រាជធានីភ្នំពេញ ៖ មន្ទីរពិសោធន៍ DNA នៃអគ្គស្នងការដ្ឋាននគរបាលជាតិដែលជាមធ្យោបាយសំខាន់មួយក្នុងការបំបែកសំណុំរឿងត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ។ មន្ទីរពិសោធន៍ DNA ដំបូងគេរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងថា មន្ទីរពិសោធន៍ DNAនេះ ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការស្អិតរមួតរវាងនាយកដ្ឋាន នគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងដោយទទួលបានការគាំទ្រពីមជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង»។
ឯកឧត្តមបានលើកឡើងថា មន្ទីរពិសោធន៍ DNA នេះ មានតួនាទីយ៉ាងសំខាន់ដែលជួយដល់ការងារជាច្រើនដូចជា៖ ជួយកំណត់ ឬបញ្ជាក់អត្តសញ្ញាណរបស់ជនល្មើស និងជនរងគ្រោះ, បញ្ជាក់ការទំនាក់ទំនងរវាងជនល្មើស និងទីកន្លែងកើតហេតុ,ជួយកំណត់ការទំនាក់ទំនងសាច់ញាតិ ឬឪពុកម្តាយបង្កើត,ជួយពន្លឿនក្នុងការស៊ើបអង្កេតចំពោះបទល្មើ សព្រហ្មទណ្ឌ,កំណត់ភស្តុតាងជាលក្ខណៈវិទ្យាសាស្ត្រសម្រាប់វិស័យយុត្តិធម៌, ជួយសម្រួលក្នុងការកាត់បន្ថយការចោទប្រកាន់ដែលគ្មានភស្តុតាងដាក់បន្ទុកនិង ជួយសម្រួលដល់ការសម្រេចសេចក្ដីរបស់ស្ថាប័នតុលាការជាដើម។
ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានស្នើឲ្យមានការគាំទ្របន្តទៀត ពីសំណាក់មជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» ដើម្បីលើកកម្ពស់សមត្ថភាពជំនាញក្នុងការធ្វើកោសល្យវិច្ច័យ បម្រើឲ្យការ ងារស្រាវជ្រាវ និងបង្ក្រាបបទល្មើស។
ចំពោះនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំនូវកិច្ចការ សំខាន់ៗមួយចំនួន ដូចខាងក្រោម៖ ទី១. បន្តចុះត្រួតពិនិត្យការអនុវត្តការងារជំនាញរបស់ការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្ត្រ នៅតាមបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត រៀងរាល់៦ខែម្តង។ ទី២. បន្តបណ្តុះបណ្តាលជំនាញ DNA ដល់មន្ត្រីជំនាញនៃនាយកដ្ឋាន និងមន្ត្រីនៃស្នង ការដ្ឋាននគរបាលរាជធានី-ខេត្ត ស្របតាមកម្មវិធីរបស់នាយកដ្ឋាន ឬតាមសំណើ សំណូមពរ របស់ស្នងការដ្ឋាន។
ទី៣. បន្តការសហការជាមួយការិយាល័យសម្របសម្រួលការអនុវត្តច្បាប់កម្ពុជា-ចិន និងម ជ្ឈមណ្ឌលសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់ «មេគង្គ-ឡានឆាង» រៀបចំកម្មវិធីបណ្តុះបណ្តាលមុខជំនាញ DNA និងអភិវឌ្ឍមន្ទីរពិសោធន៍ DNA របស់អគ្គស្នង ការដ្ឋាននគរបាលជាតិ កាន់តែរីកចម្រើនឡើងថែមទៀត។ទី៤. រៀបចំកសាងឃ្លាំងផ្ទុកទិន្នន័យ DNA (DNA Database) ឲ្យបានស្របតាមនិយាម និងត្រូវធានាឲ្យបាននូវសុវត្ថិភាពក្នុងកា ររក្សាទុកទិន្នន័យ DNA។
ទី៥. រួមគ្នាថែរក្សាមន្ទីរពិសោធន៍ DNA និងឧបករណ៍ សម្ភារជំនាញ ឲ្យបានគត់មត់ ទុកជាឧត្តមប្រយោជន៍ បម្រើការងារកោសល្យវិច្ច័យ។ ទី៦.ត្រូវចូលរួមសហការគ្រប់ ករណីបទល្មើសព្រហ្មទណ្ឌ ដើម្បីប្រមូលភស្តុតាងកំណត់អត្តសញ្ញាណជនសង្ស័យ បម្រើឲ្យការងារស្រាវជ្រាវស៊ើបអង្កេត និងបង្ក្រាបឲ្យដល់ឫសគល់៕
ចែករំលែកព័តមាននេះ