៤។ ទ្រព្យសម្បត្តិបច្ចុប្បន្នរបស់មហាសេដ្ឋីទាំង៥រូបនេះ បូកបញ្ចូលគ្នាសរុបជាង៩៩ពាន់លានដុល្លារអាមេរិក រកបានពីវិស័យឧស្សាហកម្ម ទំនិញ ការថែទាំសុខភាព និងថាមពល។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគេហទំព័រ Bloomberg ។
១-លោក Goh Cheng Liang ម្ចាស់ក្រុមហ៊ុនថ្នាំលាប Nippon Paint
មហាសេដ្ឋីជនជាតិសិង្ហបុរី អាយុ៩៧ឆ្នាំរូបនេះ ខាតបង់ទ្រព្យសម្បតិ្តច្រើនបំផុតដល់ ១.៦៨ពាន់លានដុល្លារអាមេរិក ហើយការខាតបង់នេះ ធ្វើឱ្យលោកក្លាយជាមហាសេដ្ឋីមួយរូបក្នុងចំណោមមហាសេដ្ឋីពីររូប ខាតបង់ទ្រព្យច្រើនជាងគេបំផុតនៅក្នុងបញ្ជីរបស់ Bloomberg។
លោក Goh Cheng Liang ដែលជាម្ចាស់ក្រុមហ៊ុនផលិតថ្នាំលាបដ៏ធំបំផុតរបស់អាស៊ី Nippon Paint ឥឡូវនេះមានទ្រព្យសម្បត្តិប្រមាណ ៩.៨៧ពាន់លានដុល្លារ ដែលជាការធ្លាក់ចុះយ៉ាងច្រើនពីឆ្នាំ ២០២០ នៅពេលទ្រព្យសម្បត្តិរបស់លោកមានដល់ ៣២ពាន់លានដុល្លារ។ មហាសេដ្ឋីរូបនេះជាប់ចំណាត់ថ្នាក់ទី២៧៥ ក្នុងចំណោមបុគ្គលមានបំផុតចំនួន៥០០រូបលើពិភពលោក។ ទ្រព្យសម្បត្តិភាគច្រើនរបស់លោកគឺបានមកពីភាគហ៊ុន ៥៥% នៅក្នុងក្រុមហ៊ុន Nippon Paint ដែលមានមូលដ្ឋាននៅប្រទេសជប៉ុន និងមានប្រតិបត្តិការនៅក្នុងប្រទេសចំនួន ៤៥។
២-លោក Sukanto Tanoto ស្ថាបនិកក្រុមហ៊ុន Royal Golden Eagle
មហាសេដ្ឋីជនជាតិឥណ្ឌូណេស៊ីរូបនេះ បានខាតបង់ទ្រព្យសម្បត្តិដល់ ១.៦៨ពាន់លានដុល្លារផងដែរ កាលពីឆ្នាំ ២០២៤។ មហាសេដ្ឋីវ័យ៧៥ឆ្នាំរូបនេះគឺជាស្ថាបនិកក្រុមហ៊ុនសង្វាក់ផលិតកម្ម Royal Golden Eagle ដែលជាក្បាលម៉ាស៊ីនបង្កើនទ្រព្យសម្បត្តិរបស់លោកភាគច្រើន។ Royal Golden Eagle ជាក្រុមហ៊ុនមានមូលដ្ឋាននៅប្រទេសសិង្ហបុរីមានផលិតផលឈើ ប្រេងដូង ក្រដាស វាយនភណ្ឌ ពាណិជ្ជកម្ម និងអាជីវកម្មថាមពលផងដែរ។ ទ្រព្យសម្បត្តិលោក Sukanto Tanoto បច្ចុប្បន្នមានចំនួន ២០.៣ពាន់លានដុល្លារធ្វើឱ្យលោកក្លាយជាបុគ្គលមានបំផុតទី ១០៣ លើពិភពលោក។
៣-លោក Li Xiting ប្រធានក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រ Mindray
