ស្តេចមានជាងគេបំផុតលើលោក មានព្រះរាជទ្រព្យប៉ុន្មាន?
ប្រទេសថៃ ៖ បើតាមរបាយការណ៍ចុងក្រោយកាលពីចុងឆ្នាំ ២០២៤ បានបង្ហាញថា ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន (Maha…
ប្រទេសថៃ ៖ បើតាមរបាយការណ៍ចុងក្រោយកាលពីចុងឆ្នាំ ២០២៤ បានបង្ហាញថា ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន (Maha…
ប្រទេសថៃ ៖ បើតាមរបាយការណ៍ចុងក្រោយកាលពីចុងឆ្នាំ ២០២៤ បានបង្ហាញថា ព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន (Maha Vajiralongkorn) ព្រះជុន្ម៧២ព្រះវស្សា ដែលត្រូវបានស្គាល់យ៉ាងច្បាស់ថា ព្រះបាទរាមាទី១០ នៃព្រះរាជាណាចក្រថៃនោះ ជាប់ជាស្តេចមានព្រះរាជទ្រព្យច្រើនជាងស្តេចណាៗទាំងអស់នៅលើពិភពលោក ពោលចំនួន ៤៣ពាន់លានដុល្លារអាមេរិក។
ប្រភពពីទស្សនាវដ្តី Fortune បានឱ្យដឹងថា មួយផ្នែកធំនៃព្រះរាជទ្រព្យរបស់ទ្រង់បានមកពីផលប័ត្រអចលនទ្រព្យគ្របដណ្តប់នៅលើផ្ទៃដីជាង៦,៥៦០ហិកតា និងកិច្ចព្រមព្រៀងជួលជាង៤ម៉ឺនផ្សេងទៀត ជាមួយអ្នកអភិវឌ្ឍន៍នៅទូទាំងប្រទេសថៃ។ គ្រាន់តែការកាន់កាប់អចលនទ្រព្យរបស់ទ្រង់នៅទីក្រុងបាងកកមានតម្លៃជាង ៣០ពាន់លានដុល្លារ។ ទ្រង់កាន់កាប់ជាង ២៣% នៃធនាគារ Siam Commercial ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខគេរបស់ថៃ ក៏ដូចជាភាគហ៊ុនជាង ៣៣% ផ្សេងទៀតនៅក្នុងក្រុមហ៊ុន Siam Cement Group ដែលជាក្រុមហ៊ុនឧស្សាហកម្មដ៏ធំបំផុតរបស់ប្រទេសនេះផងដែរ។ ហើយរួមបញ្ចូលគ្នា នៃការកាន់កាប់ភាគហ៊ុនទាំងនេះ ត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហែល ៩ពាន់លានដុល្លារ។
តាមសារព័ត៌មាន The Financial Express ក៏បានឱ្យដឹងផងដែរថា ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ជាម្ចាស់កម្មសិទ្ធិយន្តហោះគ្រប់ធុន ៣៨គ្រឿងក្នុងនោះរួមទាំង Boeing 737។ ហើយក្រៅពីនោះ ទ្រង់ក៏ជាម្ចាស់កម្មសិទ្ធិរថយន្តដ៏ប្រណិតប្រមាណ ៣០០គ្រឿង ក៏ដូចជាទូក និងនាវាគ្រប់ធុនជាង ៥០គ្រឿង។ មិនត្រឹមតែប៉ុណ្ណោះ ទ្រង់ក៏ជាម្ចាស់កម្មសិទ្ធិលើពេជ្រ និងត្បូងដ៏មានតម្លៃជាច្រើនប្រភេទផងដែរ។
ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ប្រសូតនៅទីក្រុងបាងកក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ១៩៥២ គឺជាព្រះរាជបុត្រារបស់ព្រះមហាក្សត្រ ព្រះបាទ ភូមិបុល អាប់ឌុលយ៉ាដេត (Bhumibol Adulyadej) ព្រះបាទរាមាទី៩ និងព្រះមហាក្សត្រី សិរិគីត (Sirikit)។ ព្រះបិតាទ្រង់ ដែលបានសោយរាជ្យអស់រយៈពេល៧០ព្រះវស្សា ក៏ត្រូវបានទស្សនាវដ្ដី Forbes ទទួលស្គាល់ថាជាស្តេចមានបំផុតលើពិភពលោកអស់រយៈពេលជាច្រើនឆ្នាំផងដែរ។
ព្រះអង្គទទួលបានការអប់រំបឋមនៅក្នុងប្រទេសថៃ មុនពេលបន្តការសិក្សានៅសាលាដ៏ល្បីនៅចក្រភពអង់គ្លេស និងអូស្ត្រាលី។ ព្រះអង្គបានសិក្សានៅគ្រឹះស្ថានហ្វឹកហ្វឺនមន្ត្រីកងទ័ពអូស្ត្រាលី Royal Military College Duntroon ហើយបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកយោធាពីសាកលវិទ្យាល័យ New South Wales របស់អូស្ត្រាលីក្នុងឆ្នាំ ១៩៧៦។ ព្រះអង្គបានត្រឡប់មកប្រទេសថៃវិញ ហើយបន្តព្រះរាជកិច្ចជាមន្ត្រីក្នុងកងទ័ពភូមិន្ទថៃ មុនពេលចូលរៀនវគ្គបណ្តុះបណ្តាលជាច្រើន ដែលភាគច្រើនផ្តោតលើការបើកយន្តហោះ។ ព្រះអង្គគឺជាអ្នកបើកឧទ្ធម្ភាគចក្រ និងយន្តហោះចម្បាំង។
ព្រះបាទ វិជ្ជិរ៉ាឡុងកន ជាព្រះរាជបុត្រាតែមួយព្រះអង្គក្នុងចំណោមព្រះរៀម និងព្រះអនុជសរុបបួនព្រះអង្គ។ ព្រះអង្គបានឡើងសោយរាជ្យ បន្ទាប់ពីការសោយព្រះទីវង្គត់របស់ព្រះបិតាទ្រង់នៅឆ្នាំ ២០១៦ ប៉ុន្តែការឡើងគ្រងរាជ្យជាផ្លូវការត្រូវបានពន្យារពេល ដើម្បីឱ្យប្រទេសជាតិកាន់ទុក្ខអតីតព្រះមហាក្សត្រដែលទទួលបានការគោរព និងស្រឡាញ់ជាទីបំផុត។ ព្រះអង្គបានគ្រងរាជ្យសម្បត្តិក្នុងខែឧសភា ឆ្នាំ ២០១៩ ដោយព្រះរាជពិធីគ្រងរាជ្យរបស់ទ្រង់មានរយៈពេល៣ថ្ងៃ និងចំណាយអស់ ៣១លានដុល្លារ។ នេះបើយោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន CNN ។
ស្តេចស៊ុលតង់នៃប្រទេសព្រុយណេ ហាជី ហាសសាណាល់ បុលគីយ៉ាស់ (Hassanal Bolkiah) គឺជាព្រះមហាក្សត្រមានបំផុតទី២នៅលើពិភពលោក បន្ទាប់ពីព្រះមហាក្សត្រថៃ ព្រះបាទ មហា វិជ្ជិរ៉ាឡុងកន ជាមួយព្រះរាជទ្រព្យសរុបចំនួន ៣០ពាន់លានដុល្លារអាមេរិក៕ ដកស្រង់ ៖ VnExpress
ចែករំលែកព័តមាននេះ