ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានី​ភ្នំពេញ ទទួល​បាន​ចំណាត់ថ្នាក់​លេខ​១ សម្រាប់​រៀបចំ​ចូល​ឆ្នាំ​សកល ដែល​មាន​តម្លៃ​សមរម្យ​បំផុត​នៅ​អាស៊ី និង​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​១​លាន​៥​សែន​នាក់

2 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​ឌី​ជី​ថ​ល​ទេសចរណ៍ ឈ្មោះ​ថា Agoda បាន​ផ្តល់​ចំណាត់ថ្នាក់​លេខ​១ ដល់​រាជធានី​ភ្នំពេញ គឺជា​ទិស​ដៅ​ចូល​ឆ្នាំ​សកល ដែល​មាន​តម្លៃ​សមរម្យ​បំផុត​នៅ​អាស៊ី នេះ​បើ​តាម​ការ​ផ្សាយ​ដោយសារ​ព័ត៌មាន…

រាជធានី​ភ្នំពេញ ៖ យោង​តាម​គេហទំព័រ​ឌី​ជី​ថ​ល​ទេសចរណ៍ ឈ្មោះ​ថា Agoda បាន​ផ្តល់​ចំណាត់ថ្នាក់​លេខ​១ ដល់​រាជធានី​ភ្នំពេញ គឺជា​ទិស​ដៅ​ចូល​ឆ្នាំ​សកល ដែល​មាន​តម្លៃ​សមរម្យ​បំផុត​នៅ​អាស៊ី នេះ​បើ​តាម​ការ​ផ្សាយ​ដោយសារ​ព័ត៌មាន Yahoo Finance និង Travel and Tour World និង PR Newswire ។

Agoda បាន​បង្ហាញ​ថា ជា​មធ្យម បន្ទប់​ស្នាក់​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​តម្លៃ​មិន​លើស​ពី​៦៧​ដុល្លារ​អា​មេ​រិ​ក នៅ​ថ្ងៃ​ចុង​ក្រោយ នៃ​ឆ្នាំ​២០២៤​។ ចំនួន ៦៧​ដុល្លារ​នេះ ទាប​ជាង​នៅ​ក្រុង​ហាណូយ ប្រទេស​វៀតណាម ដែល​មាន​តម្លៃ​ជា​មធ្យម ៧៩​ដុល្លារ និង​ក្រុង​ចា​ការ​តា ប្រទេស​ឥណ្ឌូ​នេ​ស៊ី ដែល​មាន​តម្លៃ​ជា​មធ្យម ៩២​ដុល្លារ ។

សូម​ជម្រាប​ថា ពិធី​បុណ្យចូលឆ្នាំ​សកល ឆ្នាំ​២០២៥ ត្រូវ​បាន​ប្រារព្ធ​ឡើង​យ៉ាង​អធិកអធម​បំផុត​នៅ​កម្ពុជា ជា​ពិសេស​នៅ​រាជធានី​ភ្នំពេញ​។ ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​បរទេស សរុប​ជាង ៣,៥​លាន​នាក់ បាន​ដើរ​កម្សាន្ត​ប្រកបដោយ​ក្តី​សប្បាយ​រីករាយ និង​បង្ហាញ​ស្នាមញញឹម ដែល​បង្កប់​ដោយ​មោទនភាព​ជាតិ​យ៉ាង​ជ្រាលជ្រៅ​បំផុត​។ ចំណែក​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២​ថ្ងៃ នៅ​រាជធានី​ភ្នំពេញ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​១​លាន​៥​សែន​នាក់ មក​ទស្សនា នេះ​ជា​ការ​ឱ្យ​ដឹង​ពី​លោកស្រី ដោ សម្ផស្ស នាយិការ​រង​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ ។

លោកស្រី ដោ សម្ផស្ស បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ការ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់​នានា​វិញ ត្រូវ​បាន​រដ្ឋបាល​រាជធានី​ភ្នំពេញ និង​ស្ថាប័ន​ពាក់ព័ន្ធ​គិតគូរ និង​ពង្រឹង​ដូច​កម្មវិធី​ធំ​ៗ​របស់​ជាតិ​កន្លង​មក​ដែរ គឺ​សំដៅ​ធានា​សុវត្ថិភាព និង​សន្តិសុខ​ជូន​ប្រជា​ពល​ដ្ឋ​មក​លេង​កម្សាន្ត មិន​ឱ្យ​មានការ​បារម្ភ​អ្វី​ឡើយ ។

នេះ​គឺជា​សក្ខីភាព​ដែល​សបញ្ជាក់​ថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​ក្តី​សង្ឃឹម និង​បញ្ចេញ​ស្នាមញញឹម​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង ជា​ពិសេស​ពេល​មាន​ពិធីបុណ្យ​ធំ​ៗ ដូច​ជា ព្រះរាជ​ពិធីបុណ្យ​អុំទូក​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លង​ទៅ និង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​នា​ពេល​នេះ​ជាដើម​។ ក្រៅពី​នោះ ប្រជាពលរដ្ឋ​ខ្មែរ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​អន្តរជាតិ ក៏​មាន​ពេលវេលា​សប្បាយ​រីករាយ​នៅ​រាល់​ចុង​ស​ប្តា​ហ៍ ឬ​ក្នុង​ពិធី​ផ្សេង​ៗ​ជា​ច្រើន​ទៀត ពីព្រោះ កម្ពុជា​មាន​សុខ​សន្តិភាព​ពេញលេញ​រយៈពេល​យូរ​មិន​ធ្លាប់​មាន ក្នុង​ប្រវត្តិសាស្ត្រ​សម័យ​ទំនើប​ជាង ៥០០​ឆ្នាំ​ចុង​ក្រោយ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាន​ស្គាល់​ការ​រស់នៅ​បែប​ស៊ី​វិ​ល័យ ដែល​មិន​ធ្លាប់​មាន​ពី​មុន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