មហាសេដ្ឋីសិង្ហបុរីដើមកំណើតចិនរូបនេះ ខាតបង់ទ្រព្យសម្បត្តិចំនួន ១.៣៦ពាន់លានដុល្លារ កាលពីឆ្នាំមុន។ ប្រធាន និងជាសហនាយកប្រតិបត្តិក្រុមហ៊ុនផលិតឧបករណ៍វេជ្ជសាស្ត្រដ៏ធំបំផុតរបស់ប្រទេសចិន Mindray Bio-Medical Electronics វ័យ៧៣ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុប ១៣.៧ពាន់លានដុល្លារធ្វើឱ្យលោកឈរចំណាត់ថ្នាក់ទី ១៦៥ លើពិភពលោក។
ក្រុមហ៊ុនមានបុគ្គលិកប្រហែល ១៨,០០០នាក់ ស្ថិតនៅទីក្រុងសេនជិន ខេត្តក្វាងទុង ប្រទេសចិនមួយនេះ បានប្រកាសពីប្រាក់ចំណូល ៤.៩ពាន់លានដុល្លារកាលពីឆ្នាំមុន។ ផលិតផលរបស់ក្រុមហ៊ុនត្រូវបានលក់ទៅជាង ១៩០ប្រទេស។ ទ្រព្យសម្បត្តិសុទ្ធរបស់លោក Li Xiting ឈានដល់កម្រិតកំពូលប្រហែល២៧ពាន់លានដុល្លារក្នុងឆ្នាំ ២០២១ ប៉ុន្តែបានធ្លាក់ចុះបន្តិចម្តងៗ ចាប់តាំងពីពេលនោះមក។
៤-លោក Prajogo Pangestu ស្ថាបនិកក្រុមហ៊ុនថាមពល Barito Pacific
ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌូណេស៊ីរូបនេះ បានធ្លាក់ចុះ ១.៣១ពាន់លានដុល្លារ កាលពីឆ្នាំមុន។ មហាសេដ្ឋីវ័យ៨០ឆ្នាំរូបនេះ គឺជាស្ថាបនិក និងប្រធានក្រុមហ៊ុន Barito Pacific គឺជាក្រុមហ៊ុនគីមីឥន្ធនៈដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ី។
ទ្រព្យសម្បត្តិបច្ចុប្បន្នរបស់លោក Prajogo Pangestu មានសរុបចំនួន ៣០.៥ពាន់លានដុល្លារធ្វើឱ្យលោកក្លាយជាបុគ្គលមានបំផុតរបស់ប្រទេសឥណ្ឌូណេស៊ី និងទី ៥៧ លើពិភពលោក។ លោកកាន់កាប់ភាគហ៊ុនរហូតដល់ ៧១% ក្នុងក្រុមហ៊ុន Barito Pacific ដែលបានប្រកាសប្រាក់ចំណូល ២.៨ពាន់លានដុល្លារ កាលពីឆ្នាំមុន។
៥-លោក Michael Hartono ប្រធានក្រុមហ៊ុន Djarum Group
ទ្រព្យសម្បត្តិមហាសេដ្ឋីឥណ្ឌូណេស៊ីរូបនេះខាតបង់ ៨០០លានដុល្លារ កាលពីឆ្នាំមុន។ សហម្ចាស់ក្រុមហ៊ុន Djarum Group វ័យ៨៥ឆ្នាំរូបនេះ ជាប់ចំណាត់ថ្នាក់ទី ៩១ ពិភពលោក ជាមួយទ្រព្យសម្បត្តិសរុប ២១.៤ពាន់លានដុល្លារ។
ក្រុមហ៊ុនរបស់លោកផលិតបារីប្រហែល ១៤% នៃបារីលក់នៅក្នុងប្រទេសឥណ្ឌូណេស៊ីក្នុងឆ្នាំ ២០២៣ ហើយទទួលបានប្រាក់ចំណូលប្រហែល ៣.៧ពាន់លានដុល្លារ៕ ដកស្រង់ ៖ Bloomberg និង VnExpress
ចែករំលែកព័តមាននេះ