រាជធានីភ្នំពេញ ៖ ចោរ២នាក់បានពួនសម្ងំនៅក្នុងគុម្ពោធព្រៃរបោះមួយកន្លែង ខណៈដែលយុវជនម្នាក់កំពុងអង្គុយលើម៉ូតូតាមផ្លូវពេលរាត្រីស្ងាត់រង់ចាំជួបសង្សារនៅហាងខារ៉ាអូខេមួយកន្លែង ស្រាប់តែក្រុមចោរខាងលើប្រដាប់ដោយមួកសុវត្ថិភាព និងកាំបិតប៉័ងតោចេញទៅធ្វើសកម្មភាពវា.យទម្លាក់ពីលើម៉ូតូ ។
បន្ទាប់មកដេញកា.ប់ថែមទៀត ប៉ុន្តែកា.ប់មិនត្រូវដោយយុវជនរងគ្រោះរត់គេចរួច ហើយចោរទាំងនោះក៏បានយកម៉ូតូបានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល ។ ប៉ុន្តែរយៈពេល១០ម៉ោង ក្រោយមកកម្លាំងនគរបាលខណ្ឌដង្កោ ធ្វើការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា និងបើកប្រតិបត្តិឃាត់ខ្លួន ខណៈនោះចោរបានរត់គេចខ្លួនចូលព្រៃមាត់ស្ទឹងព្រែកត្នោត ក៏ត្រូវនគរបាលដាក់កម្លាំងដេញតាមឡោមព័ទ្ធចាប់បាន២នាក់ ហើយម្នាក់ទៀតរត់រួច ។
ការឃាត់ខ្លួននោះបានធ្វើឡើង កាលពីវេលាម៉ោង៤និង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ នៅក្នុងព្រៃមាត់ស្ទឹងព្រែកត្នោត ស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចោរប្លន់ម្នាក់ឈ្មោះ អុល ប្រុសកា ហៅ ខ្មៅ អាយុ២៥ឆ្នាំ ជនជាតិខ្មែរ និងម្នាក់ទៀតឈ្មោះ លុច រ័ត្ន អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្នុងភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោជាមួយគ្នា និងមានសារធាតុញៀ.នក្នុងខ្លួនទាំង២នាក់ផងដែរ ។
ខណៈនោះ នគរបាលក៏ដកហូតបានដាវកែច្នៃប្រវែង៦២សង់ទីម៉ែត្រ ០១ដើម ,ម្សៅក្រាមពណ៌សថ្លាចំនួន០២ថង់តូច ,ម៉ូតូម៉ាកហុងដាគុបចង្កៀងជ្រុង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ គ-7596ភព១ មួយគ្រឿង (ម៉ូតូចាស់) ។
ដោយឡែក យុវជនរងគ្រោះឈ្មោះ ផេង វុទ្ធី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិអំពិលទឹក ឃុំសំបូរមាស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។ បាត់បង់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1KD-9094 ។
នគរបាលបានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង១២និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៥ យុវជនរងគ្រោះបានជិះម៉ូតូចេញពីម្ដុំស្ពានម៉ាឡេ ស្ថិតនៅក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទៅឈប់នៅត្រង់ចំណុចមុខដីឡូតិ៍គ្មានលេខ ស្ថិតនៅតាមផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិអន្លង់គង សង្កាត់ព្រៃស ខណ្ឌដង្កោ ។
ពេលទៅដល់បានអង្គុយលើម៉ូតូរង់ចាំជួបសង្សារដែលធ្វើការខារ៉ាអូខេ ពេលនោះស្រាប់តែចោរប្លន់០២នាក់ ក្នុងនោះម្នាក់កាន់មួកសុវត្ថិភាព និងម្នាក់ទៀតកា.ន់កាំបិតបុ័ងតោង ដើរចេញពីគុម្ពព្រៃនៅក្បែរផ្លូវ៥០ម៉ែត្រសំដៅទៅរកជនរងគ្រោះ ។
