ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវកម្មអនឡាញ បានសម្លា.ប់ហាងលក់ទំនិញជាច្រើននៅកណ្តាលទីក្រុងហាណូយ

17 ម៉ោង មុន

ប្រទេសវៀតណាម ៖ យោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ហាងលក់ទំនិញជាច្រើននៅកណ្តាលទីក្រុងហាណូយ កំពុងត្រូវបានទុក…

ប្រទេសវៀតណាម ៖ យោងតាមប្រភពពីសារព័ត៌មានវៀតណាម VnExpress កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ហាងលក់ទំនិញជាច្រើននៅកណ្តាលទីក្រុងហាណូយ កំពុងត្រូវបានទុក ចោលគ្មានអ្នកជួល និងខ្លះទៀតបានបិទទ្វារ ខណៈដែលម្ចាស់ហាងកំពុងតស៊ូរក្សាអាជីវកម្មពួកគេឱ្យនៅដដែល ចំពេលមានការកើនឡើង នៃពាណិជ្ជកម្មអេឡិចត្រូនិក ឬអាជីវកម្មអនឡាញ។

អាជីវករម្នាក់នៅទីក្រុងហាណូយ កាលពីថ្មីៗនេះ បានបិទហាងលក់សំលៀកបំពាក់ទំហំ ៧០ម៉ែត្រការ៉េរបស់ខ្លួន ស្ថិតនៅសង្កាត់ Cau Giay បន្ទាប់ពីបានបិទហាងអស់ពីររួចទៅហើយ កាលពីដើមឆ្នាំនេះ។ ប្រាក់ចំណូលពីហាងទាំងបីរបស់នាង ធ្លាប់ទទួលបានសមល្មមសម្រាប់បង់ថ្លៃជួល ប៉ុន្តែដោយសារការលក់ធ្លាក់ចុះនៅឆ្នាំនេះ នាងមិនអាចបន្តកិច្ចសន្យាជួលបានតទៅទៀតទេ។ នាងកំពុងតែស្វែងរកទីតាំងហាងថ្មីតូចល្មម មិនស្ថិតនៅជាប់ផ្លូវធំ ដូច្នេះនាងអាចផ្តោតលើការលក់តាមអនឡាញវិញ។

ផ្លូវនៅកណ្តាលទីក្រុងហាណូយ ដែលធ្លាប់មានភាពអ៊ូអរដោយហាងលក់សំលៀកបំពាក់ និងភោជនីយដ្ឋាន ឥឡូវនេះសង្កេតឃើញស្ងាត់ជ្រងំ ហាងមានតែអ្នកលក់ គ្មានអ្នកទិញ ហាងខ្លះបានបិទទ្វាររួចហើយ ជាមួយផ្ទះ និងអគារទំនេរគ្មានអ្នកជួលជាច្រើនផ្សេងទៀត ខណៈដែលម្ចាស់អគារកំពុងតស៊ូស្វែងរកអ្នកជួលអស់ជាច្រើនខែមកហើយ។

ហាងជាង ៤០ ត្រូវបានបិទទ្វារនៅលើផ្លូវ Kim Ma ជាផ្លូវដ៏ល្បីល្បាញ សម្រាប់ហាងលក់សំលៀកបំពាក់ និងភោជនីយដ្ឋានជាច្រើន។ ទិដ្ឋភាពស្រដៀងគ្នានេះត្រូវបានឃើញនៅលើផ្លូវ Nguyen Thai Hoc ដែលនៅក្បែរនោះ។ លោក Duc Huy ឈ្មួញកណ្តាលអចលនទ្រព្យមានបទពិសោធន៍ប្រាំឆ្នាំ បានលើកឡើងថា ចំនួនផ្ទះជួលលក់ទំនិញដែលឆ្លងកាត់ដៃលោកបានកើនឡើងពី ១៥ ទៅ ២០% បើធៀបនឹងឆ្នាំមុន។ លោកថា «ផ្ទះកម្ពស់៥ជាន់នៅលើផ្លូវ Kim Ma ទំនេរគ្មានអ្នកជួលតាំងពីខែសីហាមកម្ល៉េះ បើទោះបីជាតម្លៃជួលបានធ្លាក់ចុះ ១០% ធៀបនឹងពីរឆ្នាំមុន មកនៅត្រឹម ១,៩៦០ដុល្លារអាមេរិកក្នុងមួយខែក៏ដោយ។ កាលពីប៉ុន្មានឆ្នាំមុន ម្ចាស់ផ្ទះបានទារថ្លៃជួលខ្ពស់ ហើយនៅតែមានអ្នកជួលជាច្រើនសុខចិត្តបង់។ ប៉ុន្តែពេលនេះលែងឃើញរឿងបែបនេះទៀតហើយ»។

