នៅសហរដ្ឋអាមេរិក មានប្រជាជនជាច្រើនបានចំណាយលុយដ៏ច្រើនរហូតដល់២៨ពាន់លានដុល្លាក្នុងមួយឆ្នាំ ក្នុងការប្រើប្រាស់វីតាមីន និងថ្នាំបំប៉ន។ ហេតុដូច្នេះហើយវេជ្ជបណ្ឌិត Mike Roussell, Ph.D., អ្នកផ្តល់ព្រឹក្សាខាងអាហារូបត្ថម្ភបានចង្អុលបង្ហាញនូវវីតាមីន និងថ្នាំបំប៉នចំនួនបីប្រភេទដែលមិនគួរទទួលទានសោះ។
វីតាមីន C
តម្រូវការរបស់មនុស្សប្រុសពេញវ័យក្នុងការទទួលទានវីតាមីនC គឺ ៩០មីលីក្រាមប៉ុណ្ណោះក្នុងមួយថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងផ្លែក្រូចទំហំមធ្យមមួយផ្លែមានវីតាមីនប្រភេទនេះស្ទើរតែ៧០មីលីក្រាមទៅហើយ ។ បើយោងទៅតាមវិទ្យាស្ថានជាតិសុខាភិបាល (National Institutes of Health, NIH) បានឱ្យដឹងថា កង្វះវីតាមីនC កម្រនឹងកើតមានក្នុងសហរដ្ឋអាមេរិកណាស់។
ជាធម្មតាថ្នាំបំប៉នប្រភេទវីតាមីនC គឺមានកម្រិតពី៥០០ ទៅ១០០០មីលីក្រាមក្នុងមួយគ្រាប់ ហើយមនុស្សយើងភាគច្រើនប្រើថ្នាំនេះ ដើម្បីបង្ការជំងឺបេះដូង និងជំងឺផ្តាសាយ ប៉ុន្តែរឿងនេះមិនត្រូវបានគេអះអាងថាអាចលុបបំបាត់ការមានជំងឺបានឡើយ ប៉ុន្តែវាត្រូវបានគេរកឃើញថាអាចកាត់បន្ថយរយៈពេលរបស់រោគសញ្ញាជំងឺផ្តាសាយបាន ។
រឿងនេះស្តាប់ទៅទំនងណាស់ដែលថា វាជាវីតាមីនដ៏អស្ចារ្យ ប៉ុន្តែវេជ្ជបណ្ឌិត Roussell និយាយថា ជាធម្មតាតម្រូវការជាថ្នាំវីតាមីនC មិនត្រូវបានគេបង្ហាញថាមានប្រយោជន៍អ្វីពិតប្រាកដទេ។ ជាទូទៅវាមិនបង្កគ្រោះថ្នាក់អ្វីឡើយលុះត្រាតែអ្នកប្រើថ្នាំនេះរហូតដល់ច្រើនក្រាមក្នុងមួយដង នោះអ្នកអាចនឹងមានបញ្ហារាកបាន។
ម៉ាញ៉េស្យូមអុកស៊ីត
ម៉ាញ៉េស្យូម គឺជាសារធាតុរ៉ែដ៏សំខាន់បំផុតដែលចូលរួមក្នុងការធ្វើប្រតិកម្មច្រើនជាង៣០០ប្រភេទឯណោះក្នុងរាងកាយមនុស្ស ហើយមានឥទ្ធិពលលើកត្តាសំខាន់ៗជាច្រើនដូចជាការគ្រប់គ្រងជាតិស្ករក្នុងឈាម និងការកន្ត្រាក់របស់សាច់ដុំ។ រឿងដែលសំខាន់ចំពោះរឿងនេះគឺថា ថ្នាំបំប៉នប្រភេទម៉ាញ៉េស្យូមពិបាកក្នុងការបឺតស្រូបចូលក្នុងឈាម។
ថ្នាំបំប៉នប្រភេទម៉ាញ៉េស្យូមអុកស៊ីតផ្ទុកទៅដោយជាតិម៉ាញ៉េស្យូមច្រើនជាងថ្នាំបំប៉នផ្សេងៗទៀត ប៉ុន្តែអត្រានៃការបឺតស្រូបរបស់វាចូលក្នុងចរន្តឈាមគឺអន់ជាងគេបំផុតតែម្តង។ បើយោងទៅតាម NIH បានឱ្យដឹងថា របបអាហារជនជាតិអាមេរិកភាគច្រើនគឺផ្តល់ជាតិម៉ាញ៉េស្យូមមិនគ្រប់គ្រាន់ទៅតាមតម្រូវការរបស់មនុស្សឡើយ (៤០០ ទៅ ៤២០មីលីក្រាម) ដូច្នេះថ្នាំបំប៉នមិនមែនជារឿងមួយអាក្រក់ទេ ប៉ុន្តែអ្នកគួរតែចៀសវាងប្រភេទថ្នាំបំប៉នដែលមានឈ្មោះថា ម៉ាញ៉េស្យូមអុកស៊ីត (Magnesium Oxide)។
ថ្នាំវីតាមីន B កំផ្លេច
វីតាមីនB ទាំង ៨មុខដូចជា B1, B2, B3, B5, B6, B7, B9 និង B12 ត្រូវបានគេសម្គាល់ថាជាវីតាមីនB កំផ្លេច ដែលមានតួនាទីជួយដល់រាងកាយក្នុងការបំលែងអាហារទៅជាថាមពល រក្សាការរំលាយអាហារ រក្សាអារម្មណ៍ល្អ ផ្តល់ឱ្យស្បែកនិងសក់មានសុខភាពល្អ ។ល។
ថ្នាំមួយគ្រាប់ដែលមានវីតាមីន៨ប្រភេទនេះទំនងជាមិនមានសារៈសំខាន់ឡើយ ព្រោះវីតាមីនB អាចរកបានយ៉ាងច្រើនក្នុងបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។ ក្រៅពីនេះ វាដូចជាគ្មានការកត់សម្គាល់ ឬឯកសារណាបញ្ជាក់អំពីអត្ថប្រយោជន៍នៃការទទួលទានថ្នាំគ្រាប់វីតាមីនB កំផ្លេចដើម្បីឱ្យមនុស្សម្នាក់មានសុខភាពល្អទាល់តែសោះ៕
ចែករំលែកព័តមាននេះ