នគរបាលបានប្រាប់ឲ្យដឹងបន្តថា បន្ទាប់មកបានធ្វើសកម្មភាពយកមួកសុវត្ថិភាពវា.យក្បាលយុវជនរងគ្រោះពីក្រោយបណ្ដាលឲ្យធ្លាក់ពីលើម៉ូតូ រួចដេញកា.ប់ថែមទៀត ប៉ុន្តែយុវជនរងគ្រោះរត់រួច និងរត់ចោលម៉ូតូដោយមិនបានដកកូនសោម៉ូតូទៅជាមួយឡើយ និងបានស្រែកថា ចោរៗដែរ តែពុំមាននរណាជួយនោះទេ ។
ខណៈនោះជនសង្ស័យក៏បានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនចូលទៅក្នុងទីលានចាក់សំរាមបាត់ស្រមោល ហើយក្រោយពេលកើតហេតុយុវជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃស ដើម្បីឲ្យជួយធ្វើការស្រាវជ្រាវ ។
នគរបាលខាងលើបានប្រាប់បន្ថែមទៀតថា ក្រោយទទួលបានបណ្ដឹងនោះហើយ កម្លាំងនគរបាលខណ្ឌដង្កោក្រោមបញ្ជា និងដឹកនាំដោយលោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌ និងលោកវរសេនីយ៍ទោជាង ហុកសែ អធិការងផ្នែកព្រហ្មទណ្ឌខណ្ឌ បានបើកការស្រាវជ្រាវរហូតកំណត់បានមុខសញ្ញា ។
លុះដល់វេលាម៉ោង៤និង៣០នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក៏បានចេញប្រតិបត្តិការបង្ក្រាប ពេលនោះក្រុមចោរបានព្យាយាមរត់គេចខ្លួនចូលទៅក្នុងព្រៃមាត់ស្ទឹងព្រែកត្នោ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ។ ក៏ត្រូវបានកម្លាំងនគរបានខណ្ឌដង្កោ រួម និងនគរបាលប៉ុស្តិ៍មួយចំនួនទៀតបានដេញតាម និងចេញពួនស្ទាក់រុករករហូតឃាត់ខ្លួនបាន២នាក់ ចំណែកបក្សពួកម្នាក់ទៀតគេចខ្លួនបាត់ ។
នគរបាលដដែលបាននិយាយទៀតថា ក្រុមចោរខាងលើជិះម៉ូតូកញ្ចាស់១គ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ផ្លាកលេខ គ7596ភព1 ដើរធ្វើសកម្មភាពលួច និងប្លន់ ហើយពេលប្លន់បានក៏យកម៉ូតូនោះទៅលាក់ទុករួចជិះម៉ូតូដែលប្ល.ន់បានទៅលក់ ។
ដោយឡែក ពេលនេះ បន្ទាប់ពីឃាត់ខ្លួនកម្លាំនគរបាលបាននាំទៅយកម៉ូតូគុបជ្រុងនោះដែលពួកនេះលាក់ទុកនៅក្នុងព្រៃមួយកន្លែងនៅជិតភូមិអន្លង់គង និងកន្លែងលាក់ដាវមួយទៀតនៅក្នុងព្រៃជិតភូមិបាគូសង្កាត់ដង្កោ ។
ក្រៅពីនេះដកហូតបានក្រាមពណ៌សថ្លា ចំនួន០២ថង់តូចផងដែរ ហើយក្រោយពេលសាកសួរចោរខាងលើបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្ល.ន់យកម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ។
បន្ទាប់មកបានយកទៅលក់ឲ្យអ្នកទិញមិនស្គាល់ឈ្មោះ ភេទប្រុស ម្នាក់ អាយុប្រមាណ៤៨ឆ្នាំ នៅម្តុំខណ្ឌទួលគោក រាជធានីភ្នំពេញ ក្នុងតម្លៃ២០០ដុល្លារ (ពីររយដុល្លារអាមេរិក) មិនតែប៉ុណ្ណោះពួកខ្លួនធ្លាប់បានធ្វើសកម្មភាពប្លន់២លើករួចមកហើយ ៕
ចែករំលែកព័តមាននេះ