ខេត្តកំពង់ស្ពឺ ៖ ក្រុមក្មេងទំនើងចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលស្រុកបសេដ្ឋធ្វើការឃាត់ខ្លួន ខណៈដែលក្រុមក្មេងទំនើងបានថតបង្ហោះវីដេអូរាំ និងកាន់ដាវសម្ញែងសមត្ថកិច្ច ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ នេះ មានPage Facebook ឈ្មោះCHING បានបង្ហោះខ្លឹមសារថា សូមគោរពបងៗនាយសមត្ថកិច្ចក្មេងស្ទាវឈាមរាវ នេះជាមុខសញ្ញាកាន់ដាវកាន់កាំបិត នៅតាមទីសាធារណៈ ដោយមិនញញើតក្រែងចិត្តនរណា ធ្វើឱ្យប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សន្តិសុខសាធារណៈ ។
នគរបាលបានឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ និងការបង្ហោះខ្លឹមសាររបស់page Facebook ឈ្មោះCHING កម្លាំងជំនាញព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ បានបើកកិច្ចប្រតិបត្តិចុះស្រាវជ្រាវរហូតឈានដល់កំណត់បានមុខសញ្ញាក្រុមក្មេងទំនើងខាងលើចំនួន០២នាក់ រួមមានទី១-ឈ្មោះឈឿង បញ្ញា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិព្រៃឈើទាល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ទី២-ឈ្មោះសឿន ណារ៉ុង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិព្រិច ឃុំកក់ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (ម្ចាស់ដាវ) និងបាននាំខ្លួនយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីចាត់ការតាមនីតិវិធី ។
នគរបាលបានបន្តទៀតថា បើយោងតាមចម្លើយរបស់ក្រុមក្មេងទំនើងឈ្មោះឈឿង បញ្ញា និងឈ្មោះសឿន ណារ៉ុង បានឆ្លើយសារភាពថា ពួកខ្លួនពិតជាធ្វើសកម្មភាពរាំសម្ញែងដាវដាក់ជាប់ចង្កេះ (ដកហូតដកហូត) និងបានបង្ហោះអួតហ្វេនៗខ្លួនក្នុងតិចតុកប្រាកដមែន និងបានឆ្លើយសារភាពបន្ថែមទៀតថា វីដេអូខាងលើនេះ ពួកខ្លួនបានបង្ហោះតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤កន្លងទៅ ។
ចំពោះក្រុមក្មេងទំនើងជាបក្សពួកមួយចំនួនទៀត សមត្ថកិច្ចកំពុងតែបន្តធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