Your browser does not support the audio element.
ប្រទេសចិន ៖ ប្រទេសចិនកំពុងតែជួបប្រទះការកើនឡើងករណីឆ្លងជំងឺផ្លូវដង្ហើម ឬគ្រុនផ្តាសាយធំ ដែលនាំឱ្យបណ្តាមន្ទីរពេទ្យមានអ្នកជំងឺច្រើនលើសលប់ ស្របពេលវិធានការសង្គ្រោះបន្ទាន់ត្រូវបានដាក់ចេញ រួមជាមួយការព្រួយបារម្ភជាសាធារណៈអំពីការផ្ទុះឡើងខ្លាំង។
យោងតាមប្រភពពីសារព័ត៌មាន The Independent និង Yahoo News កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ បានឱ្យដឹងថា ជំងឺផ្លូវដង្ហើមកំពុងវាយលុកប្រទេសចិនថ្មីៗនេះ ត្រូវបានកំណត់ជាយូមិនមេតាភ្លឺម៉ូវីរុស (Human Metapneumovirus) ហៅកាត់ថា HMPV បានឃើញករណីរីករាលដាលពាសពេញខេត្តភាគខាងជើងប្រទេសចិនក្នុងរដូវរងារនេះ ជាពិសេសក្នុងចំណោមកុមារ។ ការផ្ទុះឡើងនេះ កើតឡើងក្រោយរយៈពេល៥ឆ្នាំ បន្ទាប់ពីពិភពលោកត្រូវបានប្រកាសអាសន្នលើកដំបូង ចំពោះការលេចចេញនូវវីរុសផ្លូវដង្ហើមថ្មី កូរ៉ូណាវីរុស (Coronavirus) ឬកូវីដ-១៩ (COVID-19) នៅក្នុងទីក្រុងវូហាន (Wuhan) ប្រទេសចិន កាលពីចុងឆ្នាំ ២០១៩ ដែលក្រោយមកបានប្រែទៅជាជំងឺរាតត្បាតសកល ដោយឆក់យកជីវិតមនុស្សចំនួន ៧លាននាក់ នៅជុំវិញពិភពលោក។
រូបភាព និងវីដេអូជាច្រើនបានបង្ហាញពីហ្វូងមនុស្សពាក់ម៉ាស់នៅក្នុងបណ្តាមន្ទីរពេទ្យក្នុងប្រទេសចិនបានផុសឡើងលើវេទិកាផ្សព្វផ្សាយសង្គម ហើយរបាយការណ៍ក្នុងស្រុកបានរាយការណ៍ថា ទិដ្ឋភាពនៃការផ្ទុះវីរុស HMPV ស្រដៀងទៅនឹងការផ្ទុះឡើងកូវីដជាលើកដំបូង។ អាជ្ញាធរសុខាភិបាលចិនកំពុងតែអនុវត្តវិធានការបន្ទាន់នានា ដើម្បីតាមដាន និងគ្រប់គ្រងការឆ្លងរីករាលដាល។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងកាលពីថ្ងៃសុក្រថា «ការឆ្លងជំងឺផ្លូវដង្ហើមទំនងជាឈានដល់កម្រិតកំពូលក្នុងរដូវរងា។ ជំងឺហាក់ដូចជាមិនសូវធ្ងន់ធ្ងរទេ ហើយបានឆ្លងរីករាលដាលក្នុងទំហំតូចជាងបើធៀបនឹងការរីករាលដាលឆ្នាំមុនៗ»។
ក្រសួងការបរទេសក៏បានធានាថា ប្រទេសចិននៅតែមានសុវត្ថិភាព សម្រាប់ជនបរទេសក្នុងការធ្វើដំណើរមកកាន់ប្រទេសសេដ្ឋកិច្ចយក្សអាស៊ីមួយនេះ ដោយលោកស្រី Mao Ning បានលើកឡើងអំពីស្ថានភាពនេះ ដោយពន្យល់ថា ការឆ្លងជំងឺផ្លូវដង្ហើមជាធម្មតាកើនឡើងអំឡុងខែនៃរដូវរងា នៅភាគខាងជើងប្រទេសចិន។ ហើយទោះជាមានវីដេអូផ្សព្វផ្សាយលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលបង្ហាញពីបណ្តាមន្ទីរពេទ្យពោរពេញដោយមនុស្សច្រើន រួមទាំងអ្នកជំងឺដែលត្រូវបានអះអាងថាទំនងឆ្លងវីរុស HMPV ក៏ដោយ ក៏លោកស្រីបានធានាដល់សាធារណជនថា រដ្ឋាភិបាលចិនប្តេជ្ញាចំពោះសុខភាពប្រជាពលរដ្ឋចិន និងជនបរទេសមានសុវត្ថិភាពធ្វើដំណើរក្នុងប្រទេសចិន។
