ខេត្តសៀមរាប ៖ តាមប្រសាសន៍របស់លោកលី វណ្ណៈ នាយករដ្ឋបាលខេត្តសៀមរាប និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បានឱ្យដឹងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤ ថា «ខ្លោងទ្វារមុខវត្តព្រះ ព្រហ្មរ័ត្ន» ដែលត្រូវបានរងការប្រះស្រាំ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយឡានមួយគ្រឿងដែលជិះដោយជនបរទេសប្រុសស្រីចំនួន៣នាក់ បើកបរក្នុងល្បឿនលឿនបុកយ៉ាងពេញទំហឹង បណ្តាលឱ្យខូចខាតនោះ ត្រូវបានរដ្ឋបាលខេត្តសៀមរាបមានការព្រួយបារម្ភពីសុវត្ថិភាពប្រជាពលរដ្ឋ ដែលធ្វើដំណើរឆ្លងកាត់ទៅមកលើស្ពាននេះ និងដោយមានការបញ្ហាផ្ទាល់ពីលោកប្រាក់ សោភ័ណ អភិបាលខេត្ត បានសម្រេចឱ្យមន្ត្រីក្រោមឱវាទយកគ្រឿងចក្រមកធ្វើការរុះរើជាបន្ទាន់ និងរៀបចំកសាងសារជាថ្មីឡើងវិញ នូវសោភ័ណភាពដូចមុន។
សូមបញ្ជាក់ថា ការរៀបចំសាងសង់ជាថ្មីឡើងវិញ បានធ្វើនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ ២០២៤ នេះ បន្ទាប់ពីរថយន្តមួយគ្រឿងដែលជិះដោយជនបរទេសមួយក្រុម បានបើករថយន្ត ខ្វះការប្រុងប្រយ័ត្ន ទៅបុកខ្លោងទ្វារ មុខវត្តព្រះព្រហ្មរ័ត្ន បណ្តាលឱ្យខូចខាតយ៉ាងដំណំ នោះកាលពីយប់អាធ្រាត្រថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង១២និង៤៥នាទី ស្ថិតនៅក្នុងភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លើផ្លូវវិថីពោធិ៍កំបោរ ។
បើតាមប្រភពពីសមត្ថកិច្ច បានប្រាប់ភ្នាក់ងារកោះសន្តិភាព កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នោះ ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តរបស់ជនបរទេសមួយក្រុមមានគ្នាប្រុសស្រី៣នាក់ បាន បើករថយន្តក្នុងស្ថានភាពស្រវឹង ស្រា ហើយជ្រុលទីបុកក្លោងទ្វារ មុខវត្តព្រះព្រហ្មរ័ត្ន រួចបានបញ្ចប់សងសំណង ទៅឱ្យចៅអធិការវត្ត ព្រះព្រហ្មរ័ត្ន នូវទឹកប្រាក់ចំនួន៨០០០ដុល្លារគត់ ដើម្បី បញ្ចប់រឿង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី២៤ ខែធ្នូឆ្នាំ២០២៤ នោះ ។
សូមរំលឹកឡើងវិញថា កម្លាំងការិយាល័យនគរបាលជំនាញបានប្រាប់ភ្នាក់ងារកោះសន្តិភាព នៅរសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ឱ្យដឹងថា ខ្លោងទ្វារវត្តព្រះព្រហ្មរ័ត្ន ត្រូវបានរថយន្តមួយគ្រឿងដែលជិះដោយជនបរទេសប្រុសស្រី៣នាក់ បានបើកបរក្នុងស្ថានភាពស្រវឹងនិងប្រើប្រាស់ល្បឿនយ៉ាងលឿនអស់ដៃខ្វះការប្រុងប្រយ័ត្នបានរេចង្កូតទៅបុកខ្លោងទ្វារស្ពានចូលវត្តព្រះព្រហ្មរ័ត្ន ក្នុងទិសដៅពីជើងទៅត្បូងពេញកម្លាំងលាន់ឮដូចរន្ទះខែប្រាំង បង្កឱ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលរាត្រីរំលងអធ្រាត្រ ។
ហេតុការណ៍រថយន្តបុកខ្លោងទ្វារស្ពានថ្មចូលវត្តនេះបានកើតឡើងនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤ វេលាម៉ោង០០និង៤៥នាទីកណ្តាលអធ្រាត្រ ត្រង់ចំណុចមុខវត្តព្រះព្រហ្មរ័ត្ន ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប លើវិថីពោធិ៍កំបោរ ។
សមត្ថកិច្ចបានបន្តថា រថយន្តដែលបុកខ្លោងទ្វារស្ពានចូលវត្តព្រះព្រហ្មរ័ត្ននោះម៉ាក Hongqi HS5 ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2CA -5186 អ្នកជិះនៅក្នុងរថយន្តនេះមានគ្នាចំនួន៣នាក់៖
១-ឈ្មោះ WANG NANJIE ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន ។ ២-ឈ្មោះ PHAN THI NGOC.HAN ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ។ និង៣-ឈ្មោះ LUO LITAO ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិចិន ។
សមត្ថកិច្ចបានបន្តឱ្យដឹងទៀតថា គ្រោះថ្នាក់នេះ បណ្តាលឱ្យអ្នកជិះនៅក្នុងរថយន្តទាំងបីនាក់របួសព្រលឹងចុងសក់គ្រាន់តែមិនសន្លប់ធំតែប៉ុណ្ណោះ ។ ចំណែករថយន្តរងការខូចខាតធ្ងន់ខ្ទេចមុខមើលមិនយល់ និងខ្លោងទ្វារស្ពានថ្មវត្តព្រះព្រហ្មរ័ត្នដ៏រឹងមាំ ក៏ខូចខាតធ្ងន់ដោយប្រះស្រាំ ។
ព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន និងតំណាងឱ្យជនបង្ក ដែលបើករថយន្តបុកខ្លោងទ្វារស្ពានចូលវត្តព្រះព្រហ្មរ័ត្ន បណ្តាលឱ្យខូចខាតនោះ ត្រូវបានសម្របសម្រួលចេញសងថ្លៃខូចខាតចំនួន ៨០០០ដុល្លារ ដើម្បីបញ្ចប់រឿង នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប នារសៀលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ។
ខ្លោងទ្វារស្ពានចូលវត្តព្រះព្រហ្មរ័ត្ននេះ បានកសាងឡើងកាលពីឆ្នាំ១៩៩៨ គឺមានអាយុ១៦ឆ្នាំហើយ ៕
















ចែករំលែកព័តមាននេះ