ខេត្តព្រះវិហារ ៖ ស្ដ្រីម្នាក់បានឈឺពោះសម្រាលកូននៅតាមផ្លូវ ត្រូវបានជំនាញពេទ្យឆ្មបនៃមណ្ឌលសុខភាពកោះកេរជួយសង្គ្រោះបានទាន់ពេលវេលា ខណៈស្ដ្រីរូបនេះត្រូវបានក្រុមគ្រួសារកំពុងបញ្ជូនទៅកាន់មណ្ឌលសុខភាព ដើម្បីសម្រាលកូន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ ស្ថិតក្នុងភូមិសាស្ដ្រឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ។
ស្ដ្រីសម្រាលកូនខាងលើបានរៀបរាប់ថា ក្នុងថ្ងៃកើតហេតុណ៍ ខ្លួនមិនដឹងថា ឈឺពោះសម្រាលកូននោះទេ តែក្រោយពីបត់ជើងតូចក៏ស្រាប់មានអាការៈឈឺពោះចង់សម្រាល ភ្លាមៗនោះក្រុមគ្រួសារក៏បានហៅគោយន្ដ និងរាយការណ៍ទៅក្រុមទ្រទ្រង់សុខភាពភូមិ ។
ដោយសារលំនៅឋាននៅឆ្ងាយពីមណ្ឌលសុខភាព ក្រុមទ្រទ្រង់សុខភាពភូមិ និងអ្នកភូមិក៏បានទំនាក់ទំនងទៅកាន់មណ្ឌលសុខភាពកោះកេរ ដើម្បីសុំកិច្ចអន្ដរាគមន៍ជួយសង្គ្រោះ ។
បើតាមការបញ្ជាក់របស់លោកស្រី ពិន ចាន់ថុល ប្រធានមណ្ឌលសុខភាពកោះកេរបានឱ្យដឹងថា ក្រោយពីទទួលបានព័ត៌មាននោះភ្លាម លោកស្រីក៏បានបញ្ជូនរថយន្ដគិលានសង្គ្រោះ និងជំនាញពេទ្យឆ្មបដើម្បីទៅទទួល លុះពេលកំពុងធ្វើដំណើរ ក៏បានជួបគោយន្ដដែលដឹកស្ដ្រីរូបនោះតាមផ្លូវនៅចំណុចកើតហេតុ និងបានចុះជួយសង្គ្រោះដល់ម្ដាយ និងទារកបានទាន់ពេលវេលា ។
បន្ទាប់មកក៏បានបញ្ជូនស្ដ្រីជាម្ដាយ និងទារកមកកាន់មណ្ឌលសុខភាពកោះកេរ ដើម្បីបន្ដពិនិត្យព្យាបាល។
លោកស្រីប្រធានមណ្ឌលបន្ដថា ដោយទារកមានទំងន់ទាបពេក (ទំងន់១គីឡូក្រាម) ហើយមណ្ឌលសុខភាពក៏គៀកទៅនឹងខេត្តសៀមរាប លោកស្រីក៏សម្រេចចិត្តបញ្ជូនទាំងម្ដាយ និងទារកទៅមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីបន្ដការតាមដាន និងព្យាបាលតាមរយៈរថយន្ដគិលានសង្គ្រោះរបស់មណ្ឌលសុខភាព ។
ស្ដ្រីដែលសម្រាលកូនខាងលើ មានឈ្មោះ ចេន អាន អាយុ១៨ឆ្នាំ រស់នៅភូមិម្រេច (ហៅម្រេចថ្មី) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ហើយសម្រាប់កូនដែលសម្រាលនេះ គឺជាកូនដំបូង ប៉ុន្ដែទើបតែពពោះបាន២៨សប្ដាហ៍ប៉ុណ្ណោះ (ស្មើនិង៧ខែ) ។
បច្ចុប្បន្ន ស្ដ្រីជាម្ដាយ និងទារក បានបញ្ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាបដោយសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