តើ HMPV គឺជាអ្វី? HMPV គឺជាវីរុសផ្លូវដង្ហើមបណ្តាលឱ្យមានរោគសញ្ញាស្រដៀងនឹងជំងឺផ្តាសាយធម្មតា និងគ្រុនផ្តាសាយធំ។ ខណៈពេលរោគសញ្ញានៃវីរុសបង្កឱ្យមានជំងឺផ្លូវដង្ហើមនេះជាធម្មតាស្រាល ប៉ុន្តែអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជា ជំងឺរលាកសួត ពិសេសចំពោះទារក មនុស្សចាស់ និងអ្នកមានប្រព័ន្ធការពាររាងកាយចុះខ្សោយ។ វីរុសនេះមិនមែនជារឿងថ្មីទេ ប៉ុន្តែទទួលបានការចាប់អារម្មណ៍ចំពេលមានការកើនឡើងករណីឆ្លង ពិសេសចំពោះកុមារអាយុក្រោម១៤ឆ្នាំ នៅភាគខាងជើងប្រទេសចិន។
តាមពិតទៅ HMPV ត្រូវបានកំណត់អត្តសញ្ញាណលើកដំបូងក្នុងឆ្នាំ ២០០១ ជាវីរុសឆ្លងរីករាលដាលតាមរយៈដំណក់ទឹកផ្លូវដង្ហើម ឬទំនាក់ទំនងផ្ទាល់នឹងអ្នកមានវីរុសនេះ។ ការឆ្លងត្រូវបានរកឃើញពីមុនក្នុងប្រទេសផ្សេងៗជាច្រើនផងដែរ។ រោគសញ្ញារបស់ HMPV រួមមាន ក្អក ក្តៅខ្លួន តឹងច្រមុះ និងអស់កម្លាំង ដោយមានរយៈពេលចាប់ពី ៣ ទៅ ៦ ថ្ងៃ។ HMPV មិនដូចកូវីដ-១៩ទេ ព្រោះមិនទាន់មានវ៉ាក់សាំង ឬការព្យាបាលជាក់លាក់ណាមួយនៅឡើយ ខណៈការព្យាបាលជាចម្បងពាក់ព័ន្ធនឹងការគ្រប់គ្រងរោគសញ្ញាតែប៉ុណ្ណោះ។
ករណីឆ្លង HMPV កើនឡើងក្នុងប្រទេសចិន ការកើនឡើងករណីឆ្លង កើតឡើងស្របពេលដែលអាកាសធាតុចុះត្រជាក់ ជាលក្ខខណ្ឌធម្មតាជំរុញឱ្យមានការរីករាលដាលនៃវីរុសផ្លូវដង្ហើម។ មន្ត្រីសុខាភិបាលចិនបានបញ្ជាក់ថា ការកើនឡើងនេះ គឺស្របតាមនិន្នាការនៃរដូវរងា។ រដ្ឋបាលគ្រប់គ្រង និងបង្ការជំងឺជាតិរបស់ចិន ថ្មីៗនេះបានរាយការណ៍ពីការកើនឡើងការឆ្លងវីរុសផ្លូវដង្ហើម រួមទាំង HMPV ក្នុងរដូវរងារ។
អង្គការសុខភាពពិភពលោក (WHO) នៅមិនទាន់បានដាក់ទង់ប្រកាសអាសន្នសុខភាពសកលចំពោះស្ថានភាពនេះនៅឡើយទេ ប៉ុន្តែការកើនឡើងករណីឆ្លងបានជំរុញឱ្យអាជ្ញាធរពង្រឹងប្រព័ន្ធត្រួតពិនិត្យសុខភាព។ ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា កម្មវិធីសាកល្បងមួយត្រូវបានចាប់ផ្តើម ដើម្បីតាមដានជំងឺរលាកសួតមិនស្គាល់ប្រភពដើម ដោយធានាឱ្យបណ្តាមន្ទីរពិសោធន៍ និងភ្នាក់ងារសុខភាពរាយការណ៍ និងគ្រប់គ្រងករណីឆ្លងកាន់តែមានប្រសិទ្ធភាព។
ស្របពេលទូរទស្សន៍ចិន CGTV បានចេញផ្សាយដោយដាក់ចំណងជើងថា «ប្រទេសចិនមើលឃើញការកើនឡើងការឆ្លងវីរុស HMPV ប៉ុន្តែមិនមែនជាវីរុសថ្មីនោះទេ»៕ ដកស្រង់ ៖ The Independent, Yahoo News, CNBC TV18 និង CGTV
ចែករំលែកព័តមាននេះ