លោក Nguyen Chi Thanh អនុប្រធានសមាគមអ្នកអចលនវត្ថុវៀតណាម បានមានប្រសាសន៍ថា ផ្នែកអចលនទ្រព្យផ្ទះលក់ទំនិញកំពុងប្រឈមមុខនឹងបញ្ហាធំ ដោយសារអតិថិជនចូលចិត្តទិញទំនិញតាមផ្សារទំនើប ឬតាមអ៊ីនធឺណិត។ លោកថា អាជីវកម្មជាច្រើនឥឡូវនេះ កំពុងតែចំណាយដ៏ធំលើទីផ្សារអនឡាញ ដែលទាក់ទាញអ្នកប្រើប្រាស់កាន់តែច្រើន។ ជាមួយគ្នានោះ បណ្តាអ្នកវិភាគផ្សេងទៀតបានលើកឡើងថា បណ្តាហាងទំនិញក្នុងទីក្រុងហាណូយ ជារឿយៗគ្មានកន្លែងចតរថយន្តធំដុំនោះទេ បើធៀបនឹងផ្សារទំនើប។

លោក Dinh Minh Tuan នាយកអាជីវកម្មនៅវេទិកាចុះបញ្ជី Batdongsan បានថ្លែងថា ប្រាក់ចំណេញនៃការជួលផ្ទះបាននឹងកំពុងធ្លាក់ចុះ។ លោកបន្ថែមថា ម្ចាស់ផ្ទះគួរតែរំពឹងថានឹងទទួលបានប្រាក់ចំណេញជាមធ្យមប្រហែល ៣% ក្នុងមួយឆ្នាំ ដែលដូចគ្នាទៅនឹងឆ្នាំ ២០២១ ដែលជាប្រាក់ចំណេញទាបក្នុងទីផ្សារអចលនទ្រព្យសម្រាប់ជួល។

ការស្ទង់មតិរបស់សារព័ត៌មាន VnExpress លើអ្នកតាមដានអាជីវកម្មអនឡាញចំនួន ៥,៦០០នាក់ បានបង្ហាញថា ហាងទំនិញស្ថិតនៅចំណាត់ថ្នាក់តិចបំផុតក្នុងការទាក់ទាញការវិនិយោគនៅឆ្នាំនេះ។

ទោះបីជានៅពេលដែលសេដ្ឋកិច្ចងើបឡើងវិញក៏ដោយ ការផ្លាស់ប្តូរអាកប្បកិរិយាអ្នកប្រើប្រាស់នឹងនៅតែប៉ះពាល់ដល់តម្លៃរបស់ហាង ដោយសារជនជាតិវៀតណាមឥឡូវនេះចំណាយប្រហែល ១ ពាន់ លានដុល្លារក្នុងមួយខែ លើការទិញទំនិញតាមអនឡាញក ដូច្នេះអាជីវកម្មលែងត្រូវការហាងទំនិញថ្លៃៗ ដើម្បីផ្សព្វផ្សាយផលិតផលពួកគេទៀតហើយ៕ ប្រភព ៖ VnExpress

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